ក្រសួងយុត្តិធម៌បានណែនាំឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់មន្ត្រីនគរបាលក្រុងបាវិតម្នាក់នៅក្នុងការបាញ់បោះដែលបណ្តាលឲ្យកម្មការិនីបីនាក់រងរបួសធ្ងន់ អំឡុងការតវ៉ាដោយហិង្សាមួយនៅខាងក្រៅរោងចក្រ កាលពីឆ្នាំមុន។
លោក ប៉ែន វិបុល អនុប្រធាននាយកដ្ឋានបុគ្គលិកនគរបាលជាតិមានប្រសាសន៍ថា ក្រសួងមហាផ្ទៃនឹងសរសេររបាយការណ៍មួយស្ដីអំពីករណីលោក ស ចន្ថា នាយការិយាល័យនគរបាលព្រហ្មទណ្ឌក្រុងបាវិត ដែលសង្ស័យថា បានជាប់ពាក់ព័ន្ធក្នុងករណីបាញ់ប្រហារ កាលថ្ងៃទី២០ ខែកុម្ភៈ ហើយរបាយការណ៍នោះនឹងត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌វិញ។
កាលពីថ្ងៃច័ន្ទ លោក ប៉ែន វិបុល បានសាកសួរលោក ស ចន្ថា ដោយសារមានការសង្ស័យថា គាត់បានជាប់ពាក់ព័ន្ធនៅក្នុងការបាញ់ប្រហារនេះ។
លោក វិបុល បានមានប្រសាសន៍បន្ដថា “ក្រសួងយុត្ដិធម៌បានផ្ញើលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃស្នើឲ្យមានការស៊ើបអង្កេតលើលោក ស ចន្ថា។ យើងបានហៅទូរស័ព្ទទៅលោក ចន្ថា ឲ្យសរសេររបាយការណ៍មួយស្ដីអំពីការពាក់ព័ន្ធរបស់លោក ចាប់តាំងពីសាលាដំបូងខេត្តស្វាយរៀង បានចោទប្រកាន់លោកពីបទបង្ករបួសស្នាមដោយអចេតនា ហើយយើងនឹងបញ្ជូនរបាយការណ៍នេះ ត្រឡប់មកក្រសួងយុត្តិធម៌វិញ”។
លោក វិបុល ថ្លែងថា នេះគឺជា “រឿងធម្មតា” សម្រាប់ក្រសួងក្នុងការស៊ើបអង្កេតករណីនេះ នៅពេលមន្ត្រីរបស់ខ្លួនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយនោះ ប៉ុន្ដែលោកបានបដិសេធមិននិយាយថា ហេតុអ្វីបានជាក្រសួងយុត្តិធម៌លូកដៃនៅក្នុងករណីនេះទេ។
លោកបានមានប្រសាសន៍បន្ដថា “ វាជារឿងធម្មតា នៅពេលតុលាការចោទប្រកាន់មន្ត្រីនៅក្រោមស្ថាប័នមួយ ពួកគេត្រូវជូនដំណឹងទៅមន្ត្រីនៅក្នុងស្ថាប័ននោះឲ្យដឹងអំពីករណីរបស់ខ្លួន”។
មន្ត្រីក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយបានទេ។
លោក ចន្ថា ត្រូវបានសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា កាលពីខែសីហា ពីបទពាក់ព័ន្ធ
ក្នុងករណីបាញ់ប្រហារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត កាលពីថ្ងៃទី២០ ខែកុម្ភៈ គឺផ្ទុយគ្នាស្រឡះពីសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក ដែលបានរាយការណ៍ថា បានឃើញលោក ឈូក បណ្ឌិត ដែលនៅពេលនោះជាអភិបាលក្រុងបាវិត បានបាញ់ទៅលើក្រុមអ្នកតវ៉ា។ ក្រោយមកការសើុបអង្កេតរបស់ក្រសួងមហាផ្ទៃបានបង្ហាញពីការជាប់ពាក់ព័ន្ធរបស់លោក បណ្ឌិត។
ទោះបីជាយ៉ាងណា សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដកការចោទប្រកាន់ប្រឆាំងនឹងលោក បណ្ឌិត កាលពីដើមខែធ្នូ ទោះបីជាលោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបានប្រកាសជាសាធារណៈ កាលពីខែមីនា ថា លោក បណ្ឌិត គឺជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារនេះក៏ដោយ។
លោក ចន្ថា និយាយកាលពីម្សិលមិញថា លោកបានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការចោទប្រកាន់មកលើលោក កាលពីសប្ដាហ៍មុន។ លោកមានប្រសាសន៍បន្ដថា “ខ្ញុំបានប្ដឹងឧទ្ធរណ៍ជំទាស់នឹងការចោទប្រកាន់នេះ បន្ទាប់ពីខ្ញុំបានទទួលសាលក្រមនេះ កាល
ពីបួនប្រាំថ្ងៃមុន ពីព្រោះខ្ញុំមិនបានជាប់ពាក់ព័ន្ធនឹងអ្វីដែលពួកគេបានចោទប្រកាន់ខ្ញុំនោះឡើយ៕ ឃិន ណៃ