សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ បានផ្តន្ទាទោសអ្នកស្រី ទឹម សាក់មុនីអាយុ៦៤ឆ្នាំដែលជាអ្នកភូមិមកពីសហគមន៍បុរីកីឡាពីបទចេញសេចក្តីប្រកាសក្លែងក្លាយ ប៉ុន្តែ បានសម្រេចដោះលែង បន្ទាប់ពីបានជាប់ពន្ធនាគារមួយរយៈ។
នៅថ្ងៃដដែលនេះ សវនាការជំនុំជម្រះអ្នកស្រី ទឹម សាក់មុនី ត្រូវបានធ្វើឡើងដោយគ្មានការពន្យល់ឲ្យបានច្បាស់លាស់ដូចថ្ងៃដែលបើកសវនាការជំនុំជម្រះក្តី អ្នកស្រី យ៉មបុប្ផាអ្នកតវ៉ាប្រឆាំងការបណ្តេញចេញមួយរូបដែលត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងផ្សេងមួយទៀតនោះឡើយ។
ការបង្ហាញខ្លួនរបស់ពួកគាត់ នៅក្នុងតុលាការបានធ្វើឲ្យមានអ្នកគាំទ្រជាច្រើនបន្ទាប់ពីបើកសវនាការ ដែលមានរយៈពេលប្រហែល៣ម៉ោងលោកគឹមដានីប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសថាអ្នកស្រីទឹម សាក់មុនី ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលមួយខែ ប៉ុន្តែ បានដោះលែងអ្នកស្រីត្រឹមពេលវេលា ដែលអ្នកស្រីបានចំណាយក្នុងពន្ធនាគារព្រៃស ចាប់តាំងពីការចាប់ខ្លួនអ្នកស្រី កាលពីខែកញ្ញាមក។
លោកចៅក្រម គឹម ដានី បានមានប្រសាសន៍ថា “ តុលាការបានសម្រេចថា ជនសង្ស័យត្រូវជាប់ពន្ធនាគារត្រឹមតែបួនខែប៉ុណ្ណោះ។
លោកព្រះរាជអាជ្ញា បានលើកឡើងថាអ្នកស្រី ទឹម សាក់មុនី ដែលបានទទួលប្រាក់សំណងពីក្រុមហ៊ុនផានអុីមុិច សម្រាប់ការបណ្តេញអ្នកស្រីចេញពីផ្ទះរបស់ខ្លួននៅក្នុងសហគមន៍បុរីកីឡាបានធ្វើសេចក្តីប្រកាសក្លែងក្លាយមួយដើម្បីទទួលបានផលប្រយោជន៍ផ្សេងទៀតពីក្រុមហ៊ុន។
យោងតាមក្រមព្រហ្មទណ្ឌបទចោទប្រកាន់អ្នកស្រី ទឹមសាក់មុនីត្រូវបានចែងថាជាការផ្តល់សេចក្តីប្រកាសក្លែងក្លាយទៅឲ្យស្ថានប័នសាធារណៈក្នុងគោលបំណងទទួលបានផលប្រយោជន៍ផ្សេងគឺការបង់ប្រាក់សំណងឬក៏ប្រយោជន៍មិនស្របតាមផ្លូវច្បាប់ណាមួយ។
អ្នកស្រី ទឹមសាក់មុនីបាននិយាយនៅពេលផ្តល់សក្ខីកម្មចំពោះមុខតុលាការថា”ខ្ញុំមិនដែលទាមទារផ្ទះលែ្វងសម្រាប់ខ្លួនខ្ញុំឡើយគឺខ្ញុំសុំតែសម្រាប់កូនប្រុសខ្ញុំប៉ុណ្ណោះ”។
លោកព្រះរាជអាជ្ញាមិនបានបង្ហាញភ័ស្តុតាងណាមួយចំពោះមុខតុលាការ ដែលថាអ្នកស្រីទឹមសាក់មុនីបានចេញសេចក្តីថ្លែងការណ៍ក្លែងក្លាយនោះឡើយប៉ុន្តែទំនងជាចាត់ទុកសកម្មភាពខុសឆ្គងរបស់អ្នកស្រីអំឡុងពេលតវ៉ាជំនួសឲ្យគ្រួសារ ដែលត្រូវបានបណ្តេញចេញដោយក្រុមហ៊ុនផានអុីមុិច។
លោកឡាំងគឹមសេងមេធាវីតំណាងក្រុមហ៊ុនផានអុីមុិចបានបង្ហាញតុលាការចំពោះរូបភាព ដែលអ្នកស្រី ទឹមសាក់មុនីបានតវ៉ាប្រឆាំងក្រុមហ៊ុន ហើយបានសួរថាតើហេតុអ្វីបានជាអ្នកស្រីចូលរួមពាក់ព័ន្ធក្នុងការតវ៉ាបន្ទាប់ពីអ្នកស្រីបានទទួលបានប្រាក់សំណងរួចហើយនោះ។
លោកអំសំអាត ប្រធានគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូបានស្វាគមន៍ចំពោះការដោះលែងអ្នកស្រី ទឹមសាក់មុនីប៉ុន្តែ បានសួរអំពីមូលហេតុនៃការចោទប្រកាន់អ្នកស្រី។
លោកបានមានប្រសាសន៍ថា”យើងនៅតែព្រួយបារម្ភថាតុលាការនឹងមិនលើកលែងការចោទប្រកាន់ឡើយ វាជាការគំរាមកំហែងចំពោះសកម្មជនដែលខំការពារសិទ្ធិមនុស្ស”។
នៅខាងក្រៅតុលាការ កាលពីម្សិលមិញ នគរបាលបានបិទកំណាត់មហាវិថីសាលឌឺហ្គោល ពេញមួយថ្ងៃរសៀល។នៅចុងភាគខាងជើងនៃកំណាត់ផ្លូវ ដែលបានបិទ អ្នកភូមិមកពីសហគមន៍បឹងកក់ និងសហមគន៍បុរីកីឡាព្រមទាំងអ្នកគាំទ្រផ្សេងទៀតបានមកប្រមូលផ្តុំគ្នាច្រៀងចំរៀងនិងជួនកាលបានប៉ះទង្គិចគ្នាជាមួយនគរបាលទៀតផង។
រីឯនៅចុងកំណាត់ផ្លូវម្ខាងទៀតគឺសមាជិកសមាគមន៍សហព័ន្ធអភិវឌ្ឍន៍កម្ពុជា ដែលធ្លាប់បានតវ៉ា នៅក្នុងរាជធានីភ្នំពេញគាំទ្រសកម្មភាពនៃការបណ្តេញចេញ។
នៅក្នុងសវនាការជំនុំជម្រះក្តីផ្សេងមួយទៀត របស់សាលាដំបូងរាជធានីភ្នំពេញអ្នកភូមិមកពីសហគមន៍បឹងកក់ និងអ្នកស្រី យ៉មបុប្ផាអាយុ២៩ឆ្នាំសកម្មជនការពារសិទ្ធិដីធ្លីជាយូរមកហើយ ក៏ត្រូវបានចាប់ខ្លួនក្នុងខែកញ្ញាដែរដោយពីបទចូលរួមពាក់ព័ន្ធក្នុងការវាយប្រហារទៅលើបុរសពីរនាក់។
លោកចៅក្រមសួសសំអាតបានមានប្រសាសន៍ថាសំណុំរឿងរបស់អ្នកស្រីយ៉មបុប្ផាដែលត្រូវបានបើកសវនការដំណាលគ្នាជាមួយប្តីរបស់អ្នកស្រីគឺលោកលួសសាខននិងប្អូនប្រុសពីរនាក់ទៀតរបស់អ្នកស្រីដែលត្រូវបានផ្តន្ទាទោសកំបាំងមុខនឹងបន្តនៅថ្ងៃនេះ។
លោកវ៉ាតថៃសេងអាយុ២៤ឆ្នាំជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់ នៅក្នុងសំណុំរឿងបង្ករបួសសា្នាមនេះបានប្រាប់តុលាការថាប្អូនប្រុសមា្នក់ក្នុងចំណោមប្អូនប្រុសទាំងពីរនាក់របស់អ្នកស្រី យ៉មបុប្ផា គឺយ៉មកានឡុង បានយកទួណឺវីសវាយក្បាលរបស់ខ្លួនចំនួនបួនដងហើយអ្នកស្រី យ៉មបុប្ផានិងលោកសាខនក៏បានចូលរួមក្នុងការវាយប្រហារនេះដែរ។
អ្នកស្រីយ៉មបុប្ផាបានប្រាប់តុលាការថា”ពេលដែលពួកគេបានវាយគ្នា ខ្ញុំមិនបានឃើញនោះទេ ហើយខ្ញុំក៏មិនដឹងថានរណាបានវាយប្រហារដែរ”។
រាយការបន្ថែមដោយ Simon Lewis)
ប្រែសម្រួលដោយស៊ាស៊ុយឈាង