38.8 C
Phnom Penh

​​​​សកម្មជនប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​​​​​នាំគ្នា​​​​​ធ្វើ​​​ពិធី​​​ដាក់​​​បណ្ដាសាឲ្យ​​​មន្ត្រី​​​តុលាការវិនាសអន្តរាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​​មិញ​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​​​ប្រហែល​​​​​​៥០​​​នាក់​​​ មក​​​ពី​​​សហគមន៍​​​បឹង​​​កក់ បុរី​​​កីឡា និង​​​​មក​ពី​សហគមន៍​​ថ្ម​​​គោល រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ប្រ​​​មូល​​​ផ្តុំ​​​គ្នា នៅមុខ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពញ ​​​​​ដើម្បី​​​ធ្វើ​ពិធី​បាច​អំបិល​​​ និង​ម្ទេស​​​ដាក់​​​បណ្ដាសា​​​មន្ត្រី​តុលាការ​ ដែល​ពួក​គាត់​យល់​ថា​​​​ បាន​​​ផ្តន្ទាទោស​​​​អ្នក​​​ស្រី​​​ យ៉ម​​​ បុប្ផា ​​​សកម្ម​​​ជន​​​ប្រឆាំង​​​​​​នឹង​​​ការ​​​បណ្ដេ​​​ញ​​​ចេញ​​​នៅ​សហគមន៍​បឹង​កក់​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​​កាល​ពី​សប្តាហ៍មុន។Siv channa13

អ្នក​​​ស្រី យ៉ម បុប្ផា អាយុ​​​២៩​​​ឆ្នាំ ជា​​​ប្រ​​​ជា​​​ពលរដ្ឋ​ និង​ជា​​​​សកម្ម​​​ជន​​​ដ៏​​​ល្បីនៅ​សហគមន៍​បឹងក​ក់​​ត្រូវ​​​បានសាលា​ដំបូង​​កាត់​​ឲ្យ​​​ជាប់​​​ទោស​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី​​​បទ​​​វាយ​​​ដំ​អ្នក​​​​រត់​រ៉ឺម៉ក​​​​ម៉ូតូ​​​ពីរ​​​នាក់ កាល​​​ពី​​​ខែសីហា។  ​ប្តី​របស់​អ្នក​ស្រីគឺលោក​​​ លួស សាខន ក៏​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ផង​​​ដែរ ​​​ប៉ុន្តែ ត្រូវ​​​បាន​​​​​​ព្យួរ​​​ទោស​​​​​​រយៈ​​​ពេល​​​បី​ឆ្នាំ​​​។

មេធាវីរបស់​​​អ្នក​​​ស្រី យ៉ម បុប្ផា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​នឹង​​​ប្ដឹង​​​ឧទ្ធរណ៍​​​ជំទាស់​នឹង​​​​សេច​​​ក្ដី​​​សម្រេច​​​របស់​​​តុលា​​​ការ​​​នេះ ដែល​​​ក្រុម​​​អង្គការ​​​សិទិ្ធ​​​មនុស្សនានា​បាន​​​ហៅ​​​ការ​សម្រេច​នេះ​ថា​ ជា​​​ការ​​​ប៉ុនប៉ង​​​ដើម្បី​​​បំភិត​​​​បំភ័យ​​​ក្រុម​​​អ្នក​​​តវ៉ា។

កាល​​​ពី​​​ម្សិល​​​មិញ នៅ​ប្រហែល​​​ម៉ោង​​​៩​​​ព្រឹក ក្រុម​​​អ្នក​​​គាំទ្រ​​​អ្នក​​​ស្រី យ៉ម បុប្ផា បាន​​​បាច​​​​
អំបិល​​​ និង​​​ម្ទេស​​ ដែល​​​គេ​​​ជឿ​​​ថា ជាគ្រឿង​​​​​ដាក់​​​បណ្ដាសា​​​​​តាម​​​​​​​ទ្វារ​របង​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​​ នៅ​​​មុន​​​ពេល​​​នគរបាល​​​​​​បង្ក្រាប​​​កុប​​​កម្ម បាន​​​សម្រុក​​​មក​​​បណ្ដេញពួក​​​គាត់​​​​​​ចេញ​​​ពី​​​អគារ​​​​​នេះ​​​។

ក្រុម​​​អ្នក​​​តវ៉ា​​​​បាន​​​ដុត​​ក្រ​​​ដាស​​​ប្រាក់១០០ដុល្លារ​​​ក្លែងក្លាយ​​​ប៉ាត​​​ជា​​​មួយ​​​ឈាមមាន់ជា​​​និមិត្តរូប នៃ​​​ការ​​​ធ្វើ​​​ឲ្យ​​​​​ក្រុម​​​មន្ត្រី​​​តុលា​​​ការ​​​ពុក​​​រលួយ​​​ទាំង​​​នោះ​វិនាស​អន្តរាយ​។

សមាជិកសហគមន៍​​​ទាំង​​​នេះ ក៏​បាន​​​ធ្វើ​​​ពិធី​​ស្រដៀង​​​​គ្នា​​​នេះ​​​ដែរ​​​នៅ​​​វត្ត​​​ភ្នំ កាល​​​ពី​​​​​​ថ្ងៃសុក្រ។

អ្នក​ស្រី​ ហេង ​មុំ ​​ជា​អ្នក​រស់​​​នៅ​​​ក្នុង​សហ​​​គមន៍​​​បឹងកក់​​​ម្នាក់​​​​បាន​​​​និយាយ​​​ថា “ នៅ​​​ពេល​​​នេះ ម៉ោង​​​នេះ សូម​​​ដាក់​​​បណ្ដាសា ដល់​​​ព្រះ​​​រាជអាជ្ញា និង​​​ចៅ​​​ក្រម​​​ពុក​​​រលួយទាំង​អស់​សូម​​​ឲ្យ​​​ពួក​​​គេ​​​រលាយ​​​ និង​​​វិនាស​​​អន្ដរធាន​​​ជា​​​រៀង​​​រហូត។​ ​​អ្វីដែល​​​អ្នក​​​​​បាន​​​ធ្វើ ឲ្យ​​​​​​ទទួល​​​​​​​​​​​ផល​​​នោះ​​​វិញ ចុះ”។

​​​អ្នក​​​ស្រី ហេង មុំ បាន​​​សួរ​​​ថា  “ហេតុ​​​អ្វី ក៏​​​តុលាការ​​​មិន​​​ចាប់​​​ខ្លួន​​​លោក ​​​ឈូក ​​​បណ្ឌិត ​​​ដែល​​​បាន​​​បាញ់​​​ និង​​​ធ្វើ​​​ឲ្យ​​​របួស​​​ស្ត្រី​​​បី​​​នាក់​​​នោះ​​​?”។អ្នក​ស្រី​លើក​​​ឡើង​​​ដូច្នេះ​​​ដោយ​​​សំដៅ​​​​​​​​​អតីត​​​​​​អភិបាល​​​ក្រុង​​​បាវិត ដែល​​​កាល​​​ពី​​​ដំបូង គឺ​​​ជា​​​ជន​​​សង្ស័យ​​​ទី​​​១នៅ​​​ក្នុង​​​ការ​​​បាញ់​​​ប្រហារ​​​លើ​​​​កម្មការិនី​​​​បី​​​នាក់អំឡុង​​​​​ការ​​​តវ៉ា​​​មួយនៅ​​​ក្នុង​តំបន់​​​សេដ្ឋកិច្ច​​​ពិសេស កាល​​​ពី​​​ថ្ងៃ​​​ទី២០ ​​​ខែកុម្ភៈ។

សាលា​​​ដំបូងខេត្ត​​​ស្វាយរៀង សម្រេច​ដក​ការ​ចោទ​ប្រ​កាន់​​​​​ប្រ​​​ឆាំង​​​នឹង​​​លោក​​​ឈូក ​​​បណ្ឌិត​​​ទាំង​អស់​ កាល​​​ពីខែ​​​ធ្នូ ដែល​​​សាក​​​្សី​​​ជា​​​ច្រើន​​​នាក់ បាន​​​និយាយ​​​ថា​ជា​អ្នក​បាញ់​​​​​​ទៅ​​​លើ​ក្រុម​​​អ្នក​​​តវ៉ា​​​ ។

កាល​ពី​ម្សិល​មិញ លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជអាជ្ញា​​សាលា​ឧទ្ធរណ៍​​មាន​ប្រសាសន៍​​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ជំទាស់​កាល​ពី​ថ្ងៃ​ទី​២១ ខែធ្នូ គឺ​បី​ថ្ងៃបន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​សម្រេច​ ដកការ​ចោទ​ប្រកាន់​លើ​លោក ឈូក បណ្ឌិត អតីត​អភិ​បាល​​ក្រុង​​​​បាវិត។

កាល​ពី​ដំបូង​លោក ឈូក បណ្ឌិត ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​បង្ក​របួស​ស្នាម​ “ ដោយ​អចេតនា” ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​ក្នុង​​ករណី​បាញ់​ប្រហារ​អំឡុង​ការ​តវ៉ាមួយ​នៅខាង​ក្រៅ​រោង​ចក្រ​ផលិត​ស្បែក​ជើង​​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​ពូម៉ា​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​​សំលៀក​បំពាក់​​កីឡា​ប្រទេស​អាល្លឺម៉ង់​ កាល​ពីខែកុម្ភៈ។

លោក អំ សំអាត អ្នក​​​ឃ្លាំ​​​មើលបញ្ហា​​​សិទិ្ធ​​​មនុស្ស​​​​​​ របស់​​​អង្គការលីកាដូ ​​​មាន​​​ប្រសាសន៍​​​​​​ថា​​​ការ​​​ធ្វើ​​​​ពិធី កាល​​​ពី​​​ម្សិល​​​មិញ​​​នេះ​ គឺ​​​ជា​​​ជម្រើស​​​​​​​​ចុង​​​ក្រោយ និង​​​ជា​​​ការ​​​ប៉ុន​​​ប៉ង​​​ដោយ​​​អស់​​​សង្ឃឹម​​​មួួយ​​​របស់​​​ក្រុម​​​អ្នក​​​រស់​​​នៅ​​​ក្នុង​តំបន់​​​បឹង​​​កក់ ដើម្បី​​​ទាក់​​​ទាញ​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះ​​​ករណី​​​របស់​​​អ្នក​​​ស្រី យ៉ម​​​ បុប្ផា ។

លោក អំ សំអាត បាន​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ យើង​​​សង្ឃឹមថា សាលា​​​ឧទ្្ធរណ៍ ​​​នឹង​​​ផ្ដល់​​​យុតិ្តធម៌​​​ដល់​​​ពួក​​​គាត់ ពី​​​ព្រោះ យើង​​​បាន​​​សង្កេត​​​ឃើញ​​​ថា សវនាការ​​​នេះ នឹង​​​មិន​មាន​​​​ភស្ដុតាង ដើម្បី​​​​​​ដាក់​បន្ទុក​​​លើ​​​អ្នក​​​ស្រី​​ ​យ៉ម បុប្ផា​​​ និង​​​ប្ដី​​​របស់​​​អ្នក​​​ស្រី​​​ឡើយ​​”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស