អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានដាក់បណ្តឹងឧទ្ធរណ៍ជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ក្នុងការដកការចោទប្រកាន់លើអតីតអភិបាលក្រុងបាវិតដែលជាជនសង្ស័យដ៏សំខាន់ម្នាក់ក្នុងករណីបាញ់កម្មការិនីបីនាក់ឲ្យរងរបួសធ្ងន់។
កាលពីម្សិលមិញលោកអ៊ុកសាវុធអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍មានប្រសាសន៍ថាលោកបានដាក់ពាក្យបណ្តឹងជំទាស់កាលពីថ្ងៃទី២១ខែធ្នូគឺបីថ្ងៃបន្ទាប់ពីសាលាដំបូងខេត្តស្វាយរៀងបានសម្រេច ដកការចោទប្រកាន់លើលោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត។កាលពីដំបូងលោកឈូកបណ្ឌិតត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាម “ ដោយអចេតនា” ចំពោះការជាប់ពាក់ព័ន្ធរបស់លោកក្នុងករណីបាញ់ប្រហារអំឡុងការតវ៉ាមួយនៅខាងក្រៅរោងចក្រផលិតស្បែកជើងផ្គត់ផ្គង់ឲ្យក្រុមហ៊ុនពូម៉ាដែលជាក្រុមហ៊ុនផលិតសំលៀកបំពាក់កីឡាប្រទេសអាល្លឺម៉ង់ កាលពីខែកុម្ភៈ។
លោកសាវុធបានមានប្រសាសន៍បន្តថា “ យើងបានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង បន្ទាប់ពីសាលាដំបូងខេត្តបានសម្រេចដកការចោទប្រកាន់លើករណីបាញ់កម្មការិនីបីនាក់ កាលពីថ្ងៃទី២១ខែធ្នូ ប៉ុន្តែមិនមានអ្នកយកព័ត៌មានណាម្នាក់បានសួរខ្ញុំអំពីករណីនេះទេ”។
លោកមានប្រសាសន៍បន្តថា “ យើងកំពុងយករឿងក្តីរបស់លោក ឈូកបណ្ឌិត មកជំនុំជម្រះក្តី នៅសាលាឧទ្ធរណ៍ដើម្បីស្វែងរកយុត្តិធម៌ឲ្យកម្មការិនីរងគ្រោះទាំងបីនាក់”នោះ ហើយលោកបានបដិសេធមិននិយាយបញ្ជាក់បន្ថែមទៀតទេ។ លោកហឹុងប៊ុនជាព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាក់កាលពីម្សិលមិញថាសាលាឧទ្ធរណ៍នឹងបន្តជំនុំជម្រះរឿងក្តីលោកឈូកបណ្ឌិត។
លោកប៊ុនជាបានមានប្រសាសន៍បន្តថា “ ក្រឡាបញ្ជីរបស់យើងនឹងផ្ទេរសំណុំរឿងលោកឈូកបណ្ឌិតទៅសាលាឧទ្ធរណ៍នៅថ្ងៃទី២ខែមករាឆ្នាំ២០១៣”។ ការផ្លាស់ប្តូរមកសាលាឧទ្ធរណ៍នេះមិនជាប់ទាក់ទងនឹងពាក្យបណ្តឹងប្តឹងឧទ្ធរណ៍របស់ជនរងគ្រោះទាំងបីនាក់ជំទាស់នឹងសេចក្តីសម្រេចដកការចោទប្រកាន់របស់សាលាដំបូងខេត្តស្វាយរៀងកាលពីថ្ងៃទី១៩ខែធ្នូនោះទេ ហើយការសម្រេចនេះបានបណ្តាលឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសិទ្ធិមនុស្សនិងអ្នកសង្កេតការណ៍អន្តរជាតិ។
យោងតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថាលោកឈូកបណ្ឌិតដែលពេលនោះជាអភិបាលក្រុងបាវិតបានបាញ់ទៅលើក្រុមអ្នកតវ៉ាអំឡុងការតវ៉ាមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ ហើយបានធ្វើឲ្យកម្មការិនីបីនាក់រងរបួស។លោក ឈូក បណ្ឌិត មិនដែលត្រូវបានចាប់ខ្លួនទេ ហើយជនរងគ្រោះទាំងបីនាក់ ត្រូវបានគេរាយការណ៍ថា មានមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើននាក់ រួមទាំងឧបនាយករដ្ឋមន្ត្រី ម៉ែនសំអន ផងដែរបានទៅជួបពួកគេហើយបានស្នើសុំឲ្យពួកគេកុំដាក់ពាក្យបណ្តឹងប្តឹងលោក ឈូកបណ្ឌិតជាថ្នូរនឹងប្រាក់ឬ អំណោយ។
លោក សុក សំអឿន នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា ការដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍កាន់កាប់សំណុំរឿងបន្តគឺជា“ រឿងមិនធម្មតា” ឡើយប៉ុន្តែករណីនេះអាចធ្វើទៅបានដោយសារសំណុំរឿងធំបែបនេះត្រូវតម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយលោកបានបញ្ជាក់ថាការសម្រេចរបស់លោកអ៊ុកសាវុធដើម្បីប្តឹងឧទ្ធរណ៍នេះអាចនាំឲ្យមានការស៊ើបអង្កេតករណីនេះឡើងវិញ។
លោកសុកសំអឿនបានមានប្រសាសន៍បន្ថែមថា “ សាលាឧទ្ធរណ៍ប្រហែលជានឹងកោះហៅសាក្សីមកសាកសួរម្តងទៀតដើម្បីស្វែងរកការពិតដោយលោកបន្ថែមថា ការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀងបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង ដោយសារសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកបានភ្ជាប់ករណីបាញ់ប្រហារនេះទៅនឹងលោកឈូកបណ្ឌិត។
លោកថ្លែងបន្តថា“ ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យមានករណីបែបនេះកើតឡើងនោះប្រជាពលរដ្ឋនឹងបាត់បង់ជំនឿលើរដ្ឋាភិបាល ជាពិសេសអំឡុងពេលបោះឆ្នោតហើយសហគមន៍អន្តរជាតិក៏កំពុងតែឃ្លាំមើលករណីនេះផងដែរ។ នេះជាករណីនយោបាយ។យើងដឹងថា លោកឈូកបណ្ឌិតជាប់ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ ដូច្នេះហើយបានជាមេដឹកនាំកំពូលៗត្រូវតែយកចិត្តទុកដាក់ នឹងរឿងក្តីនេះ”។
លោកស្រី ស្រីបុត្រចរិយាមេធាវីការពារកម្មការិនីរងគ្រោះទាំងបីនាក់ បានសរសើរសាលាឧទ្ធរណ៍ចំពោះការបន្តរឿងក្តីនេះ។ លោកស្រីបុត្រចរិយា បានមានប្រសាសន៍បន្ថែមថា“ ខ្ញុំគិតថា នេះជាការល្អហើយដែលព្រះរាជអាជ្ញាសាលាឧទ្ធរណ៍នឹងពិនិត្យលើអង្គច្បាប់ថា តើសាលាដំបូងខេត្តស្វាយរៀងដោះស្រាយរឿងក្តីនេះយ៉ាងដូចម្តេចនោះ និងពិនិត្យមើលថា តើសាលាដំបូងខេត្តស្វាយរៀងដោះស្រាយរឿងក្តីនេះតាមនីតិវិធីបែបណា”។
កញ្ញានុតសុខនអាយុ២៤ឆ្នាំជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ បានបញ្ជាក់ពីក្តីសង្ឃឹមថានាងនឹងមិត្តភក្តិជាដើមបណ្តឹងរដ្ឋប្បវេណីរបស់នាង នឹងអាចទទួលបានយុត្តិធម៌នៅសាលាឧទ្ធរណ៍។ កញ្ញាសុខនបាននិយាយថា “ ការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង ដកការចោទប្រកាន់លើរូបលោកឈូកបណ្ឌិតគឺអយុត្តិធម៌ណាស់ ដូច្នេះខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍អាចរកយុត្តិធម៌ និងឲ្យគាត់សងជំងឺចិត្តដល់ពួកយើងបាន”៕
ប្រែសម្រួលដោយឃិនណៃ