30 C
Phnom Penh

ការស្រាវ​ជ្រាវ​រកឃើញ​ថា  បង​ប្អូន​ខ្មែរ​អីុស្លាម ក្នុងប្រទេសកម្ពុជា មិនប្រកាន់​និន្នា​ការរ៉ាឌី​កាល់​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បង​ប្អូន​ខ្មែរ​អីុស្លាមមិន​ទំនង​ជាទទូួល​យក​ទម្រង់​អីុស្លាមបែបសកម្មប្រយុទ្ធ ​ដែល​ជំរុញ​​ឲ្យ​ពួកគេ​ឈានទៅ​កាន់លទ្ធិ​រ៉ាឌី​កាល់ឡើយ​ ដោយ​សារតែ​បទ​ពិសោធ​របស់​ពួកគេ​ក្នុង​របប​ខ្មែរ​ក្រហម​ និងទំ​នាក់​ទំនង​ជិត​ស្និទ្ធ​របស់​ពួកគេ​ជាមួយប្រ​ជា​ពល​រដ្ឋ​ខ្មែរ។

នេះ​ជា​ការ​សន្និដ្ឋានក្នុង​​ការ​​ស្រាវ​ជ្រាវ​​ ដែលបានចំណាយពេលអស់បួន​ឆ្នាំ របស់លោក អេង កុកថាយ ហើយ​​ទើប​តែ​​បាន​បញ្ចប់បានការសរសេរ​និក្ខេប​បទនៅ​ខែ​នេះស្តីពី​សហ​គមន៍​ខ្មែរអុី​ស្លាម ដើម្បីបញ្ចប់​ថ្នាក់​បណ្ឌិត​របស់​លោក​​នៅ​សាកល​វិទ្យាល័យ​រ័ត​ជើស៍ (Rutgers University) ក្នុង​ទី​ក្រុង​ញូវ​ជើស៊ី  (New Jersey) សហ​រដ្ឋ​អាមេរិក។

ទោះ​បី​ជា​លោកកុក​ថាយដែល​បច្ចុប្ប​ន្នជា​អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​ឯក​សារ​កម្ពុជា​មិន​មែន​ជា​​ខ្មែរ​អីុស្លាម​ក្តី ក៏​លោក​ជឿថា ការ​ស្រាវ​ជ្រាវ​របស់​លោក​​នឹង​ផ្តល់​នូវ​ឱ​កាស​ថ្មី​មួយនៃ​ការ​យល់​ដឹង​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អីុស្លាម​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​លើក​ឡើងក្នុង​​បទ​សម្ភាស​មួយ​​​នៅ​សប្តាហ៍​នេះ​ថា​ “ មាន​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​តិច​ណាស់​ ឬខ្ញុំអាចនិយាយបានថា មាន​ពុទ្ធ​សា​សនិកខ្មែរតិចមែនទែនបាន​ស្រាវ​ជ្រាវពី​ជនជាតិ​ចាម​ ដោយ​សារតែ​គំនិត​រើស​អើង”​។

លោក​បាន​បន្ថែម​ថា “ការ​យល់​ដឹង​ឲ្យ​បានល្អិតល្អន់ និងការយល់ដឹងក្នុងចំណោម​សាធារណ​ជន​អំពី​ក្រុមនេះ​ មាន​តិច​តួច​ណាស់​ដូច្នេះ​មាន​ន័យ​ថា អ្នកមាន​ការរើស​អើង​ចំពោះ​ពួកគេ។​ដូច្នេះ​ការ​​ស្រាវ​ជ្រាវ​នេះ​ ខ្ញុំ​ប្រហែល​ជាអាច​រួម​​ចំណែក​ បង្កើនការ​យល់​ដឹង​បន្ថែម​ទៀត​ និង​កាត់​បន្ថយការ​រើស​អើងចំពោះ​​ពួកគេ”។

ការ​រើស​អើង​បែប​នេះក្នុង​ចំណោម​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ មានដូចជាសង្ស័យថា ​បង​ប្អូន​ខ្មែរ​អីុស្លាមមួយ​ចំនួន​​ចេះ​ធ្វើអំពើ​អាប​ធ្មប់។ ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ​ថា បង​ប្អូន​ខ្មែរ​អីុស្លាម​នៅ​ថ្ងៃ​ណា​មួយ​នឹង​ងាក​ទៅ​រក​ទម្រង់​អុីស្លាម​រ៉ាឌីកាល់។

នោះ​គឺ​ជា​មូល​ហេតុ​ដែលលោក កុកថាយបានសរសេរនិក្ខេបបទ​របស់​ខ្លួនដោយ​​ស្រាវ​ជ្រាវ​អំពី​ការ​ប្រែប្រួល​អត្តសញ្ញាណ​​របស​់​ក្រុម​នេះ គឺ “ពីសម័យ​ខ្មែរក្រហម ដល់ហាំ​បាលី​៖ អត្តសញ្ញាណ​ចាម​ក្នុង​​សម័យ​សាកល​ភាវូបនីយកម្ម​” ដែល​នឹងចេញ​ផ្សាយ​នៅ​ឆ្នាំក្រោយនេះ​។

លោក កុកថាយ បាន​មាន​ប្រសាសន៍​ថាមេខ្លោងភេរវករ​ជនជាតិឥណ្ឌូណេសុី​ឈ្មោះរីឌូអាន់អុីសាមូឌីន (Raduan Isamuddin)​​ ហៅ​ក្រៅ​ថា ហាំបាលី (Hambali) ជាមេដឹក​នាំ​ក្រុមអុីស្លាម​សកម្មប្រយុទ្ធ​​ របស់​ក្រុមបណ្តាញ​ភេរ​ឥណ្ឌូណេស៊ី​មួយ​ ដែល​មាន​ទំនាក់​ទំនង​នឹង​ក្រុមភេរវករពិភពលោក អាល់កៃដា (Al-qaida) ដែល​ទទួលខុស​ត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅកោះ​បាលី កាលពី​ឆ្នាំ​២០០២ហើយបាន​សម្ងំ​លាក់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាច្រើន​ខែ​ កាល​ពី​ចុង​ឆ្នាំ​២០០២និង​ដើម​ឆ្នាំ​២០០៣មុន​ពេល​ជន​នេះ​ ចេញ​ទៅ​កាន់ប្រទេស​ថៃ​ ហើយ​ត្រូវ​អាជ្ញាធរ​ថៃចាប់​ខ្លួន​បាន​​។

ឆ្នាំនោះ​សហគមន៍​ខ្មែរ​អុីស្លាម​ ត្រូវ​ស្ថិត​ក្រោម​ការឃ្លាំ​មើល​យ៉ាងតឹង​រ៉ឹង។ សាលា​រៀន​អុីស្លាម​ពីរ​កន្លែង​ ក្នុង​ខេត្ត​កណ្ដាល​ និង​ខេត្ត​កំពង់​ឆ្នាំ​ង​ត្រូវបានរដ្ឋា​ភិបាល​បង្ខំឲ្យបិទ​ទ្វារ​ ហើយ​អង្គការ​អ៊ំអាល់​គូរ៉ា​ ដែល​មាន​មូល​ដ្ឋាន​នៅក្នុង​ប្រទេស​​​អារ៉ាប៊ីសាអូឌីត ដែល​ជាអ្នកផ្ដល់​មូល​និធិ​ដល់​សាលា​រៀន​ទាំង​នេះ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​ ហើយ​​គ្រូ​បង្រៀនបរទេស​ក្នុងសាលា​ទាំងពីរ​នេះ​ត្រូវ​បានចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​។

ជនសង្ស័យឈ្មោះ ហាំបាលី នេះ ធ្លាប់​បាន​​ស្នាក់​នៅ​ក្នុងសាលារៀន​ក្នុង​ខេត្ត​កណ្ដាល​មួយ​រយៈ​ពេល​ខ្លី​។ ជន​ជាតិថៃអុីស្លាម​ពីរ​នាក់​ បង្រៀននៅក្នុង​សាលា​រៀន​នេះ ក្រោយមក​ត្រូវ​បាន​តុលាការចោទ​ប្រកាន់​ និង​ដាក់​ពន្ធ​នាគារ​ រួម​ជា​មួយ​បុរស​ខ្មែរ​អុីស្លាម​ម្នាក់​ទៀត​ពីបទ​រៀបចំ​ផែន​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ស្ថាន​ទូត​អង់គ្លេស និង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ក្នុងរាជ​ធានីភ្នំពេញ។

តែភ័ស្ដុតាង​ដាក់​បន្ទុក​លើ​ជនសង្ស័យ​ទាំង​បីនាក់​នេះមាន​ចំណុច​ខ្វះ​ខាត​ជាច្រើន​។នៅក្នុង​ការ​ស្រាវ​​ជ្រាវ​ លោកកុកថាយបាន​​សម្ភាស​បង​ប្អូន​ខ្មែរ​អុីស្លាម​ចំនួន​៨៥​នាក់​។លោកបាន​មាន​ប្រសាសន៍​ថា “ បង​ប្អូន​អុីស្លាម​គិត​ថា ពួក​គេ​មិន​បាន​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ទេ​ ហើយ​ទទួលរងភាព​អាម៉ាស់​ ដោយសារ​ជាប់​​ពាក់​ព័ន្ធ​នឹង​រឿងនេះ។ ពួក​គាត់​ក៏​គិត​ដែរ​ថា គ្មានភ័ស្ដុតាង​គ្រាប់​គ្រាន់​ ដើម្បី​ដាក់​បន្ទុក​​លើ​បង​ប្អូន​ខ្មែរ​-អុីស្លាម​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង​បី​នាក់​នេះទេ”។

លោក​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​សំខាន់​មួយ​ដែល​បង​ប្អូន​ខ្មែរ-អុីស្លាម​ទំនង​ជា​មិន​ធ្វើ​ឲ្យ​ខ្លួន​ក្លាយ​ជា​ពួករ៉ាឌីកាល់​នោះក៏​អាច​ដោយសារធ្លាប់ជួប​ស្ថានភាព​ដ៏​អាក្រក់​ក្នុង​របប​ខ្មែរ​ក្រហម​។

អំឡុង​របប​ខ្មែរក្រហមបង​ប្អូន​ខ្មែរ-អុីស្លាម​ត្រូវ​បាន​កាប់​សម្លាប់​ដោយ​សារ​តែ​ជំនឿ​សាសនា និង​វប្បធម៌​របស់ពួកគេ។ លោកកុកថាយ មានប្រសាសន៍​ថា ការ​រស់​នៅ​រួម​គ្នា​ក្នុង​សហករ​ជាមួយនឹង​​ពុទ្ធសាសនិកខ្មែរ​ បាន​នាំមកនូៈ​សាមគ្គីភាព​រវាង​សហគម​ទាំង​ពីរ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់​ពី​ខ្មែរ​របបក្រហ​មដួលរលំ បង​ប្អូន​ខ្មែរ​អុីស្លាម​​មាន​ទំនាក់​ទំនង​ជាមួយ​បង​ប្អូន​ខ្មែរ​កាន់តែ​ជិត​ស្និទ ដោយ​សារ​ពួកគេធ្លាប់​រង​ទុក្ខ​វេទនា​​​ដូចគ្នា​។ ក្នុង​របបខ្មែរ​ក្រហម​ បង​ប្អូន​ទាំងពីរ​មាន​ អត្តសញ្ញាណតែ​មួយបង​ប្អូន​ហូក​ចុក​រួម​គ្នា”។

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស