34 C
Phnom Penh

សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញបញ្ចប់​​សវនា​ការជំនុំជម្រះមន្ត្រី​​ជាប់​ចោទ​​​ពី​បទ​​បំផ្លាញព្រៃ​លិច​ទឹក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​ឲ្យ​ដឹង​ថា កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំបូ​ង​​រាជ​ធានី​ភ្នំ​ពេញ​​បា​ន​បញ្ចប់​​​សវនា​ការ​​​​រឿ​ង​​ក្តី​​ប្រឆាំ​​ង​នឹង​​ជ​ន​សង្ស័​យ​​ចំ​នួន​​២៨​នាក់​ ​រួម​​ទាំ​ង​​​​អភិ​បា​ល​ស្រុក​មា្នក់​ និង​​មន្ត្រី​​ខេត្ត​​ជាន់​ខ្ពស់​​​មួ​យ​​ចំ​នួ​ន​ទៀត​ ដែល​ត្រូ​វបា​ន​ចោទ​​​ប្រកាន់​ថា​ បាន​ពាក់​ព័ន្ធ​ក្នុង​ការ​កាប់​ព្រៃ​​​លិច​ទឹក​ដោយ​ខុស​ច្បាប់​ក្នុង​តំ​បន់​កា​រពា​រ​​នៅ​ក្នុង​ស្រុក​ស្ទោង​ ខេត្ត​​កំ​ពង់​ធំ។

ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំ​ង​នោះ មា​ន​​លោក​ ព្រឹម ​រដ្ឋា ​អភិ​បាល​ស្រុ​ក​ស្ទោង​ លោកកន ចាន់​សី​ហា ​នាយ​ខណ្ឌ​រដ្ឋ​បា​ល​​ជល​ផល​​ក្នុង​​ស្រុ​ក​​ ​​និង​លោកជាតិ ​ស៊ី​វុត្ថាប្រធា​ន​មន្ទីរ​​ធន​​ធាន​ទឹក​ខេត្ត​ ព្រម​ទាំង​លោកពេញ ​ពូលមេឃុំ​ សំព្រោចស្រុក​ស្ទោង​ផង​ដែរ។

ប៉ុន្ដែ ក្នុ​ង​ចំ​ណោម​ជន​សង្ស័យ​​ទាំង​២៨​នាក់​ មា​ន​តែ​ជន​សង្ស័យ​ចំនួន​១៣នាក់​ប៉ុណ្ណោះ​បាន​​មក​ចូល​​រួម​​​សវ​នា​ការ​​ជំនុំ​ជម្រះ​​រយៈ​ពេល​​ពីរ​ថ្ងៃ ដែ​ល​បាន​ចា​ប់​ផ្តើម​កា​ល​​ពី​ថ្ងៃ​​អង្គារ​។លោក រដ្ឋា​ លោក ចាន់ សី​ហា  ​​និ​ង​លោក​ វណ្ណា​​រិទ្ធ ត្រូ​វ​បា​ន​​កាត់​​ទោស​​​ក​ំ​បាំង​មុខ​ ហើយ​មេធា​វីការ​ពារ​ពួកគេ​ក៏​គ្មាន​​វត្ត​មា​ន​ដែរ​។

លោក វ៉ា សក្កដា ព្រះ​​រាជ​​អា​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​​​​បា​ន​ប្រាប់​តុ​លា​កា​រ​​​ថា “ ពួ​ក​គេ​ទាំង​​​អស់​គ្នា ពិត​ជា​មាន​ចេតនា​​ប្រាកដ​ណាស់​ នៅ​​​ក្នុង​​ករណី​នេះ​”។ លោក​បា​ន​បន្ថែម​ថា ​ក្រុ​ម​មន្ត្រី​​បា​ន​អនុ​ញ្ញា​ត​ឲ្យ​​គេ​រានព្រៃ​​លិ​ច​ទឹក​​នៅ​ជុំ​វិញ​​បឹង​ទន្លេ​សាប​ ទោ​ះ​បី​​ជា​​ពួ​ក​គេ​​ដឹង​ថា ​វា​​ខុស​ច្បាប់​ក៏ដោ​យ។

​រឿង​ក្តី​នេះ​​កើត​ឡើង​បន្ទាប់​ពី​​កម្លាំង​កង​រាជ​​អា​វុធ​​ហត្ថ​​​​​រឹបអូស​បាន​​គ្រឿង​ចក្រ​ចំ​នួន​​៤៥គ្រឿង​​​នៅ​ក្បែរ​​បឹង​ទន្លេសាប​នៅ​ក្នុង​ខេត្ត​កំ​ពង់​ធំ​ កា​ល​ពី​​ខែ​​កក្កដា ​ដែល​ពួ​ក​គេ​ជឿ​​ថា កំ​ពុ​ង​ត្រូ​វ​បាន​ប្រើ​​ ដើម្បី​រាន​​ព្រៃ​លិច​ទឹក​​នៅ​ក្នុង​ឃុំ​សំ​ព្រោច ឃុំ​ម្សាក្រង​ ​និ​ង​ឃុំ​ចំណា​ក្រោម​ ​ស្រុក​ស្ទោង​ ខេត្តកំ​ពង់​ធំ​។

​​ហើយ​នៅ​ចុង​ខែ​ដដែល​នោះ ​​​អាជ្ញា​ធរ​បា​ន​​​ទទួល​​​ដី​កា​​ចាប់​ខ្លួន​​មនុស្ស​​​​ជាង​២០​នាក់​ដែល​អាជ្ញាធរ​បាន​​អះ​​អា​ង​ថា ​ពួ​កគេ​ម្នាក់​ៗ​បានជាប់​ពាក់​ព័ន្ធ​ក្នុង​​កា​រ​រាន​ដី​​​​ខុស​ច្បាប់​​។​​​ប៉ុន្មាន​​ខែ​ក្រោយ​មក​​ ជន​សង្ស័យ​​ទាំង​នេះ​ត្រូ​វ​បា​ន​ចាប់​ខ្លួន ​និង​​ចោទ​ប្រកាន់​។

ព្រៃ​លិច​ទឹក​ដែល​នៅ​ជាប់នឹង​បឹង​ទន្លេ​សាប​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​​ការ​ពារ​ត្រី​ ព្រោះ​ឫស​និង​មែក​របស់​វា​គឺ​ជា​ជម្រក​ត្រី​ពងអំឡុង​ពេល​​រដូវ​វស្សា។

នៅ​ក្នុង​តុលាការ កាល​ពី​ម្សិល​មិញ មន្ត្រី​ខ្លះ​ក្នុង​ចំណោម​មន្ត្រី​ដែល​ជា​ជន​សង្ស័យ​ទាំង​អស់​បាន​អះ​អាង​ថា ខ្លួន​គ្មាន​កំហុស​ និង​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ។

លោក ស៊ីវុត្ថា ប្រធាន​មន្ទីរ​​ធន​ធាន​ទឹក​ខេត្ត​កំពង់​ធំ​បាន​មានប្រសាសន៍​ថាលោក​មិន​បាន​ដឹង​ថា តំបន់​នេះជា​តំបន់​ការ​ពារ​នោះ​ទេ ​ហើយ​ថា ​លោក​រវល់​នឹង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ខ្លាំង​ណាស់​​នៅ​ពេល​នោះ ដូច្នេះ​លោក​​មិន​បាន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​កាប់​ព្រៃ​លិច​ទឹក​នោះ​ទេ។​

លោក​បាន​មានប្រសាសន៍ថា “ ខ្ញុំ​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​ថ្នាក់​ឃុំ​និង​ថ្នាក់​ស្រុក​ដែល​​ថា ប្រជា​ពលរដ្ឋ [មិន​អាច​កាប់​ព្រៃ​​] សាងសង់​អាង​ស្តុក​ទឹក​សម្រាប់​ធ្វើ​កសិ​កម្ម​​​នោះ​ទេ។ប្រសិន​បើ​ខ្ញុំ​បាន​ដឹងថា គេ​មិន​អនុ​ញ្ញាត​នោះ ខ្ញុំ​ប្រាកដ​ជា​ឃាត់​ពួកគេ​ហើយ”។

ជន​សង្ស័យ​ឈ្មោះ យុគ គឹម​ឡែន បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​​កាប់​ព្រៃ​​​​​នោះ​តាំង​ពី​មុន​ពេលរដ្ឋា​ភិបាល​ប្រកាស​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារមក​​ម៉្លេះ ហើយ​ក្រោយ​​មក​ក៏​បាន​សុំ​ការ​អនុញ្ញាតពី​អាជ្ញាធរ​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​ឲ្យ​ខុស​ពី​កន្លែង​ធ្វើ​កសិកម្ម​​​ ដើម្បី​ខ្លួន​អាច​បន្ដ​អាជីវ​កម្ម​ទៀត​បាន​។ អ្នក​ស្រីគឹម​ឡែនបាន​និយាយ​ថា“ ខ្ញុំ​បាន​សាង​សង់​អាងស្តុក​ទឹក​ពីរ ​​​[សម្រាប់​ធ្វើ​ស្រែ​] ​ក្នុង​ឆ្នាំ​២០០៨​ មុន​ពេល​រដ្ឋា​ភិបាល​ចេញ​អនុក្រឹត្យ​​ការ​ពារ​តំបន់​នេះ…។​នៅ​ក្នុង​ឆ្នាំ​២០១១ ខ្ញុំ​បាន​សុំ​​អាជ្ញាធរ​បឹង​ទន្លេ​សាបរួម​ទាំង​មន្ត្រី​ស្រុក​និង​ខេត្ត​ ដើម្បី​​រំកិល​ព្រំ​ប្រទល់​តំបន់​ការ​ពារ​នេះ​។ខ្ញុំ​បាន​និយាយជា​មួយ ឯក​ឧត្តម​ ច័ន្ទ យុត្ថា [អគ្គលេខាធិការ​អាជ្ញាធរ​បឹង​ទន្លេសាប​]”។

មេធាវី​ការ​ពារ​ជន​សង្ស័យ​បួន​នាក់​រួម​ទាំង​អ្នក​ស្រី​ គឹម​ឡែននិងលោកស៊ី​វុត្ថាផង​នោះ បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថាកូន​ក្ដី​របស់​លោកមិន​បាន​ដឹង​ថាតំបន់​នេះ​ជា​តំបន់​ការ​ពារ​នោះទេ។​ លោកបន្តថា “ ពួកគេ​​មិន​បាន​ដឹង​ថា តំបន់​នេះ​ត្រូវ​បាន​កា​ពារ​នោះ​ទេ”។ តុលាការ​នឹង​​ប្រកាស​សាល​ក្រម​​នៅ​ដើម​ខែ​មករា៕

ប្រែ​សម្រួល​ដោយហម​ សុផាណ្ណា​​

និង​ ចេវ ប៊ុននី​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស