26 C
Phnom Penh

អាជ្ញាធរចាប់​ខ្លួន​បុរស​ពីរនាក់ និង​​រឹប​អូស​ឈើ​ប្រណីត​​ជា​ច្រើន​​​​ម៉ែត្រគូប​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ ​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា​ កងរាជ​អាវុធហត្ថ​ចាប់​ខ្លួន​​បុរស​ពីរនាក់​កាលពី​យប់​ថ្ងៃ​ច័ន្ទ​​ពេល​កំពុង​​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​​ជាង​ប្រាំបួន​ម៉ែត្រ​គូប​តាម​ផ្លូវ​ជាតិ​លេខ​៧​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។

លោក ឱ បូរិន មេបញ្ជាការ​​កងរាជ​អាវុធ​​​ហត្ថ​ខេត្ត​​បាន​មាន​ប្រ​សាសន៍​ថា ការចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​ក្រោមការ​ជួយ​ជ្រោម​ជ្រែងពី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដែល​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើ​ប្រណីត​ចំនួន​១១៤​កំណាត់​ដោយ​ជន​សង្ស័យ​ពីរ​នាក់​កាត់​តាម​​ក្រុង​ស្ទឹង​ត្រែង។

លោក បូរិន មាន​ប្រសាសន៍បន្តថា​ “ ​​អ្នក​បើក​បរ​រថយន្ត​នោះ​បាន​សារភាព​ថា​ ឈើ​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​​មនុស្ស​​ម្នាក់​ក្នុង​ខេត្ត​ក្រចេះ​។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​ម្ចាស់​ឈើ​នោះ​មិន​ទាន់​​បាន​ទូរស័ព្ទ​សួរ​ព័ត៌មាន​ពី​​ពួក​គេ​នៅ​ឡើយ​ទេ​”។

លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​“ឥឡូវនេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ស្វែង​រក​ម្ចាស់​ឈើ​​នោះ​ពី​ព្រោះ​ឈើ​ប្រណីត​ទាំង​នេះ​ច្រើន​ណាស់​​ ដែល​ឈើហុប​​នីមួយ​ៗ​មាន​មុខកាត់​ពី​៦០​ទៅ​៩០​សង់ទីម៉ែត្រ​”។

យោង​តាម​រូបថត​ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការចាប់​ខ្លួន​នេះ​​នៅ​តាម​​គេហ​ទំព័រ​ព័ត៌មាន​​ក្នុង​ស្រុកមួយ​​​ឈ្មោះ ខេមបូឌា អិចប្រេស​ញូសបាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថយន្ត​នោះ​បាន​កាន់​លិខិត​មួយ​ច្បាប់​​ចុះ​ហត្ថលេខា​ដោយ​លោក​ ប៉ែន អ៊ាន អភិបាល​រង​ខេត្តកំពង់ចាម។

លិខិតនោះ​បាន​ណែនាំ​អាជ្ញាធរ​ ដែល​ឈរ​ជើង​នៅ​តាមដង​​ផ្លូវ​អនុញ្ញាតឲ្យ​អ្នក​បើកបរ​​ដឹក​ឈើ​ប្រណីត​ទាំង​នេះ​ដោយ​​សេរី​ ព្រោះ​​វា​​ជា​ឈើ​​សម្រាប់​សាង​សង់​ផ្ទះ​របស់​លោក ប៉ែន អ៊ាន។

​លោក​ ប៉ែន​ អ៊ាន លើក​ឡើង​នៅ​ក្នុង​លិខិតនោះ​​ថា “ ឈើ​​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។​អាជ្ញាធរ​ទាំងអស់​ដែល​ឈរជើង​នៅ​តាម​ផ្លូវ​គួរតែ​សម្រប​សម្រួល​​និង​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​ធ្វើ​ដំណើ​របាន​​ស្រួល ​ពី​ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឈើ​​ប្រណីត​ទាំង​នេះ​ ដូច​ជា​ឈើ​ធ្នង់ គគី​រ ត្រាច​​ជា​ដើម ដើម្បី​ធ្វើ​ទ្វារ​និង​បង្អួច​​ផ្ទះ​កសិដ្ឋាន​របស់​ខ្ញុំ”។

លោក បូរិន បាន​បដិសេធ​​មិន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទាំង​នោះ​ ឬអត្ថាធិប្បាយ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​អភិបាលរង​ខេត្ត កំពង់ចាមនោះ​​ទេ។​លោក ប៉ែន អ៊ាន ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​​​ដែរ​។

លោក អុីវ ឯកថាសាវត្តី ​នាយ​ខណ្ឌ​​រដ្ឋ​បាលព្រៃ​ឈើ​ខេត្ត​បាន​អះអាង​ថា ​​មាន​ឈើ​ប្រណីត​តែ​មួយ​ប្រ​ភេទ​ប៉ុណ្ណោះ​នៅ​ក្នុង​រថយន្ត​នោះ​ ហើ​យ​​លោក ​មាន​ប្រសាសន៍​ថា​​ លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អំពី​លិខិត​នោះ​​ពី​​​​សហការី​របស់​លោក​​នៅ​ឡើយ​ទេ។

លោកបាន​មាន​ប្រសាសន៍​បន្ត​ថា​ “ខ្ញុំ​មិន​បាន​ឃើញ​លិខិត​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​ក៏​មិន​ទាន់​បាន​ដឹង​ថា​​ មន្ត្រី​ជាន់​ខ្ពស់​​ជា​ម្ចាស់​ឈើ​ប្រណីត​ទាំង​នេះដែរ​”។​ លោក​បាន​បន្ថែម​ទៀត​​​ថា​​ បុរស​ទាំង​ពីរ​នាក់នេះ​​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួនបណ្ដោះ​​​អាសន្ន​​​​នៅ​រដ្ឋបាល​​ព្រៃ​ឈើខេត្ត​​​​ ហើយ​យើង​​​​នឹង​បញ្ជូន​ពួក​​​គេ​​​ទៅ​សាលាដំបូង​ខេត្ត​ស្ទឹង​​​ត្រែង​​​នៅ​ថ្ងៃ​នេះ៕ឃិន ណៃ​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស