29 C
Phnom Penh

អ្នក​បើក​បរ​ស្រវឹងស្រា​បើក​រថយន្ត​បុក​ក្មេង​ស្លាប់​បួន​នាក់​ និង​រង​របួស​ប្រាំ​នាក់​​នៅ​ក្នុង​ខេត្ត​សៀមរាប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​ថា កុមារ​បួន​នាក់​ត្រូវ​បាន​រថយន្ត​បុក​​ស្លាប់​ និង​កុមារ​ប្រាំ​នាក់​ទៀត​រង​របួស​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ​ ពេល​ដែល​អ្នក​បើកបរ​ស្រវឹង​ស្រា​ម្នាក់​បើករថយន្ត​ទៅ​បុក​ពួក​គេ​ ខណៈពេល​ពួកគេ​ដើរ​តាម​ផ្លូវ នៅក្នុង​ស្រុក​វ៉ារិន ខេត្ត​សៀមរាប។

លោក ញៀ ភី អធិការ​រង​នគរបាល​ស្រុក​វ៉ារិន បាន​មាន​ប្រសាសន៍​ថា អ្នក​បើក​រថយន្ត​ដែល​ស្រវឹង​ស្រា​នោះ​បាន​បើក​បុក​ក្មេង​ៗ ដែល​មាន​អាយុ​ចន្លោះ​ពី​១០ឆ្នាំ​ទៅ​១៤ឆ្នាំ​ ពេល​ដែល​ពួកគេ​កំពុង​ដើរ​ទៅ​ផ្ទះ​នៅ​ម៉ោង​ប្រហែល​​១០យប់។

នគរបាល​បាន​ចាប់​ខ្លួន​អ្នក​បើក​រថយន្ត​ឈ្មោះ​ ម៉េង ប៊ុនធាង អាយុ​៣០ឆ្នាំ​ដែល​បាន​អះអាង​ថា ខ្លួន​មិន​បាន​ឃើញ​ក្មេងៗ​ដើរ​នៅ​តាម​ចិញ្ចើម​​ផ្លូវ​​​ពេល​យប់​ងងឹត​​នោះ​ទេ។

ក្នុង​ឧបទ្ទវហេតុមួយ​ទៀត​នៅក្នុង​ខេត្ត​កំពង់​ធំ​ឯណោះ​​វិញ បុរស​អាយុ​៤៧​​ឆ្នាំ​ម្នាក់​បាន​ស្លាប់​នៅ​យប់​ថ្ងៃអាទិត្យ​ ពេល​ដែល​រថ យន្ត​ក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុម​ហ៊ុន រិទ្ធិ មុនី បាន​បុក​ម៉ូតូ​របស់​គាត់​ ក្នុង​ស្រុក​បារាយណ៍​​ខណៈដែល​រថយន្ដ​នោះ​​ព្យាយាម​ វ៉ា​ម៉ូតូ​​នេះ។

លោក សាន តាល អធិការ​ស្រុក​បារាយ​ណ៍ថ្លែង​ថា “ រថយន្តទេសចរណ៍​នេះ​បាន​កិន​ចំ​ក្បាល​របស់​គាត់​ធ្វើ​ឲ្យ​គាត់​ស្លាប់​​​ភ្លាមតែម្តង”។

លោកបន្ថែម​ថា អ្នក​បើក​រថយន្ត​បាន​រត់​គេច​​ខ្លួន​បាត់​ បន្ទាប់​ពី​ឧបទ្ទវហេតុ​​​នេះ។

ក្រម​ហ៊ុន ​រិទ្ធិ មុនី និង​​ដៃ​គូ​របស់​ខ្លួន​គឺ​ក្រុម​ហ៊ុន​ផារា៉មោ៉នអង្គរ​ ​បាន​ជាប់​ពាក់​ព័ន្ធ​​នឹង​គ្រោះ
​ថ្នាក់​​​ប្រាំពី​រលើក​ដែល​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ប្រាំពីរនាក់​ និង​រង​របួស​ជាង​៥០នាក់​។

ក្រោយ​ពី​​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ឧបទ្ទវ​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​កាល
​ពី​ខែ​មីនានោះ​ មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ម្នាក់​បាន​​លើក​ឡើង​​ថា នាយក​ដ្ឋាន​របស់​លោក​នឹង​អនុវត្ត​គោល​ការណ៍​ដែល​ចែង​ថា ក្រុម​ហ៊ុន​​ណា​មាន​ឧបទ្ទវហេតុ​បី​លើក​និង​ត្រូវ​បិទ​ទ្វារ​ ព្រោះ​បាន​រំលោភ​ច្បាប់​​ម្តង​ហើយ​ម្តង​ទៀត​ ឬបាន​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​ និង​ស្លាប់​។

ប៉ុន្តែ កាលពីម្សិល​មិញ លោក ព្រាប ចាន់​វិបុល ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​​
សាធារណការ​ និង​ដឹក​ជញ្ជូន បាន​​មាន​ប្រសា​​សន៍ថា ក្រសួង​មិន​បាន​គ្រោង​ថា នឹង​បិទ​ក្រុម​ហ៊ុន​នេះ​ទេ​ បន្ទាប់​ពី​ឧបទ្ទវហេតុ​ កាល​ពីថ្ងៃ​អាទិត្យ​​នោះ។

លោក​មាន​ប្រសាសន៍ថា “ វា​គ្រាន់​​​តែជា​មនុស្ស​ម្នាក់​ប៉ុណ្ណោះ។ ប្រសិន​បើ​វា​ពាក់​ព័ន្ធនឹង​ទេសចរ ច្រើន​នាក់​ [ក្រម​ហ៊ុន​នឹង​ប្រឈម​នឹង​ការ​បិទទ្វារ]​”។ លោក​បន្ថែម​ថា ក្រុម​ហ៊ុន រិទ្ធិ មុនី ត្រូវ​បាន​​ព្រមាន​ម្ដង​រួច​ហើយ​ពាក់​ព័ន្ធនឹង​សុវត្ថិភាព​ក្នុង​ពេល​កន្លង​មក៕

ប្រែសម្រួលដោយ​ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស