30.1 C
Phnom Penh

អគ្គព្រះ​រាជ​អាជ្ញាថា ការ​ស៊ើប​រឿង ឈូក បណ្ឌិត នៅខ្វះ​ចន្លោះ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​សាលា​ឧទ្ធរណ៍​មួយ​រូប​​បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថា ការ​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លើ​​សំណុំ​រឿង​បាញ់​កម្ម​ការិនី​បី​នាក់ កាលពី​​ឆ្នាំ​មុន នៅ “ មាន​ចំណុច​ខ្វះ​ខាត” ហើយ​ពេល​នេះ​សា​លា​​ឧទ្ធរណ៍​នឹង​ស៊ើប​អង្កេត​បន្ថែម​ទៀត​។

លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​​ឧទ្ធរណ៍ ​បានមាន​ប្រ​សាសន៍​ថា លោក​បាន​ទទួល​​សំណុំ​រឿង​នេះ​ពី​សាលា​ដំបូង​​ហើយ ហើយថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​។

មុន​ពេល​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​​បន្ថែម​ទៀត លោក សាវុធ ​មាន​ប្រ​សា​សន៍​ថា “ យើង​បានទទួល​​សំណុំ​រឿង​ហើយ ហើយ​យើង​នឹង​ស៊ើប​អង្កេត​លើ​ចំណុច​​ខ្វះ​ខាត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង”។

លោក ទេព ផល្លា ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា សំណុំរឿង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រ​ហារ​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​សាលា​ឧទ្ធរណ៍រួចអស់​​ហើយ។ លោក​បន្ត​ថា “ យើង​បានបញ្ជូន​សំណុំ​រឿង​ទាំង​អស់​ទៅ​ជូនលោកអគ្គ​ព្រះ​រាជ​អាជ្ញារួចហើយ”។

ករណី​បាញ់​ប្រហារកម្មការិនីបី​នាក់​ឲ្យ​របួស​នេះ​ បានកើត​ឡើង​ កាល​ពីខែ​កុម្ភៈ​អំឡុង​បាតុកម្ម​ហិង្សា​មួយ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មា៉នហាតតាន់។ សាក្សី​បាន​រាយ​ការណ៍​​​​ថា លោក ឈូក បណ្ឌិត ដែល​​កាល​​នោះ​មាន​ឋានៈ​ជា​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​បាតុករ​មួយ​ក្រុម ដោយ​បណ្តាល​​​ឲ្យ​កម្មការិនីបី​នាក់​​រង​របួស។

ក្រោយ​មក​ករណី​នេះ​ ត្រូវ​​​បាន​​​ក្រសួង​​​មហាផ្ទៃស៊ើប​អង្កេត ហើយ​រក​ឃើញ​ការ​​​ពិតដោយ​​​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​​​ បាន​​​មាន​ប្រ​សា​សន៍​​​​ជា​សាធារណៈ​ថា លោក ​ ​​ឈូក បណ្ឌិត​ ​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់នៅ​​​ក្នុង​​​ករណី​​​បាញ់​​​ប្រហារ​​​នេះ។​

ទោះ​បី​ជា​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​​ករណី​នេះ​ក៏​ដោយ ក៏​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​​នឹង​លោក ឈូក បណ្ឌិត កាល​ពី​ខែ​មុន។​ ចំណែក លោក ស ចន្ថា មន្ត្រី​នគរ​បាល​ក្រុង​បាវិត​ ត្រូវ​បាន​​សាលាដំបូងខេត្តចោទ​ប្រកាន់​​កាល​ពី​ខែ​សី​ហា​ ពីបទ​ឧក្រិដ្ឋ​ដូច​គ្នា​នេះ​ គឺ​ពី​បទ​​បង្ក​របួស​ស្នាម​ដោយ​អចេត​នា។​

លោក អ៊ុក សាវុធ បាន​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់សាលាដំបូងខេត្ត ដែល​បាន​លើក​លែង​កា​រ​ចោទ​ប្រ​កាន់​ប្រឆាំង​នឹង​លោក ឈូក បណ្ឌិត កាល​ពី​ថ្ងៃទី​២១ ខែ​ធ្នូ។​

យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​ និង​អ្នក​ឃ្លាំមើល​តុលាការ​ បាន​ឲ្យ​ដឹង​ថា ករណី​បាញ់​ប្រហារ ​នៅ​ក្នុងក្រុង​​​បាវិត​​​ ខេត្ត​ស្វាយ​រៀង​នេះ​​​ ត្រូវ​រាំង​​​ស្ទះដោយ​សារតែ​ស្ថានភាព​ក្រ​ឡាប់​ចាក់​​​បែប​នេះ។​

ជន​រង​គ្រោះ​បី​នាក់ក៏​​បាន​រាយ​ការណ៍​​ផង​ដែរ​ថា តំណាង​របស់​មន្ត្រី​រដ្ឋា​ភិបាល​បាន​មក​សួរ​សុខ​ទុក្ខ​ពួកគេ​ ក្នុង​នោះ​មាន​ លោក​ជំទាវ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ម៉ែន​ សំអន​ ដែល​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ពួកគេ​មិន​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹងប្រឆាំង​នឹង​លោក ឈូក បណ្ឌិត​ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​ ឬ​អំណោយ​។

កាល​ពី​ខែ​មីនា លោក ហ៊ឹង ប៊ុនជា ព្រះរាជ​​​​​​អាជ្ញា​​​អម​​​សាលាដំបូង​​​ខេត្ត​​​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា លោក ឈូក បណ្ឌិត បាន​ដក​កាំ​ភ្លើង​ខ្លី​របស់​ខ្លួន​បាញ់​ឡើង​លើ​​​។ ប៉ុន្ដែ​​​​ក្រោយ​មក​លោកបែរជា​​​មាន​ប្រសាសន៍​ថា លោក​ ឈូក បណ្ឌិត គ្រាន់​តែ​បាន​ដក​កាំ​ភ្លើង​ខ្លី​តម្រង់​ទៅ​លើ​មែន​ តែ​គាត់​មិន​បាន​បាញ់​មួយ​គ្រាប់​ណា​ឡើយ។

អង្គការ​សិទ្ធិ​មនុស្ស​ កាល​ខែធ្នូ ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ ចំពោះ​ការ​សម្រេច​របស់​តុលា​​​ការ​​​។ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​នៅ​​​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា វា​ជា​​​​ឧទាហរណ៍​មួយ​​ទៀតបង្ហាញពី​ “វប្ប​ធម៌​​ និទណ្ឌភាព​ និង​ការ​មិន​គោរព​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានផលលំបាក​​”។

សេចក្តី​ថ្លែង​ការណ៍​ដដែលនេះបាន​លើក​ឡើង​ថា “ អ្នក​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​រដ្ឋា​ភិបាល អាច​រួចខ្លួនពី​បទ​ល្មើសឧក្រិដ្ឋ​ធ្ងន់​រី​ឯ​ប្រជា​ពល​រដ្ឋ​ក្រី​ក្រ​មិន​ដែល​ទទួ​ល​បាន​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​ឡើយ​ ហើយ​ពួក​គាត់​ក៏​លែង​ជឿ​លើ​ប្រព័ន្ធ​តុលា​ការ​ក្នុងប្រទេស​កម្ពុជា​ទៀត​ដែរ”។

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ក៏​បាន​អំពាវ​នាវ​ឲ្យ​រោង​ចក្រផលិត​ស្បែក​ជើង​កីឡា​ម៉ាក ពូម៉ា (PUMA) របស់​ប្រទេស​អាល្លឺ​ម៉​ង់​​ ឲ្យ​ដក​រោង​ចក្រផលិតស្បែកជើង​របស់​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា​ដែរ​។

អ្នកស្រី​ គុយ លក្ខណ៍ អាយុ​៥២ឆ្នាំ ម្តាយ​នាង ប៊ុន ចិន្ដា ដែល​រង​របួសសួត​ដោយ​​​អំពើ​​​បាញ់​ប្រហារ​នោះ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​សប្បាយចិត្ត​ណាស់​ នៅពេលដឹងថា សាលា​ឧទ្ធរណ៍បើកការ​សើុប​អង្កេត​ករណី​នេះ​ឡើងវិញបែប​​​នេះ​​​។

អ្នកស្រី​ គុយ លក្ខណ៍ ​មាន​ប្រសាសន៍​​ថា “ខ្ញុំ​សង្ឃឹម​ថា សាលា​ឧទ្ធរណ៍​នឹង​រក​យុត្តិ​ធម៌​ឲ្យ​យើង​ និង​ផ្តន្ទាទោស​លោក ​ឈូក ​បណ្ឌិត ដែល​បានដកកាំភ្លើង​ផ្ទាល់​ខ្លួន​បាញ់កូន​ស្រី​របស់​ខ្ញុំ​ និង​កម្មការិនី​ដទៃទៀត​​”៕សុខុម

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស