28 C
Phnom Penh

កម្ពុជា​រៀបចំ​ពិធីថ្វាយព្រះ​ភ្លើង​ព្រះបរមសព ព្រះ​​បរមរតនកោដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​បាន​បញ្ចប់​ការរៀបចំ​​​​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​​​​ព្រះបរមសព សម្តេចឪ​ព្រះបរម​រតនកោដ្ឋ នរោត្តម សីហនុ ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជា​​ច្រើន​ទស​វត្ស​​​ន៍​កន្លង​មក​នេះ​ ដោយបាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន និង​បាន​រៀប​ចំ​​កាំ​ភ្លើង​ធំ​ចនួន​១៤​គ្រឿង​នៅ​មុខ​ព្រះ​បរម​រាជវាំង​ផង​ដែរ​។

អាជ្ញាធរ​បាន​បិទ​ផ្លូវ​នានា​នៅ​ជុំវិញ​តំបន់​ជិតវាល​ព្រះ​មេរុ​ជា​ទី​ដែល​ពិធីថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះបរម​រតនកោដ្ឋ សម្តេច​ឪនរោត្តម សីហនុ​​ ប្រព្រឹត្ត​ទៅ​នៅ​ទី​នោះ នា​ថ្ងៃ​​ច័ន្ទ​បាន​បណ្តាល​​ឲ្យ​​ស្ទះ​ចរាចរណ៍​ដោយ​សារ​មាន​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​ព្យាយាម​ធ្វើ​ដំណើរ​​តាម​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ព្រះ​បរម​រាជ​​វាំង​ ដើម្បី​ព្យាយាម​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរមរតនកោដ​្ឋ នរោត្ដម សីហនុ ដែល​មាន​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ នៅ​ថ្ងៃ​នេះ ដោយតម្កល់​ព្រះបរមសព​នៅ​ក្នុង​មញ្ជូសា តាក់​តែង​លម្អដ៏​ប្រណីត​។

លោក​ ពង្ស សាវរិទ្ធ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ថា “យើង​បាន​នាំ​យក​កាំ​ភ្លើង​ធំ​សម្រាប់​ចូល​រួម​ក្នុង​ពិធី​នេះ ទើប​យើង​ត្រូវ​តែ​ធានា​សុវត្ថិភាព​ និង​សន្ដិសុខ ដូច្នេះ​មិនត្រូវ​​អនុញ្ញាតឲ្យមាន​មូ៉តូ ឬរថយន្ដ​ណា​មួយ​បុកកាំ​ភ្លើង​ធំ​ទាំង​នោះ​ទេ”។ លោក​​ពន្យល់​ថា ដូច្នេះហើយ​បាន​ជា​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឯកសណ្ឋាន​ប៉ារ៉ា ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​បន្ដ​ថា កង​កម្លាំ​ង​ប្រដាប់​អាវុធ​ជាង​១០.០០០​នាក់​ ព្រម​ទាំង​​កម្លាំងកង​រាជ​អាវុធ​ហត្ថ​ចំនួន​២.០០០​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​ ក្នុង​អំឡុងពិធីហែ​ក្បួ​ន​ថ្ងៃ​នេះផង​ដែរ​ និងនៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ នៅមុន​ពេល​ពិធី​ចាប់ផ្តើម​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​សម្ដេច​ឪ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​វាល​ព្រះ​មេរុ​ នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ​នា​ថ្ងៃ​ច័ន្ទ។

លោក ជួន ណារិន ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​បាន​ហ្មត់​ចត់បំផុត​ ដើម្បី​រក្សា​សន្តិសុខ​ និង​សុវត្ថិភាព​សម្រាប់​ព្រះ​រាជ​ពិធី​​ជា​ប្រវត្តិ​សាស្ត្រ​នេះ”។ នៅថ្ងៃ​​ច័ន្ទនេះប្រមុខ​រដ្ឋ​នៃបណ្តាប្រទេស​មួយ​ចំនួន​រួម​ទាំង​នាយក​រដ្ឋ​មន្ត្រីថៃ​​ លោក​ស្រី យីងឡាក់​ ស៊ីណាវ៉ាត់​ត្រា(Yingluck Shinawatra) និង​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​បារាំង​លោក ហ្សង់​ ម៉ាក់ អៃរ៉ូល (Jean-Marc Ayrault) រំពឹង​ថា នឹង​អញ្ជើញមក​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ សម្ដេចឪ នរោត្តម​ សីហនុ។

នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៧៨​មាន​​ប៉ាតង់​ពណ៌ខៀវ​​ និងពណ៌ស​ធំ​ ត្រូវ​បាន​គេ​ដាក់​ពីលើ​អគារ សណ្ឋាគារ និង​​ផ្ទះ​សំណាក់ ​​ដែល​​មើល​ឃើញ​វាល​ព្រះ​មេរុ ដើម្បី​បាំង​អ្នក​ភូមិ​ដែល​ពួក​គេ​គិត​ថា គឺ​ជា​ចំណុច​ល្អ​​ក្នុង​ការ​​​មើល​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​នេះ​។

នៅ​លើតីរ​វិថី​ព្រះស៊ីសុវត្ថិ​ មាន​កង​យោ​​ធពល​​ខេមរភូមិន្ទ​រាប់​រយ​នាក់​ បាន​ហ្វឹកហាត់​​ដើរ​ក្បួន​នៅ​ពីមុខ​កាំ​ភ្លើង​ធំ​ចំនួន​១២​គ្រឿង​ ដែល​នឹង​ត្រូវ​បាញ់​១០១ណាត់​ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​សម្ដេច​ឪ នៅព្រឹក​នេះ ដើម្បី​គោរព​ដល់​ព្រះ​វិញ្ញាណ​ក្ខន្ធព្រះ​បរមសព ដែល​នឹង​ត្រូវ​ដង្ហែ​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ ហើយ​ចាប់​ផ្ដើម​ដង្ហែ​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ​ ដែល​មាន​​ចម្ងាយ​ប្រាំ​មួយ​គីឡូម៉ែត្រ។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ជូន​ដំណឹង​ដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន​ ដែល​រស់នៅក្នុង​រាជធានី​ភ្នំ​ពេញ​ និង​​មក​ទស្សនកិច្ច​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ និង​បាន​ព្រមាន​ប្រជាពលរដ្ឋ​អាមេរិក​ ឲ្យ​ចៀស​វាង​ពី​ក្រុម​មនុស្ស​ដ៏​ច្រើន​ ក្នុង​អំឡុង​ពិធី​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​នេះ។

សេចក្ដីថ្លែង​ការណ៍​នោះ ​លើក​ឡើងថា “យើង​សូម​រំឭ​ក​ដល់​ពលរដ្ឋ​សហរដ្ឋ​អាមេរិកទាំង​អស់​ឲ្យ​ប្រុង​ប្រយ័ត្ន​​នៅ​ពេល​ធ្វើ​ដំណើរ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ឬ​នៅ​ជំុវិញ​រាជធានី​ភ្នំពេញ​ហើយ​យើង​សូម​ក្រើន​រំឭក​ថា សូម​ចៀស​វាង​​កុំចូលក្នុងក្រុម​មនុស្ស​ច្រើន​កុះករ”។

កាល​ពី​ល្ងាច​ម្សិលមិញ នៅ​ខាង​ក្រៅ​ព្រះ​បរម​រាជ​វាំង​ នៅលើ​មហាវិថី​ព្រះសុធារស​ មាន​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ ដែល​កាន់​មរណទុក្ខ​ ក្នុង​​​សម្លៀក​បំពាក់​ អាវ​ស និង​ខោខ្មៅ និងមាន​ពាក់​កាត​មាន​ព្រះឆាយា​ល័ក្ខណ៍​អតីត​ព្រះ​មហាវីរក្សត្រ​សម្ដេច​ឪ នរោត្ដម សីហនុ បាន​នាំ​គ្នា​ឈរ​ ឬ​លុត​ជង្គង់​ ដើម្បីចូលរួម​កាន់​ព្រះ​រាជ​មរណទុក្ខ​សម្ដេចឪ​ ដែល​ព្រះអង្គ​​បាន​យាង​ចូល​ទិវង្គត​ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទី​ក្រុង​ប៉េកាំង ​ប្រទេស​ចិន។

អ្នក​ស្រី ហួង​ សុខលី អាយុ​៦១​ឆ្នាំ មក​ពី​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ បាន​​មាន​ប្រសាសន៍​ កាល​ពីម្សិលមិញ​ថា “ពិធីនេះ​ ជា​ពិធីបុណ្យ​​​ចុង​ក្រោយ​ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ”៕ ប្រែសម្រួល​ដោយ​ ឃិន ណៃ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស