កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានបើកសវនាការជំនុំជម្រះរឿងក្តីរបស់លោកឧត្តមសេនីយ៍ឯក ឈឿន ចាន់ថន អតីតប្រធានកងអង្គរក្សរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទក្លែងបន្លំឯកសារនិងប្រើអាវុធខុសច្បាប់ កាលពីក្នុងខែកុម្ភៈ។
លោកចាន់ថនដែលកំពុងជាប់ពន្ធនាគារក្នុងតុលាការយោធារយៈពេល២៦ឆ្នាំពីបទលក់ទ្រព្យសម្បត្តិយោធាខុសច្បាប់នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ ពីបទរក្សាទុកអាវុធដោយខុសច្បាប់ និងប្រើអាវុធដោយគ្មានការអនុញ្ញាតត្រឹមត្រូវ ក៏ដូចជាបទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារក្លែងបន្លំ។
កាលពីម្សិលមិញ អតីតឧត្តមសេនីយ៍ឯករូបនេះ បានប្តឹងសាទុក្ខចំពោះការផ្តន្ទាទោសបទល្មើសរដ្ឋប្បវេណី ដោយលោកបានបដិសេធចំពោះការចោទប្រកាន់ទាំងអស់ ហើយបានសុំឲ្យសាលាឧទ្ធរណ៍លើកលែងទោស។
លោកបានប្រាប់តុលាការថា “ខ្ញុំមិនយល់ស្របចំពោះការចោទប្រកាន់ពីបទរក្សាទុកអាវុធខុសច្បាប់ទេ ពីព្រោះអាវុធទាំងអស់នោះជារបស់អង្គភាព ហើយខ្ញុំប្រើសម្រាប់បេសកកម្ម”។ លោកបានមានប្រសាសន៍ថា “ខ្ញុំទទួលស្គាល់ថាខ្ញុំបានបញ្ជាឲ្យប្រើអាវុធដោយគ្មានការអនុញ្ញាត”។ លោកបានពន្យល់ថា បើទោះជាលោកមិនបានអនុញ្ញាតជាផ្លូវការឲ្យប្រើអាវុធក៏ដោយ ក៏លោកគ្រាន់តែធ្វើតាមគំរូរបស់បុពា្វធិការីរបស់លោក ជាប្រធានកងអង្គរក្សរបស់លោកជាស៊ីម ដែរ។
នៅពេលចៅក្រមស៊ើបសួរពីមូលហេតុដែលនគរបាលសម្រុកចូលក្នុងផ្ទះរបស់លោក ចាន់ថន ហើយបានរកឃើញកាំភ្លើងជាច្រើនដើម និងគ្រាប់ចំនួន១.៤០០គ្រាប់ លោកចាន់ថន បានមានប្រសាសន៍ថា លោករក្សាទុកអាវុធនេះជាបណ្តោះអាសន្នក្នុងផ្ទះរបស់លោក គឺធ្វើតាមតែបញ្ជាពីលោកជាស៊ីមប៉ុណ្ណោះ។ លោកក៏ទទួលស្គាល់ផងដែរថា លោកបានលក់រថយន្តយោធា ប៉ុន្តែថាលោកបានទិញរថយន្តថ្មីឲ្យអង្គភាពវិញ។
ការផ្តន្ទាទោសប្រឆាំងនឹងលោកចាន់ថនកាលពីក្នុងខែកុម្ភៈ ធ្វើឡើងតែប៉ុន្មានខែ បន្ទាប់ពីសមាជិកបួននាក់នៅក្នុងអង្គភាពរបស់លោក ជា ស៊ីម ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទឆបោកប្រធានព្រឹទ្ធសភា ដើម្បីឲ្យចុះហត្ថលេខាលើកិច្ចសន្យារបស់រដ្ឋាភិបាលរបស់ក្រុមហ៊ុនបរទេសមួយមានទឹកប្រាក់រាប់លានដុល្លារ។
លោកពុធធាវី មេធាវីរបស់លោកចាន់ថនបានថ្លែងថា តុលាការទាំងពីរនេះ បានផ្តន្ទាទោសកូនក្តីរបស់លោក ដោយមិនបានស៊ើបអង្កេតឲ្យបានហ្មត់ចត់ឡើយ។ លោក ពុធ ធាវី បានអះអាងថា “ខ្ញុំសូមបដិសេធចំពោះការចោទប្រកាន់នេះ ហើយសុំឲ្យតុលាការលើកលែងការចោទប្រកាន់មកលើកូនក្តីខ្ញុំ។ ខ្ញុំសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌”។ លោក សេង ស៊ីវុត្ថា ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា សាលដីការបស់សាលាឧទ្ធរណ៍នឹងប្រកាសនៅថ្ងៃទី១៦ ខែមករា៕ប្រែសម្រួលដោយចេវប៊ុននី