27 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ជំរុញបន្ដ​​​ស៊ើប​អង្កេត​ករណី​បាញ់​ប្រ​ហារ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌​បាន​ណែនាំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេតការ​ជាប់​ពាក់​ព័ន្ធ​​របស់​មន្ត្រី​​នគរបាល​ក្រុង​បាវិត​ម្នាក់​នៅ​ក្នុង​ការ​បាញ់​បោះ​ដែល​បណ្តាល​​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​​ធ្ងន់​​ អំឡុង​ការ​តវ៉ា​​ដោយ​ហិង្សា​មួយ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ កាល​ពី​ឆ្នាំ​មុន។

លោក​ ប៉ែន វិបុល​ អនុប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​នគរបាល​ជាតិ​​មាន​ប្រសាសន៍ថា​ ក្រសួង​មហាផ្ទៃ​នឹង​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ករណី​លោក ស ចន្ថា ​នាយ​​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត​ ​ដែល​​សង្ស័យ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​បាញ់​ប្រហារ​ កាល​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ហើយ​​របាយការណ៍​នោះ​នឹង​ត្រូវ​បញ្ជូន​​ទៅ​ក្រសួង​យុត្តិធម៌វិញ​​។

កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ែន វិបុល បាន​សាកសួរ​លោក ស ចន្ថា ​ដោយ​សារ​មាន​ការ​​សង្ស័យ​ថា​ គាត់​បាន​ជាប់ពាក់​ព័ន្ធ​នៅ​​​​​ក្នុង​ការ​បាញ់​ប្រហារ​នេះ​។

លោក វិបុល បាន​មាន​ប្រសាសន៍​បន្ដថា “ក្រសួង​យុត្ដិធម៌​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​​ក្រសួង​មហាផ្ទៃ​​ស្នើ​ឲ្យ​មានការ​ស៊ើប​អង្កេត​លើ​លោក ស ចន្ថា។ យើង​បាន​ហៅ​ទូរស័ព្ទ​ទៅលោក​​ ចន្ថា ឲ្យ​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ការពាក់​ព័ន្ធ​របស់​លោក ចាប់​តាំង​ពី​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​លោក​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ហើយ​​​យើង​នឹង​បញ្ជូន​របាយ​ការណ៍​​នេះ ត្រឡប់​មក​ក្រសួង​យុត្តិធម៌​វិញ​”។

លោក វិបុល ថ្លែង​ថា នេះគឺជា “រឿង​ធម្មតា” សម្រាប់​ក្រសួង​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ នៅ​ពេល​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ល្មើស​ណា​មួយ​​នោះ​ ប៉ុន្ដែ​លោក​បាន​បដិសេធ​មិន​​និយាយ​ថា​​ ហេតុ​អ្វី​បាន​ជា​​ក្រសួង​យុត្តិធម៌​​លូក​ដៃ​នៅ​​ក្នុង​ករណី​នេះទេ​។

លោក​បាន​មាន​ប្រសាសន៍​​បន្ដ​ថា “ វា​ជា​រឿង​ធម្មតា នៅពេល​តុលាការ​ចោទ​ប្រកាន់​​មន្ត្រី​​នៅ​ក្រោម​ស្ថាប័ន​​មួយ​​ ពួក​គេ​ត្រូវ​ជូន​ដំណឹង​​ទៅ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​នោះ​​ឲ្យ​​ដឹង​អំពី​ករណី​របស់​ខ្លួន​”។

មន្ត្រី​ក្រសួង​យុត្តិធម៌​មិន​អាច​ទាក់​ទង​សុំសេចក្តី​អត្ថាធិប្បាយ​បាន​ទេ​​។

លោក ចន្ថា ត្រូវ​បាន​សាលាដំបូង​ខេត្ត​ស្វាយរៀង​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ កាល​ពី​ខែ​សីហា ពី​បទ​ពាក់​ព័ន្ធ

​ក្នុង​ករណី​បាញ់​ប្រហារ​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្នុង​ក្រុង​បាវិត​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ គឺ​ផ្ទុយ​គ្នា​ស្រឡះ​ពី​សាក្សី​ឃើញ​ហេតុ​ការណ៍​ផ្ទាល់​ភ្នែក​ ដែល​បាន​រាយការណ៍​ថា បាន​ឃើញ​លោក ឈូក បណ្ឌិត ដែល​នៅ​ពេល​នោះ​​ជា​អភិបាល​ក្រុង​បាវិត​ បាន​បាញ់​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​។ ​ក្រោយ​មក​​ការ​សើុប​អង្កេត​របស់​​ក្រសួង​មហា​ផ្ទៃ​​បាន​បង្ហាញ​ពី​ការ​ជាប់​​ពាក់​ព័ន្ធ​របស់​លោក បណ្ឌិត។

ទោះ​បី​ជា​យ៉ាងណា​ សាលាដំបូង​ខេត្ត​ស្វាយរៀង​ បាន​សម្រេច​ដក​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក បណ្ឌិត កាល​ពី​ដើម​ខែ​ធ្នូ​ ទោះ​បីជា​លោក ស ខេង រដ្ឋ​មន្ត្រី ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ជា​សាធារណៈ​ កាល​ពី​ខែ​មីនា ថា លោក បណ្ឌិត គឺជា​ជន​សង្ស័យ​​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​ប្រហារ​នេះក៏ដោយ​​។

លោក ចន្ថា ​និយាយ​កាល​ពី​ម្សិល​មិញ​ថា លោក​បាន​​ប្ដឹង​ឧទ្ធរណ៍​​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​​មក​លើ​លោក​ កាល​ពីសប្ដាហ៍​មុន​។ លោក​មាន​ប្រសាសន៍​បន្ដ​ថា “ខ្ញុំ​បាន​​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការ​ចោទ​ប្រកាន់​នេះ​ បន្ទាប់​ពី​ខ្ញុំ​បាន​ទទួល​សាលក្រម​​នេះ ​កាល

​ពី​បួន​ប្រាំ​ថ្ងៃ​មុន​​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​​នឹង​អ្វី​ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​នោះ​ឡើយ៕ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស