33 C
Phnom Penh

មិន​ទាន់​មាន​ការ​វាយ​តម្លៃពី​ផល​ប៉ះ​ពាល់​​ផ្នែកបរិស្ថានពីគម្រោងស្ថាប​នា​ផ្លូវ​ដែក​ថ្មី​របស់ចិនទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុនចិនចំនួន​ពីរ​គ្រោង​​ចាប់​ផ្តើម​ការ​ងារស្ថាប​នា​ផ្លូវ​ដែក​មួយ​ខ្សែ​ប្រ​វែង​៤០០គីឡូម៉ែត្រ​ ព្រមទាំងបង្កើត​រោង​ចក្រផលិត​ដែកថែប ​និង​កសាងកំពង់​ផែ​នៅ​ខែ​កក្កដា​ខាងមុខនេះ តែមិនទាន់មាន​​​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​​​បរិស្ថាន​ (EIA) ​នៅ​ឡើយ​ទេ ហើយ​បណ្តា​ខេត្ត​អាចទទួលរង​ផល​ប៉ះ​ពាល់​ ក៏​មិន​ទាន់​បាន​ដឹង​ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​នេះ​នៅ​ឡើយ​ដែរ។

នៅ​ក្នុង​ពិធីចុះហត្ថលេខា នៅ​​​​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោម​វត្ត​មាន​របស់​លោក ត្រាំ អីុវតិក រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណ​ការ ​និង​ដឹកជញ្ជូន ក្រុម​​ហ៊ុន​ដ៏ធំរបស់​ចិន គឺ​ក្រុម​ហ៊ុន​​​​ Cambodia Iron and Steel Mining Industry Group and China Railway Group Limited ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​មួយ​​ ដែល​​​​មាន​ទំហំ​ទឹក​ប្រាក់ប្រ​មាណ​៩,៦​ពាន់​លាន​ដុល្លារ។

ក្នុង​ផែន​ការ​ប្រ​កប​ដោយ​មហិច្ឆតា​នេះ ផ្លូវ​ដែក​មួយ​ខ្សែ​នឹង​ត្រូវ​បាន​ស្ថាប​នា​ឡើង​នៅឆ្នាំ២០១៧ ដោយចាប់ ផ្តើមពី​ចំណុច​រោង​ចក្រ​ផលិតដែកថែប ក្នុង​ខេត្ត​ព្រះ​វិហារ​ ឆ្លងកាត់​ខេត្ត​កំពង់​ធំ​ កំពង់​ឆ្នាំង​ កំពង់​ស្ពឺ និង​ខេត្តកោះ​កុង ឆ្ពោះ​ទៅ​កាន់​កំពង់​ផែ​មួយ​នៅ​លើ​កោះ​ស្មាច់ ក្នុងខេត្ត​កោះ​កុង។

លោក ម៉ុក ម៉ារ៉េត រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន ​លើក​ឡើង​ក្នុង​សារ​មួយ​កាល​ពី​ម្សិល​មិញ​ថា ឯក​សារ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​បរិស្ថាន​ពី​គម្រោង​នេះ​​​​“ មិន​ទាន់​ឲ្យ (ក្រសួង​បរិស្ថាន)

នៅ​ឡើយ​ទេ” ។ លោក​បាន​មាន​ប្រ​សាសន៍​ថា “តាម​ធម្មតា ក្រុម​ហ៊ុន​គួរតែ​បំពេញ​កាតព្វ​កិច្ច​នេះ​ ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​ពី​រដ្ឋា​ភិបាលចិន និង​ការគាំទ្រពីបណ្តា​ម្ចាស់​លុយ​របស់​គម្រោង​នេះ”។

ក្រុម​ហ៊ុន China Railways បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​លើ​គម្រោង​ផ្លូវ​ដែក​នេះ​រួចហើយ​កាល​ពី​ឆ្នាំ២០១១ ប៉ុន្តែ​មិន​ទាន់​ប្រ​កាស​លទ្ធ​ផល​ជាសាធារណៈ​នៅ​ឡើយ​ ប៉ុន្តែ​ចំណែកមន្ត្រី​រដ្ឋាភិបាលក៏​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ថា ផ្លូវរថភ្លើងនេះ​នឹង​រត់កាត់ទី​ណា​ខ្លះ​ និង​ប្រជាពលរដ្ឋប៉ុន្មាន​នាក់​នឹង​ត្រូវ​ផ្លាស់​ប្តូរទីលំនៅ​នោះ​ទេ។

លោក ពៅ ម៉ាលី អនុ​ប្រ​ធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​មាន​ប្រ​សាសន៍​ថា លោក​ជឿ​ថា គម្រោង​នេះ​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់ផ្ទះ​សំបែងរបស់ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​ ពីព្រោះ​វា​មាន​ប្រ​វែងរហូត​ដល់​ទៅ​ជាង​៤០០​គីឡូម៉ែត្រ​ឯ​ណោះ។

លោក​​មាន​ប្រ​សាសន៍​ថា “ នៅពេល​ប៉ះ​ពាល់​ផ្ទះ​ប្រ​ជាពល​រដ្ឋ​ ពួកគេ [ក្រុម​ហ៊ុន​] ត្រូវ​ផ្តល់​សំណង” ​ឲ្យស្រប​តាមច្បាប់​ភូមិបាល។

លោក ម៉ម សម្បត្តិ ប្រធាន​សម្ពន្ធ​ភាព​កម្ពុជា ដើម្បី​តម្លា​ភាព​ចំណូល​ធនធាន ដែល​ជា​ក្រុមអង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​មាន​

ប្រ​សាសន៍ថា លោ​កមាន​​​ការ​​​​ព្រួយ​បារម្ភ​អំពី​​​ផល​ប៉ះ​ពាល់របស់​​គម្រោងមកលើ​ប្រ​ជា​ពល​រដ្ឋ​ និង​មក​​​លើ​​​បរិស្ថាន។ លោក​មាន​​ប្រ​សាសន៍​ថា“ វា​នៅ​សល់តែ​​ប្រាំ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ​។​ ដើម្បីអនុវត្ត​គម្រោង​និង​​វាយ​តម្លៃ​ពីផលប៉ះពាល់ វា​ត្រូវ​​ការពេល​​ វេលា​យូរ។ ​​ការ​ពិគ្រោះ​យោ​បល់​ជា​មួយ​នឹង​សហ​គមន៍ គឺ​ជា​រឿង​សំខាន់​ណាស់”។

លោក ប៊ុន លើត អភិបាល​ខេត្ត​កោះកុង​ ​មាន​ប្រ​សាសន៍ថា លោក​​ទទួល​​បាន​ដំណឹង​អំពី​ការ​អភិវឌ្ឍ​នេះ​ ដែលរួម​មាន​ផែន​ការ​សង់​ស្ពាន​មួយ​ខ្សែ​ប្រ​វែង​បី​គីឡូម៉ែត្រ​ នៅ​ក្នុង​ស្រុក​គិរីសាគរផង ប៉ុន្តែ មិន​ទាន់​មាន​ការ​ពិភា​​​ក្សា​

អំពី​ផល​ប៉ះ​ពាល់​​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​ ឬ​ផល​ប៉ះពាល់​ទៅលើ​បរិស្ថាននៅ​ឡើយ​ទេ។ លោក​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​ទទួល​បាន​ដំណឹង​ថា នឹង​មាន​ក្រុម​ហ៊ុន​​ចិនមួយ​មក​អភិវឌ្ឍ​លើ​កោះ​នេះ ប៉ុន្តែ​ខ្ញុំ​មិនទាន់ទទួល​បាន​ឯក​សារផ្លូវ​ការ​នៅ​ឡើយ​ទេ”។

លោក កង ហ៊ាង អភិបាល​ខេត្ត​កំពង់ស្ពឺ និង​លោក អ៊ុច សាម៉ុន អភិបាល​រងខេត្ត​កំពង់​ធំសុទ្ធ​តែ​បាន​​មាន​ប្រ​សាសន៍​ថា ពួក​លោក​​បាន​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​មិន​ទាន់​ទទួលបាន​​ដំណឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស