កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានផ្ដន្ទាទោសបុរសពីរនាក់ឡើងវិញឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល២០ឆ្នាំ ដែលមជ្ឈដ្ឋានទូទៅជឿថាត្រូវបានគេទម្លាក់កំហុសចំពោះការសម្លាប់លោកជាវិជ្ជាមេដឹកនាំសហជីពសេរីកម្មករ។ ប្អូនប្រុសជនរងគ្រោះលើកឡើងថាសាលក្រមនេះ ពិតជាអយុត្តិធម៌ណាស់។
សេចក្ដីសម្រេចដែលអន្ដរជាតិបានរិះគន់យ៉ាងខ្លាំងចំពោះការផ្ដន្ទាទោសពួកគេលើកដំបូង និងសេចក្ដីសម្រេចរបស់តុលាការកំពូល កាលពីឆ្នាំ២០០៨ដែលស្នើឲ្យសំណុំរឿងប្រឆាំងនឹងបុរសទាំងពីរនាក់នេះ ត្រូវផ្អាក និងត្រូវស៊ើបអង្កេតឡើងវិញ ដោយសារតែខ្វះភ័ស្ដុតាងនោះ គឺជាទីបញ្ចប់នៃការបើកសវនាការឡើងវិញនៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី៧ខែវិច្ឆិកា ប៉ុន្ដែ គ្មានភ័ស្ដុតាងថ្មីណាមួយត្រូវបានបង្ហាញនោះទេ។
ប៊ន សំណាង អាយុ៣១ឆ្នាំ និង សុខសំអឿនអាយុ៤៤ឆ្នាំបានស្រែកទ្រហោយំ នៅពេលគេនាំពួកគេទាំងពីរនាក់ ចេញពីបន្ទប់សវនាការ។ លោក ជួន ស៊ុនឡេងប្រធានក្រុមប្រឹក្សាជំនុំជម្រះបានផ្ដន្ទាទោស និងបង្គាប់ឲ្យគេចាប់ខ្លួនបុរសទាំងពីរនាក់នេះឡើងវិញ ពីបទបាញ់សម្លាប់លោក ជាវិជ្ជាខណៈលោកកំពុងអានកាសែតនៅខាងក្រៅវត្តលង្កា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមករាឆ្នាំ២០០៤។
លោកចៅក្រម ជួនស៊ុនឡេងបានមានប្រសាសន៍ទៅកាន់ប្អូនប្រុសរបស់មេដឹកនាំសហជីពសេរីកម្មករ ដែលត្រូវបានគេបាញ់ សម្លាប់រូបនេះថា “ តុលាការបានផ្ដន្ទាទោស ប៊នសំណាងនិង សុខសំអឿនឲ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំហើយបង្គាប់ឲ្យពួកគេសងជំងឺចិត្ត៤០លានរៀលទៅឲ្យលោកជាមុនី្ន”។ លោកបានបន្ដថា “ តុលាការបានចេញសេចក្ដីបង្គាប់ឲ្យឃុំខ្លួនប៊នសំណាងនិង សុខសំអឿនពីបទឃាតកម្មគ្រោងទុកជាមុន”។
បុរសទាំងពីរនាក់នេះបានលើកដៃសំពះនៅពេលគេនាំពួកគេទាំងពីរចេញពីតុលាការ និងនាំចូលទៅក្នុងរថយន្ដ ដែលកំពុងតែរង់ចាំ មុនពេលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស។ ប៊នសំណាងបានស្រែកទាំងទឹកភ្នែកថា “ វាពិតជាអយុត្តិធម៌ណាស់ ខ្ញុំទូលថ្វាយព្រះមហាក្សត្រឲ្យជួយខ្ញុំផង។ខ្ញុំមិនមែនជាឃាតករទេ ប៉ុន្ដែគេបានចាប់ខ្ញុំម្ដងទៀតហើយ”។
សុខសំអឿនក៏បានស្នើសុំឲ្យមានយុត្តិធម៌ដែរ ចំណែកប្រពន្ធរបស់គាត់ពកូនស្រីអាយុ២ឆ្នាំដើរយំនៅពីក្រោយគាត់។ សុខសំអឿនបានស្រែកយំថា “ វាពិតជាអយុត្តិធម៌ណាស់ ពីព្រោះខ្ញុំមិនបានដឹងអ្វីទាល់តែសោះអំពីរឿងនេះ”។ ប៉ុន្ដែ វាមិនដូចជាហេតុការណ៍នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលមិញ ដែលសកម្មជនមកពីសហគមន៍បឹងកក់ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំនោះ មនុស្សទាំងអស់ស្ងៀមស្ងាត់នៅក្នុងបរិវេណសាលាឧទ្ធរណ៍។ ក្នុងចំណោមមនុស្សមួយចំនួនដែលដើរចុះដើរឡើងនោះគឺលោកអំសំអាតអ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថាសាលក្រមនេះ គឺមិនអាចទទួលយកបាននោះទេ។
លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថាគេមិនអាចរកឃើញឃាតករពិតឃើញនោះទេ ពីព្រោះឃាតករក្លែងក្លាយឥឡូវនេះក្លាយជាមនុស្សជាប់ទោសទៅហើយ”។
កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០០៤ លោកហីុងធីរិទ្ធចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណុំរឿងប្រឆាំង ប៊នសំណាងនិង សុខសំអឿនដោយលើកឡើងថា ខ្វះភ័ស្ដុតាង។ ប៉ុន្ដែ លោកចៅក្រម ហ៊ីងធីរិទ្ធត្រូវបានដកចេញពីតំណែងប្រាំថ្ងៃក្រោយមក ហើយត្រូវបានផ្ទេរទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែងវិញ។
កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០០៤លោកធូ មណីចៅក្រមសាលាឧទ្ធរណ៍បានច្រានចោលសេចក្ដីសម្រេចរបស់ចៅក្រមហ៊ីងធីរិទ្ធ ហើយបានចេញដីកាបង្គាប់ឲ្យធ្វើការចោទប្រកាន់ពីបទធ្វើឃាតប្រឆាំង ប៊នសំណាងនិង សុខសំអឿន ឡើងវិញ។
ប៊នសំណាងនិង សុខសំអឿនត្រូវសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស កាលពីខែសីហាឆ្នាំ២០០៥ពីបទធ្វើឃាតលោកជាវិជ្ជា ឲ្យជាប់ពន្ធនាគារម្នាក់ៗ២០ឆ្នាំនៅក្នុងករណីប្រឌិតមួយ ដែលបង្កើតឡើងដោយការស៊ើបអង្កេតរបស់នគរបាល ដែលដឹកនាំដោយលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយមក លោក ហេង ពៅ ត្រូវបានដំឡើងឋានៈទៅជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណា លោក ហេង ពៅ បានទទួលរងការឈឺចាប់ ដោយសារតែបាត់បង់អំណាចរបស់ខ្លួន ព្រោះតែជាប់ពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ នៅក្នុងប្រទេសកម្ពុជាហើយឥឡូវនេះ កំពុងតែជាប់ពន្ធនាគាររយៈពេលជាង១០០ឆ្នាំ ពីបទប្រព្រឹត្តបទឧក្រិដ្ឋមួយចំនួន រួមទាំងការធ្វើឃាតចៅក្រមសាលាដំបូងរាជធានីភ្នំពេញម្នាក់ផងដែរ។
កាលពីខែសីហា ឆ្នាំ២០០៦ ទស្សនាវដ្ដី ឡិចប្រេស (L’Express) ប្រចាំសប្ដាហ៍របស់ប្រទេសបារាំង បានចេញផ្សាយបទសម្ភាសមួយជាមួយលោក ហេង ពៅ អំឡុងពេលលោកជាជនភៀសខ្លួនមួយរូបនៅប្រទេសសិង្ហបុរី ដោយពេលនោះលោកអះអាងថា លោក ហុក ឡងឌី អគ្គស្នងការនគរបាលជាតិបានចេញបទបញ្ជាឲ្យទម្លាក់កំហុសលើ ប៊ន សំណាង និង សុខ សំអឿន ថា ជាអ្នកធ្វើឃាតលោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករដែលនិយាយឥតសំចៃរូបនេះ។
ទស្សនាវដ្ដី ឡិចប្រេសបានដកស្រង់សម្ដីលោក ហេង ពៅ ថា “ សម្រាប់ខ្ញុំមិនចាំបាច់គិតយូរនោះទេ គឺជនសង្ស័យទាំងពីរ ប៊ន សំណាងនិង សុខ សំអឿន មិនជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្មនេះឡើយ”។ អំឡុងការបើកសវនាការជំនុំជម្រះឡើងវិញលើរឿងក្តីរបស់ ប៊ន សំណាង និង សុខ សំអឿន កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោក ហេងពៅ បានបដិសេធមិនផ្ដល់សក្ខីកម្មនោះទេ ដោយបានអះអាងថា ការកាន់សាសនាគ្រិស្ត បច្ចុប្បន្ន អំឡុងពេលលោកត្រូវឃុំខ្លួននៅពន្ធនាគារព្រៃសរារាំងមិនឲ្យធ្វើដូច្នេះទេ។
អំឡុងពេលបើកសវនាការជំនុំជម្រះក្ដីឡើងវិញនោះ ព្រះរាជអាជ្ញាសាលាឧទ្ធរណ៍មិនបានបង្ហាញភ័ស្ដុតាងថ្មីដើម្បីដាក់បន្ទុកបុរសទាំងពីរនាក់នេះឡើយ ហើយបានលើកឡើងថា ការស៊ើបអង្កេតលើកទី២ នៅក្នុងរឿងក្តីធ្វើឃាតនេះ គឺដូចទៅនឹងសេចក្ដីសន្និដ្ឋាន កាលពីលើកដំបូង ដែលថា បុរសទាំងពីរនាក់នេះជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋនេះ ទោះបីជាបុរសទាំងពីរនាក់នេះបដិសេធយ៉ាងដាច់ខាតថា ពួកគេបាននៅកន្លែងផ្សេងនៅពេលនោះក៏ដោយ។
លោក ជា មុន្នី ដែលត្រូវបានគេបោះឆ្នោតឲ្យធ្វើជាមេដឹកនាំសហជីពសេរីកម្មករ បន្ទាប់ពីបងប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់នោះ បានជំទាស់យ៉ាងដាច់អហ័ង្ការថា ការបើកសវនាការជំនុំជម្រះក្ដីឡើងវិញ កាលពីម្សិលមិញ គឺជាឆាកល្ខោន។
លោក ជា មុន្នី បានមានប្រសាសន៍ថា “ខ្ញុំនឹងមានវិប្បដិសារីចំពោះរឿងនេះ អស់មួយជីវិត ពីព្រោះខ្ញុំមិនទាន់ទទួលបានយុត្តិធម៌សម្រាប់បងប្រុសរបស់ខ្ញុំនៅឡើយទេ”។