លោក ហោណាំហុងរដ្ឋមន្ត្រីក្រសួងការបរទេសបានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយកាលពីថ្ងៃសុក្រ បន្ទាប់ពីអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃនៃគណៈកម្មាធិការរួមកម្ពុជា-ថៃក្នុងទីក្រុងបាងកក ដែលក្នុងអំឡុងកិច្ចប្រជំុនោះ លោកបានពិភាក្សាអំពីបញ្ហាកម្មករចំណាកស្រុកខុសច្បាប់ ជាមួយសមភាគីថៃរបស់លោក គឺលោក ស៊ូរ៉ាពង់ តូវិចាកឆៃគល់។
យោងតាមសេចក្តីប្រកាសរួមមួយចេញដោយលោករដ្ឋមន្ត្រីទាំងពីរបានឲ្យដឹងថាលោកទាំងពីរបានព្រមព្រៀងសហការគ្នាដើម្បីកាត់បន្ថយការជួញដូរកម្មករចំណាកស្រុកឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលមួយនៅក្នុងប្រទេសថៃ ជាទីដែលកម្មករចំណាកស្រុកត្រូវគេជួញដូរអាចទទួលជំនួយ ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
លោក ណាំហុង ក៏បានថ្លែងអំណរគុណដល់ប្រទេសថៃផងដែរ ចំពោះការចេញអត្តសញ្ញាណប័ណ្ណដល់កម្មករកម្ពុជាប្រមាណ១៦០.០០០នាក់ ដើម្បីឲ្យពួកគេមានឋានៈស្របច្បាប់។ លោក ស៊ូរ៉ាពង់ បានប្រាប់លោកហោណាំហុង ថា រដ្ឋាភិបាលថៃនឹងប្រឹងប្រែងបង្ក្រាបក្រុមហ៊ុនអាហារសមុទ្រដែលជួញដូរ និងរំលោភបំពានកម្មករ។
លោកស៊ូរ៉ាពង់ បន្ថែមថា “ រដ្ឋាភិបាលថៃបានបញ្ជាឲ្យក្រុមហ៊ុនវេចខ្ចប់អាហារសមុទ្រទាំងអស់ឈប់ទិញអាហារសមុទ្រពីក្រុមហ៊ុនទាំងឡាយណាដែលធ្វើទារុណកម្មកម្មករ”នេះបើយោងតាមសេចក្តីប្រកាសនេះ។
នៅឯកិច្ចប្រជុំនោះផងដែរ ប្រទេសកម្ពុជាបានស្នើឲ្យប្រគល់រូបបដិមាខ្មែរចំនួន១១អង្គដែលតាំងនៅក្នុងសារមន្ទីរថៃដែលគេជឿថា ត្រូវបានយកចេញពីប្រទេសកម្ពុជាដោយខុសច្បាប់។ប្រទេសថៃបានយល់ព្រមប្រគល់រូបបដិមានេះវិញបន្ទាប់ពីរដ្ឋាភិបាលរាជធានីភ្នំពេញបញ្ជូនឯកសារបញ្ជាក់អំពីប្រភពដើមរបស់រូបបដិមាមកឲ្យរដ្ឋាភិបាលក្រុងបាងកក៕
ប្រែសម្រួលដោយចេវប៊ុននី