កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី យ៉ម បុប្ផាសកម្មជនប្រឆាំងនឹងការបណ្តេញចេញនៅសហគមន៍បឹងកក់ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំចំពោះការជាប់ពាក់ព័ន្ធក្នុងការវាយដំបុរសពីរនាក់ ហើយសាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសសមាជិកគ្រួសាររបស់អ្នកស្រីបីនាក់ពីបទល្មើសដូចគ្នាផងដែរ។
ការសម្រេចរបស់តុលាការបានធ្វើឲ្យសកម្មជនជាមិត្តភក្តិផ្ទុះកំហឹងនៅខាងក្រៅតុលាការ និងមានការចំអកពីអង្គការសិទ្ធិមនុស្សដែលជឿថា ការផ្តន្ទាទោសនេះមានគោលបំណងបង្ក្រាបសកម្មជនប្រឆាំងនឹងការបណ្តេញចេញនិងអ្នកតវ៉ាទាមទារសិទ្ធិដីធ្លីដែលបានចំណាយពេលជាច្រើនឆ្នាំតវ៉ាប្រឆាំងចំពោះការបណ្តេញប្រជាពលរដ្ឋជាច្រើនគ្រួសារចេញពីដីក្នុងសហគមន៍បឹងកក់ដែលគ្រប់គ្រងដោយក្រុមហ៊ុនស៊ូកាគុអុីនជាក្រុមហ៊ុនមួយដែលលោកឡៅម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា មានភាគហ៊ុនដែរនោះ។
អ្នកស្រីយ៉មបុប្ផាអាយុ២៩ឆ្នាំត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ហើយត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ពន្ធនឹងការវាយដំអ្នករត់ម៉ូតូឌុប ឈ្មោះវ៉ាតថៃសេងនិងឈ្មោះ ង៉ែតចិត្តកាលពីថ្ងៃទី៧ខែសីហា។ប្តីរបស់អ្នកស្រីលោកលួសសាខនក៏ត្រូវបានចាប់ខ្លួនផងដែរ ប៉ុន្តែក្រោយមកបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
លោកចៅក្រមសួសសំអាតកាលពីម្សិលមិញបានផ្តន្ទាទោសអ្នកស្រី បុប្ផា ឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទបង្កអំពើហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។រីឯប្តីរបស់អ្នកស្រីត្រូវបានកាត់ឲ្យជាប់ទោស និងព្យួរទោសរយៈពេលបីឆ្នាំ ហើយប្អូនប្រុសរបស់អ្នកស្រីឈ្មោះ យ៉មកន្លង់និងឈ្មោះយ៉ម សិទ្ធ ក៏ត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលបីឆ្នាំផងដែរពីបទប្រើប្រាស់ពូថៅនិងទួណឺវីសវាយបុរសទាំងពីរនាក់នោះ។
លោកចៅក្រម សំអាត មានប្រសាសន៍ថា “ តុលាការបានបង្គាប់ឲ្យអ្នកស្រីយ៉មបុប្ផាលោកយ៉មកន្លង់និងលោកយ៉មសិទ្ធ សងជំងឺចិត្តចំនួន ៦០លានរៀលឲ្យទៅជនរងគ្រោះទាំងពីរនាក់ ហើយតុលាការបញ្ជាឲ្យចាប់ខ្លួននិងឃុំខ្លួនលោកយ៉មកន្លង់និងលោកយ៉មសិទ្ធ”។
លោក សំអាត បានបន្ថែមថា “ យោងតាមភ័ស្តុតាងនិងសាក្សីឲ្យដឹងថាចុងចោទទាំងបួននាក់នេះបានចេញមកជាមួយគ្នា ហើយបានវាយជនរងគ្រោះ។លោក លួស សាខន ក៏មានវត្តមាននៅកន្លែងកើតហេតុដែរ ប៉ុន្តែគាត់មិនបានវាយជនរងគ្រោះទេ”។
ដោយបង្ហាញពីហេតុផលចំពោះការសម្រេចរបស់តុលាការនេះលោកចៅក្រម សំអាត ថ្លែងថា ចុងចោទមិនមានភ័ស្តុតាងសម្រាប់គាំទ្រការអះអាងរបស់ខ្លួនដែលថាពួកគេមិនបានឃើញការវាយតប់គ្នានោះទេ។
ទោះជាយ៉ាងណា តុលាការជំនុំជម្រះតែភ័ស្តុតាងពីជនរងគ្រោះប្រឆាំងនឹងចុងចោទប៉ុណ្ណោះ និងមិនបានសម្ភាសសាក្សីផ្សេងទៀតនៅកន្លែងកើតហេតុទេ។ លោកនីចរិយាប្រធានផ្នែកសើុបអង្កេតប្រចាំអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ភ័ស្តុតាងដែលបានបង្ហាញនៅក្នុងតុលាការនោះ គឺគ្រាន់តែជាការលើកឡើងនូវពាក្យសម្តីរបស់ជនរងគ្រោះប្រឆាំងនឹងជនជាប់ចោទប៉ុណ្ណោះ។ លោកនីចរិយាមានប្រសាសន៍បន្តថា“ តុលាការផ្អែកលើដើមបណ្តឹងរដ្ឋប្បវេណី[ជនរងគ្រោះ]ដែលបានផឹកស៊ី” នៅមុនពេល មានឧបទ្ទវហេតុនោះ ហើយលោកបន្ថែមថាលោកជឿថាការចោទប្រកាន់ប្រឆាំងនឹងអ្នកស្រី យ៉ម បុប្ផា ត្រូវបានគេប្រឌិតឡើង ដោយសារតែអ្នកស្រីធ្វើសកម្មភាពជាប្រចាំក្នុងនាមជាអ្នកតវ៉ាសិទ្ធិដីធ្លី។
គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ជាសម្ពន្ធអង្គការមួយ ដែលមានអង្គការក្រៅរដ្ឋាភិបាលចំនួន២១បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា “ ការជំនុំជម្រះក្តីនេះបង្ហាញថាមានភាពមិនប្រក្រតី ខណៈដែលសេចក្តីសម្រេចេនះមិនមានភាពរឹងមាំឡើយដោយសារខ្វះភ័ស្តុតាង។ផ្ទុយទៅវិញ ការផ្តន្ទាទោសអ្នកស្រីយ៉មបុប្ផាបានបញ្ជាក់ពីការប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងនឹងសកម្មជនទាមទារសិទ្ធិដីធ្លីដែលមានបំណងជំទាស់នឹងអាជ្ញាធរនិងក្រុមហ៊ុនឯកជនមានអំណាចតាមរយៈពាក្យបណ្តឹងប្តឹងទាមទារសិទ្ធិដីធ្លីរបស់ពួកគេ”។
កាលពីម្សិលមិញអ្នកស្រី បុប្ផាបានសម្រក់ទឹកភ្នែកនៅពេលត្រូវបានគេនាំចេញពីតុលាការ ហើយបញ្ជូនទៅកាន់ពន្ធនាគារវិញ អ្នកស្រីបានជំទាស់នឹងការសម្រេចនេះ។អ្នកស្រីបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅតុលាការថា “ តុលាការមិនបានផ្តល់យុត្តិធម៌ឲ្យខ្ញុំទេ។ សង្គមបច្ចុប្បន្ននេះ ជាសង្គមប្រាក់ដុល្លារ។ខ្ញុំសង្ឃឹមថា នៅថ្ងៃណាមួយខ្ញុំនឹងទទួលបានយុត្តិធម៌”។
លោកចាន់សុជាតិ មេធាវីការពារអ្នកស្រីបុប្ផា ថ្លែងថា លោកនឹងពិភាក្សាជាមួយកូនក្ដីរបស់លោកថា តើអ្នកស្រីអាចដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ជំទាស់នឹងសាលក្រមនេះឬយ៉ាងណា។ នៅខាងមុខតុលាការក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាតាំងពីព្រឹកព្រលឹម ហើយត្រូវបាននគរបាលប្រឆាំងកុបកម្ម តាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយកាលពីម្សិលមិញនិងកាលពីថ្ងៃពុធ បានបិទផ្លូវនៅពេលជំនុំជម្រះក្តីបានចាប់ផ្ដើម។
កាលពីដំបូង នៅទីនោះមានទិដ្ឋភាពសប្បាយរីករាយ នៅពេលដែលអ្នកស្រីទឹមសាក់មុនី ជាសកម្មជននៅក្នុងសហគមន៍បុរីកីឡា ដែលត្រូវតុលាការផ្ដន្ទាទោសពីបទចេញសេចក្ដីប្រកាសក្លែងក្លាយ និងត្រូវបានតុលាការដោះលែង កាលពីល្ងាចថ្ងៃពុធនោះបានចេញមកខាងក្រៅ។ប៉ុន្ដែបន្ទាប់ពីបានទទួលព័ត៌មានថាអ្នកស្រីបុប្ផាត្រូវបានតុលាការផ្ដន្ទាទោសនោះ អ្នកគាំទ្ររាប់រយនាក់បានស្រែកខ្លាំងៗ និងផ្ទុះកំហឹងដោយសារខែលនគរបាលបង្ក្រាបកុប្បកម្ម។
ស្ត្រីចំណាស់អាយុប្រហែល៧០ឆ្នាំម្នាក់ ដែលជាសកម្មជននៅក្នុងសហគមន៍បឹងកក់ជាយូរមកហើយនោះបានដួលសន្លប់ ប្រហែលជាដោយសារឆក់នឹងខែលអគ្គីសនីរបស់នគរបាលប្រឆាំងកុប្បកម្ម ហើយយ៉ាងហោចណាស់មានមនុស្សពីរនាក់ផ្សេងទៀតបានសន្លប់នៅពេលប្រតាយប្រតប់គ្នាជាមួយនគរបាល។
នៅឯម្ខាងផ្លូវទៀត មានក្រុមអ្នកគាំទ្រខាងដើមបណ្ដឹងបានអបអរសាទរពីសេចក្ដីសម្រេចរបស់តុលាការនេះ។ លោក អុីសុភ័ស្ថប្រធានសមាគមន៍សហព័ន្ធកម្ពុជា ដើម្បីអភិវឌ្ឍន៍ ដែលមានសមាជិកជាអ្នករត់រ៉ឺម៉កម៉ូតូ និងអ្នករត់ម៉ូតូឌុបក្មេងៗជាច្រើននាក់ដែលធ្លាប់បានធ្វើការតវ៉ាប្រឆាំងស្រដៀងគ្នានេះជាច្រើនដងនោះ និយាយថា “ សេចក្តីសម្រេចរបស់តុលាការធ្វើឲ្យយើងសប្បាយចិត្ត”។ លោកសុភ័ស្ថបានអំពាវនាវឲ្យនគរបាលចាប់ខ្លួនបុរសទាំងពីរនាក់ ដែលតុលាការបានកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេលបីឆ្នាំនោះជាបន្ទាន់។
នៅពេលព្រឹកថ្ងៃនោះក្រុមអ្នកគាំទ្រអ្នកស្រីបុប្ផាបានបណ្ដេញបុរសម្នាក់ចេញពីក្រុមរបស់ពួកគេ ដោយអះអាងថាបុរសនោះជាសមាជិកសមាគមន៍សហព័ន្ធកម្ពុជា ដើម្បីអភិវឌ្ឍន៍ ហើយបានបណ្ដាលឲ្យមានភាពតានតឹងរវាងអ្នកគាំទ្រទាំងពីរក្រុម។
លោកវ៉នពៅប្រធានសមាគមន៍ឯករាជប្រជាធិបតេយ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធបាននិយាយថា លោកបានចូលរួមធ្វើការតវ៉ាជាមួយអ្នកភូមិបឹងកក់ ហើយបានព្រមានសមាជិកសមាគមន៍សហព័ន្ធកម្ពុជា ដើម្បីអភិវឌ្ឍន៍ថាពួកគេប្រហែលជាកំពុងការធ្វើតាមនរណាម្នាក់ដោយការតវ៉ាប្រឆាំងនឹងអ្នកស្រី បុប្ផា។លោកបន្ថែមថា “ សមាគមន៍សហព័ន្ធកម្ពុជា ដើម្បីអភិវឌ្ឍន៍ ត្រូវបានគេប្រើប្រាស់ដោយអ្នកណាម្នាក់ ឬក្រុមហ៊ុន ឬក៏អាជ្ញាធរ ពីព្រោះយើងជឿថា ពួកគេទាំងនោះ ត្រូវបានគេជួលឲ្យមកទីនេះ ក្នុងម្នាក់ប្រាំដុល្លារមួយថ្ងៃ”៕
ប្រែសម្រួលដោយឃិនណៃ