30.7 C
Phnom Penh

ក្រសួង​សុខាភិបាល​រាយការណ៍ថា កម្ពុជា​ឈាន​ទៅ​រក​ការ​លុប​បំបាត់ជំងឺ​កញ្ជ្រិល​នៅ​ទូ​ទាំង​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​សុខាភិបាល​បាន​លើក​ឡើង​​​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ កាល​ពី​ម្សិល​មិញ​ថា កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស​ដោយ​សារ​តែ​​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​​ថ្នាក់​ជាតិ​រាយ​ការណ៍​ថា ​គ្មាន​ករណី​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​១២ខែពេញ កាលពីឆ្នាំ​មុន​។

វេជ្ជបណ្ឌិត ភៀតធើ វ៉ាន់ម៉ារិន (Dr. Pieter van Maaren)​ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍នេះ​ថា “ខ្ញុំ​​ជឿ​ជាក់​ថា កម្ពុជា​អាច​​​នៅ​តែ​អាច​សម្រេច​បាននូវ​​ស្នា​ដៃ​របស់​ខ្លួន​ក្នុង​ការ​ទប់​ស្កាត់​​ជំងឺ​កញ្ជ្រិល​ក្នុង​រយៈ​ពេល​២ឆ្នាំ​ទៀត​ ដើម្បី​ឲ្យ​ [អង្គការ​សុខ​ភាព​ពិភពលោក​] ទទួល​ស្គាល់​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​​គ្មាន​ជំងឺ​កញ្ជ្រិល”។

ខណៈ​ដែល​ជំងឺ​កញ្ជ្រិល​​ជា​ជំងឺ​​មាន​អត្រា​ឆ្លង​ខ្ពស់​​ និង​អាច​​ចាក់​ថ្នាំ​បង្កា​របាន​ ​មិន​បណ្តាល​ឲ្យ​ស្លាប់​ដោយ​ផ្ទាល់​ក៏ដោយ​ ក៏ជំងឺ​កញ្ជ្រិល​ដែល​បង្កឲ្យ​មាន​​​រោគ​សញ្ញា​ស្មុគស្មាញ​ ​​ដូច​ជា ជំងឺ​រលាកទង​សួត​ ជំងឺរាក និង​ជំងឺរលាក​ខួរ​ក្បាល​ ​អាច​បណ្តាល​ឲ្យ​ស្លាប់​បាន​ដែរ។

យោង​តាម​ទិន្នន័យ​អង្គការ​សុខភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ​ករណី​ឆ្លង​ជំងឺ​​កញ្ជ្រិល​មាន​​ចំនួន​៧២២​ករណី​​ដែល​ទើប​តែកើត​ឡើង​ថ្មីៗនៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ខែវិច្ឆិកា​ ឆ្នាំ​២០១១។ បើ​ធៀប​ទៅ​នឹង​​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដូចជា​ ប្រទេស​​​វៀតណាម ជា​ដើម​មាន​​ករណី​ជំងឺ​កញ្ជ្រិល​៤០០​ករណី​ក្នុង​ឆ្នាំ​២០១២​ ចំណែក​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅរក​ការ​លុប​បំបាត់​ជំងឺ​កញ្ជ្រិល​ទាំង​ស្រុង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​​​សុខា​​​ភិបាល​បាន​មាន​ប្រសាសន៍ថា យុទ្ធនា​ការ​​ចាក់​ថ្នាំ​បង្ការ​ទ្រង់​ទ្រាយ​ធំ​ព្រម​ទាំង​ការ​ចាក់​ថ្នាំ​ការពារ​ធម្មតា ដែល​រដ្ឋា​ភិបាល​បាន​អនុវត្ត​កន្លង​មក​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​​ធ្វើ​ឲ្យ​ជំងឺកញ្ជ្រិល​ធ្លាក់​ចុះ​​ កាល​ពី​ឆ្នាំ​មុន។

បច្ចុប្បន្ន​នេះ​​​ រដ្ឋាភិបាល​ផ្តល់​សេវា​ចាក់​ថ្នាំ​​បង្ការ​ជំងឺកញ្ជ្រិល​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ក្រោម​អាយុ​២ឆ្នាំ​ទាំង​អស់។ កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​ ក្រសួង​សុខា​ភិបាល​បាន​បង្កើត​កម្ម​វិធី​មួយ​ដើម្បី​ចាក់​​​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រិលលើក​ទី​២សម្រាប់​កុមារ​​​​​​​​​អាយុ​១៨ខែ ពីព្រោះ​​ការ​​ចាក់​​វ៉ាក់សាំង​លើកទី១​​​​ដែល​ជា​ទូ​ទៅ​គ្រប់​គ្រាន់​​នោះ​ ​ការ​ចាក់​វ៉ាក់​សាំង​​លើក​ទី២អាច​ការពារ​បាន​កម្រិត​ខ្ពស់​បំផុត​។

លោក ម៉ម ប៊ុនហេង បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍នោះថា “ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាចលុប​បំបាត់​ជំងឺ​កញ្ជ្រិល​បាន​រហូត​នោះ​ ក្រសួង​សុខា​ភិបាល​​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​បន្តផ្តល​់​សេវា​ចាក់​ថ្នាំ​បង្ការ​ដល់​​កុមារ​ និងមាតា​ដល់​កន្លែង​រស់​នៅ​របស់​ពួកគេ​តែម្តង​”។

លោក អ៊ុង រតនា អនុ​ប្រ​ធាន​មន្ទីរ​សុខា ភិបាល​​​​ខេត្ត​រតន​គិរី ​បាន​​​មាន​ប្រ​សាសន៍​​​កាល​​​ពី​ម្សិល​មិញ​ថា មន្ទីរ​របស់​លោក​មិន​ទាន់​បាន​ចូល​ទៅ​ដល់​កុមារ​ដែល ត្រូវ​ទទួល​វ៉ាក់​សាំង​កាល​ពី​ឆ្នាំ​មុនឲ្យ​បាន​ទាំង​អស់​នៅ​​ឡើយ​ទេ។ លោក​លើក​ឡើង​ថា “យើង​ទើប​តែ​​​ផ្តល់​វ៉ាក់សាំង​បាន​៨៧ភាគ​រយ​ប៉ុណ្ណោះ​​​ក្នុង​ចំណោម​កុមារ​៥.៦០០​នាក់​ [នៅ​ក្នុង​ខេត្ត​នេះ] ដែល​មាន​អាយុ​ក្រោម​១​ឆ្នាំ”។

លោក រីឆាដ ដាន់ឃែន (Richard Duncan) មន្ត្រី​បច្ចេក​ទេសទទួល​បន្ទុក​កម្ម​វិធី​បង្កើន​​ការ​​ចាក់​ថ្នាំ​បង្កា​របស់​អង្គ​ការ​សុខភាព​ពិភព​​​លោក ​ មានប្រ​សាសន៍​ថា កម្ម​វិធី​របស់​លោក​ផ្តោត​លើ​សហ​គមន៍​ទាំង​នេះ​ដែល​ត្រូវ​បាន​កំណត់​ថា ​ប្រ​ឈម​នឹង​ហា​និភ័យ​​ខ្ពស់ រួម​ទាំង​ប្រ​ជា​ពល​រដ្ឋ​​ក្រី​ក្រ​ក្នុង​ក្រុង​ ពល​ករ​ចំណាក​ស្រុក ​និង​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​តិចផង។

លោក រីឆាដ ដាន់ឃែន ​​​​មាន​​​ប្រសាសន៍​​​​​​បន្ថែម​​​ទៀត​​​ថា “យើង​បាន​រក​ឃើញ​ថា កុមារ​នៅ​ក្នុង​សហ​គមន៍​ទាំង​នេះ​ទំនង​ជា​មិន​បាន​ទទួល​​ថ្នាំ​បង្ការ​ទេ”។ លោក​​បន្ថែម​ថា កាល​ពី​ឆ្នាំ​មុន កម្ម​វិធី​នេះ​បាន​ផ្តោតលើ​កុមារ​​នៅ​ក្នុង​ខេត្ត​រតនគិរី ក្រ​ចេះ និង​បាត់ដំបង។

 

លោក​មាន​ប្រសាសន៍​ទៀត​ថា “កត្តា​នេះ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ប្រា​កដ​ថា មន្ត្រី​សុខា​​​ភិបាល​មាន​ធន​ធាន​គ្រប់​គ្រាន់​ដើម្បី​ចុះ​ទៅ​តំបន់​ទាំង​នោះ​យ៉ាង​ហោច​ណាស់​ចំនួន​បួន​លើក​ក្នុង​មួយ​ឆ្នាំ​។វា​អាចជួប​ការ​លំបាក​ខ្លាំង​នៅ​ក្នុង​ខេត្ត​រតន​គិរី ពីព្រោះ​ជាញឹក​ញាប់​ផ្លូវ​ថ្នល់​ចូល​ទៅ​មិន​ដល់នៅ​ក្នុង​រដូវ​វស្សា”។

បន្ថែម​ពី​លើ​ការ​ពង្រឹងការ​ផ្តល់​សេវា​សុខាភិបាលនៅក្នុង​តំបន់​ជន​បទ​ទាំង​នេះ​ លោក ដាន់ឃែន បាន​គូស​បញ្ជាក់ពី​បញ្ហា​នៃ​ការ​យល់​ដឹង​និង​ការទទួល​យក​​ពី​​សហ​គមន៍។

លោក​បាន​​​បន្ត​ថា “សូម្បី​នៅ​ពេល​ចាក់​ថ្នាំ​បង្ការ​​​​មិន​គិត​ថ្លៃក្តី ក៏​គ្រួសារ​ខ្លះ​ ជា​ពិសេស​សហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិចតែ​ម្តង​​ មិន​ព្រម​អនុញ្ញាត​ឲ្យ​កូនៗ​របស់​ពួកគាត់​ទទួល​វ៉ាក់សាំង​ឡើយ​​​ពីព្រោះ​ពួកគាត់​មិន​យល់​ពី​កម្ម​វិធី​នេះ”៕សុផាណ្ណា និង សុខុម

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស