]កាលពីម្សិលមិញមេធាវីរបស់អ្នកស្រី យ៉មបុប្ផាបានឲ្យដឹងថាស្ត្រីសកម្មជនប្រឆាំងនឹងការបណ្ដេញចេញនៅសហគមន៍បឹងកក់ នឹងដាក់ពាក្យបណ្តឹងប្ដឹងឧទ្ធរណ៍នៅសប្ដាហ៍នេះចំពោះការផ្តន្ទាទោសអ្នកស្រីពីបទប្រើអំពើហិង្សា ដែលសាលាដំបូងរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ កាលពីថ្ងៃព្រហស្បតិ៍។
លោក ចាន់ សុជាតិ មេធាវី ការពារអ្នកស្រីបានមានប្រសាសន៍ថា លោកនឹងដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នៅថ្ងៃពុធ ជំនួសឲ្យអ្នកស្រីយ៉ម បុប្ផា អាយុ ២៩ឆ្នាំ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសក្រោមស្ថានទម្ងន់ទោសពីបទបង្កហិង្សាដោយចេតនាហើយប្តីរបស់អ្នកស្រី លោក លួស សាខន ក៏ត្រូវបានសាលាដំបូងផ្តន្ទាទោសផងដែរ ប៉ុន្តែ ត្រូវបានព្យួរទោសរយៈពេលបីឆ្នាំ។
សំណុំរឿងក្ដីនេះ ត្រូវបានគេចាត់ទុកថាជាភាពអាមាសមួយមានគោលបំណងគាបសង្កត់លើអ្នកស្រី យ៉ម បុប្ផា ដែលជាសកម្មជនប្រឆាំងនឹងការបណ្ដេញចេញពីតំបន់បឹងកក់ជាយូរមកហើយដែលជាកម្មសិទិ្ធរបស់ក្រុមហ៊ុន អចលនទ្រព្យរបស់លោក ឡៅម៉េងឃិនសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
កាលពីថ្ងៃព្រហស្បតិ៍សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសអ្នកស្រី យ៉ម បុប្ផា លោកលួស សាខន និងបងប្អូនប្រុសពីរនាក់របស់អ្នកស្រី យ៉ម បុប្ផា ដែលនគរបាល បានតាមរកចាប់ខ្លួន បុរសទាំងពីរនេះ ពាក់ព័ន្ធនឹងការវាយដំអ្នករត់រ៉ឺម៉កម៉ូតូពីរនាក់កាលពីខែសីហា។
លោក ចាន់ សុជាតិ បានបន្ថែមទៀតថា“ កាលពីថ្ងៃសុក្រ កូនក្ដីរបស់ខ្ញុំ អ្នកស្រី យ៉មបុប្ផា បានយល់ព្រមបង្ហាញខ្លួន ហើយខ្ញុំ នឹងដាក់ពាក្យបណ្ដឹងឧទ្ធរណ៍នៅថ្ងៃពុធ ទី២ខែមករា។ សាលាឧទ្ធរណ៍គួរតែធ្វើការចាប់ខ្លួនក្រុមអ្នកប្រើហិង្សា ដែលបានប្រព្រឹត្តបទល្មើសនេះ ពីព្រោះសាលក្រមនេះមានការសង្ស័យច្រើនណាស់ ហើយកូនក្ដីរបស់ខ្ញុំ មិនបានប្រព្រឹត្តបទល្មើសទាំងនេះទេ”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ