31 C
Phnom Penh

ធនាគារ​ពិភព​លោក​មិន​​និយាយ​អំពី​ការបន្ដ​​ផ្ដល់​មូលនិធិ​របស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភព​លោក​ ​បដិសេធ​មិនលើក​ឡើង​ថា តើ​ខ្លួន​នឹង​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​ប្រទេស​កម្ពុជា​ទៀត​ ឬក៏​អត់​នោះ​ទេ​ ថ្វី​បើ​មន្ត្រី​ធនាគារ​ពិភព​លោក​ម្នាក់​​ បាន​ប្រាប់​អ្នក​តវ៉ា​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ កាល​ពី​សប្ដាហ៍​មុន​ថា ធនាគារ​ពិភព​លោក​គ្រោង​នឹង​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​ក្រោយ​ក្ដី​។

កាល​ពីខែសីហា​​ឆ្នាំ​២០១១លោក​ អេននីតេឌិកសុន (Annette Dixon) នាយក​​ធនាគារ​ពិភព​លោក​​ប្រចាំ​អាស៊ីអាគ្នេយ៍​ ​មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ប្រាក់​​កម្ចី​ថ្មី​ទៅ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​បាន​ផ្អាក​​ចាប់​តាំង​ពី​ខែ​ធ្នូឆ្នាំ​២០១០​មក​ម្លេ៉ះហើយ​នឹង​មិន​បន្ដ​ទៀត​ឡើយ រហូត​ទាល់​តែ​មាន​ការ​ឯកភាព​គ្នា​ជាមួយ​អ្នក​ភូមិ​សហគមន៍​បឹង​កក់​។

ការ​ផ្អាក​មូលនិធិនេះ​ ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពីមាន​​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​របស់​ក្រុម​ជំនាញ​ខាង​ផ្នែក​ត្រួត​ពិនិត្យ​នៃ​​ធនាគារ​ពិភព​លោកដែល​បាន​រក​ឃើញ​​ថាការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​របស់​រដ្ឋាភិបាល​ ដែល​ជា​គម្រោង​មួយ​ឧបត្ថម្ភ​ដោយ​ធនាគារ​ពិភព​លោក​ បាន​ធ្វើ​ឲ្យ​​​​អ្នក​ភូមិ​សហគមន៍​បឹង​កក់​បាត់​បង់​សិទ្ធិកាន់​កាប់​ដី​ធ្លី​របស់​ខ្លួន​ និង​​នាំ​​ឲ្យ​មាន​ការ​បណ្ដេញ​ចេញ​ទ្រង់​ទ្រាយ​ធំ​។

តំណាង​ចំនួន​ប្រាំពីរ​រូប​របស់​សហគមន៍​បឹង​កក់​ បាន​ជួប​ជាមួយ​លោក​ អាឡាស់សានេ​ សូ (Alassane Sow) អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោកកាលពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​លោក​បាន​​រាយ​ការណ៍​ថា លោក​បាន​ប្រាប់​អ្នក​តំណាង​ទាំង​នោះ​ថាធនាគារ​ពិភព​លោក​មាន​គម្រោង​ចាប់​ផ្ដើម​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​​ឲ្យ​ប្រទេស​កម្ពុជា​។

អ្នកស្រីទេពវន្នីតំណាង​សហគមន៍​បឹង​កក់​បាន​លើក​ឡើង​ថាសំណុំ​រឿង​នៅ​បឹងកក់​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ​ ហេតុ​ដូច្នេះហើយធនាគារ​ពិភព​លោក​​មិន​គួរ​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុរបស់​ខ្លួន​ទៅ​ឲ្យ​រដ្ឋា​ភិបាល​ឡើយ​។

អ្នកស្រី​បាន​និយាយ​​ថា “ យើង​នឹង​តវ៉ា​ប្រសិនបើ​ធនាគារ​ពិភព​លោក​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​រដ្ឋាភិបាល​ដោយ​ស្ងាត់​ៗ​នោះ​។ជំនួយ​ពី​ធនាគារ​ពិភព​លោក​បាន​បង្ខំ​ឲ្យ​គ្រួសារ​​ជា​ច្រើន​នៅ​សហគមន៍​បឹង​កក់ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សំបែងរបស់​ខ្លួន​”។

នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អំពី​កិច្ច​ប្រជុំ​ និង​ការ​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ធនាគារ​ពិភព​លោក​ លោក ​ប៊ូ សារឿន មន្ត្រី​ទំនាក់​ទំនង​របស់​ធនាគារ​ពិភព​លោក​ បាន​ប្រាប់​​ឲ្យ​អ្នក​យក​ព័ត៌មាន​​មើលព័ត៌មាន​នៅ​ក្នុង​​គេហទំព័ររបស់​ធនាគារ​ពិភព​លោក​ ដែល​លោក​បាន​លើក​ឡើង​ថា ព័ត៌មាន​នៅ​ក្នុង​គេហទំព័រ​នោះ​បង្ហាញ​ពី​គោល​ជំហរ​របស់​​ធនាគារ​ពិភព​លោក​។

នៅ​ក្នុង​មតិ​មួយ​ ដែល​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​ធនាគារ​ពិភព​លោក​ កាល​ពី​ថ្ងៃ​ទី​៧ខែ​ធ្នូប៉ាមេឡាខក (Pamela Cox) អនុប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​តំបន់អាស៊ីបូពា៌​ និង​​ប៉ាស៊ីហ្វិក​មិន​បាន​និយាយ​អ្វី​ពី​ការ​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​រដ្ឋាភិបាល​ឡើយ​ ប៉ុន្ដែ​បាន​មាន​ប្រសាសន៍​ថា ធនាគារ​ពិភព​លោក​អាច​ ត្រៀម​ខ្លួន​ជួយ​ជំរុញ​ និង​ប្រាប់​​ឲ្យ​​កម្ពុជា​​ប្រឹង​ប្រែង​សម្រេច​​ឲ្យ​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​របស់​ខ្លួន​។

តំណាង​សហគមន៍​បឹង​កក់​ ដែល​បាន​ជួប​ជាមួយ​លោក​ អាឡាស់សានេ​ សូកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​លើក​ឡើង​ថាអ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោក​បាន​ប្រាប់​ពួក​គេ​ថារដ្ឋាភិបាល​បាន​ផ្ដល់​ការ​ធានា​ដល់​ធនាគារ​ពិភព​លោក​ថា អ្នក​ភូមិ​សហ​គមន៍​បឹង​កក់​ទាំង​អស់​ ត្រូវ​បាន​​ផ្តល់​ប្រាក់សំណង​សម្រាប់​ការ​ណ្ដេញ​ចេញ​រួច​ហើយ​។

ប៉ុន្ដែអ្នក​ភូមិ​សហគមន៍​បឹង​កក់​ និង​អង្គការ​​សិទ្ធិ​មនុស្ស​​លើក​ឡើង​ថា អ្នក​ភូមិ​ប្រហែល​៦០​គ្រួសារ​ នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​ ឬក៏​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​នៅ​ឡើយ​ទេ​ នៅ​ក្នុង​ចំណោម​អ្នក​ភូមិ​ប្រហែល​៣.៥០០​គ្រួសារ ​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ដោយ​​បង្ខំ​ពី​បឹង​កក់​ ដើម្បី​បើក​ផ្លូវ​សម្រាប់​ក្រុមហ៊៊ុន​សំណង់​មួយ​ ដែល​គ្រប់​គ្រង​ដោយ​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​មក​ពី​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រីហ៊ុនសែន។

លោកដេវីដប្រេដ (David Pred)​ មន្ត្រី​គ្រប់​គ្រង​នៅ​អង្គការ​ Inclusive Developent International បាន​មាន​ប្រសាសន៍​​អំពី​​ការ​ឆ្លើយ​តប​មិន​ច្បាស់លាស់​ទាក់​ទិន​នឹង​ការ​បន្ដ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅ​ឲ្យ​រដ្ឋាភិបាល​របស់​ធនា​គារ​ពិភព​លោក​ថា “ រឿង​នេះ​មិន​​​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​ដី​ធ្លី​​​​ទាំង​មូល​​នោះ​ទេ​”។

លោក​បានមាន​ប្រសាសន៍​ថា “ ​វា​​ពាក់​ព័ន្ធ​នឹង​​គោល​នយោបាយ​គាំពារ​របស់​ធានា​គារ​​ពិភព​លោក ​និង​​កាតព្វ​កិច្ច​​​របស់​រដ្ឋា​ភិបាល​កម្ពុជា​​ក្នុង​ការ​​គោរពតាម​គោល​នយោ​បាយ​ទាំង​នេះ”។

លោកដេវីដប្រេដបាន​បន្ថែម​ថាលោកជីមយ៉ុងគីម (Jim Yong Kim)​ ដែលជាអ្នក​​ជំនួស​តំណែង​របស់​លោក​ រ៉ូបឺតហ្សូអេលិក​ (Robert Zoellick) កាល​ពី​ខែ​កក្កដាគួរ​តែ​បន្ដ​ជំហរ របស់​ធនាគារ​ពិភព​លោក មក​​លើ​ប្រទេស​កម្ពុជា​៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស