30 C
Phnom Penh

​​​រដ្ឋមន្ត្រី​​​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​​​​៖ រដ្ឋាភិបាល​មិន​សូវ​បាន​ដឹង​អំ​​​​ពី​​​គម្រោងផ្លូវ​ដែក​​របស់​​​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​​សាធារណការ​និង​ដឹក​​​ជញ្ជួន ដែល​​​បាន​​ពិនិត្យ​​​​មើល​​​​​​​ពិធី​​​​ចុះ​​​ហត្ថ​លេខា​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ  ដើម្បី​​​​សាង​សង់​ផ្លូវ​រថភ្លើង​​មួយ​​ខ្សែ​​​​​​​​​​ប្រវែង​​​៤០០​​​គីឡូម៉ែត្រ​​​នោះ បាន​​​មាន​​​ប្រ​​​សាស​​​ន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​មិន​​សូវ​បាន​​​ដឹង​​​​អំពី​​​គម្រោង​​​នេះទេ។

ក្រុម​​​ហ៊ុន​​​ឧស្សា​​​ហកម្ម រ៉ែដែក និង​​​ដែក​​​ថែប​​​កម្ពុជា (Cambodia Iron and Steel Mining Industry Group) និង​​​ក្រុម​​​ហ៊ុន​ផ្លូវ​​​ដែក​​​​ចិន​(China Railway Group) បាន​​​ចុះហត្ថលេខា​​​លើ​​​​អនុស្សរណៈ​នៃ​ការ​​​​យោគយល់​​​គ្នា​​​មួយ ​ដើម្បី​​​​កសាង​​​រោង​​​ចក្រ​​​ស្លដែក​​​មួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ កំពង់​​​ផែ​​​សមុទ្រ​​​ថ្មី​​​មួយ​​​នៅ​​​ខេត្ត​​​កោះ​​​កុង និង​​​ផ្លូវ​​​ដែក​​​មួយ​ខ្សែ​​​​ ត​​​ភ្ជាប់​​​ទៅ​​​កន្លែង​​​ទាំង​​​ពីរ​​​នេះ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ចំនួន​៩,៦ពាន់លាន​​​ដុល្លារ។

ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​មក​​​ពី​​​ខេត្ត​​​ពាក់​​​ព័ន្ធ​​​ទាំង​​​ពីរ​​​នេះ និង​ក្រសួង​ផ្សេងៗ​​​ទៀត បាន​​​បង្វែរ​​​​សំណួរ​​​អំពី​​​គម្រោង​​​នេះ​​​ទៅ​​​ក្រសួង​​​សាធារណ​​​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​វិញ។

លោក ត្រាំ អុីវ​​​តឹក រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​សាធារ​ណការ​និង​​​ដឹក​​​ជញ្ជូន ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​ ក៏​​​មិន​​​បាន​​​ដឹង​​​ច្រើន​​​អំពី​​​គម្រោង​​​នេះ​​​ដែរ។

លោក អុីវតឹក ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​នឹង​​​ធ្វើ​​​អ្វី​​​នោះ​​​ទេ។​យើង​​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​​​​ប្រសិន​​​បើ​​​ក្រុម​ហ៊ុន​​​​ចិន​​​ទាំង​​​ពីរ​​​នេះ អាច​​​ធ្វើ​​​បាន​​​មែន​​​នោះ វា​​​នឹង​​​ជួយ​​​សេដ្ឋកិច្ច​​​​​​កម្ពុជា​​​ បាន​​​យ៉ាង​​​ច្រើន”។ លោកបាន​បន្តថា “ ត្រឹម​​​តែ​​​១០​​​ភាគរយ​​​នៃ​​​គម្រោង​​​នេះ គឺ​​​វា​ច្រើន​​​ណាស់​​​ គឺ​​​​មាន​​​​​១​ពាន់​​​​លាន​​​ដុល្លារ​ទៅ​ហើយ​”។

គេ​​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា ផ្លូវ​ដែក​​នេះ​​​​នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ទី​​​ណា​​​ ​ត្រូវ​មាន​ដី​​​​ដោយ​វិធី​ណា​ ​និង​ត្រូវ​​​​ផ្លាស់​ទី​លំនៅ​ប្រជា​​​ពលរដ្ឋ​​​​​​ប៉ុន្មាន​គ្រួសារ ដោយ​​​សារ​​​គម្រោង​​​នេះ។

លោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រី​​​ក្រសួង​​​បរិ​ស្ថាន ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​វាយ​​​តម្លៃ​​​អំពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ជូន​​​ពិនិត្យ​​​​​សម្រាប់​​គម្រោង​​​​ដែល​​ត្រូវ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​នៅ​​​ខែ​​​កក្កដា​នោះ​ទេ។

​​​លេខា​​​ម្នាក់​​​នៅ​​​ការិយាល័យ​​​​​​ក្រុម​​​ហ៊ុន​ឧស្សា​​​ហកម្ម​​​រ៉ែ ដែក​​​និង​​​ដែក​​​ថែប​​​​​​នៅ​​​ខណ្ឌ​​​ទួល​​​គោក បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា ​មន្ត្រី​​​ក្រុម​​​ហ៊ុន​​​បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ រហូត​​​ដល់​​​ក្រោយ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​នៅ​​​ខែ​​​កុម្ភៈ​​​ខាង​​​មុខ​​​នេះ។

បុរស​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​គ្មាន​​​ពាក់​​​ស្លាក​​​សញ្ញា បាន​​​ដើរ​​​​ចុះ​ដើរ​ឡើង​នៅ​​​​ការិយាល័យ​​​​​នេះ ដែល​​​មាន​​​​អគារ​ផ្ទះ​ល្វែង​មួយ​ប្លុក​​​​​ដាក់​សញ្ញា​​ “ អគារ​ផ្ទះ​ល្វែង​​​​ក្រុម​​​ហ៊ុន​​​​រ៉ែ​ដែក​​​កម្ពុជា ​(Cambodia Iron Group Apartment)។ ផែន​​​ការ​​​ដំបូង សម្រាប់​​​រោង​​​ចក្រ​​​ស្លដែក​នេះ​ បាន​​​ដាក់​​​ពី​​​លើ​​​រូប​​​ភាព​​​តំបន់​​​ព្រៃ​​​ឈើ​​​មួយ​​​កន្លែង​​​នៅ​​​លើ​​​ជញ្ជាំង​​​ការិយា​​​ល័យ​​​ក្រុម​​​ហ៊ុន​​​នេះ។

យោង​​​តាម​​​​មន្ទីរ​ឧស្សាហកម្ម រ៉ែ​​​និងថាម​​​ពល​​ខេត្ត​​​ព្រះ​​​វិហារ បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​នេះ ​ក្រុម​​​​ហ៊ុន​​​នេះ មាន​​​លិខិត​​​អនុញ្ញាត ឲ្យ​​​រុក​​​រក​​​រ៉ែ​​​ដែក​​​ ប៉ុន្តែ​​​​​​មិន​​​ទាន់​បាន​​​ជីក​​​យក​​​រ៉ែ​​​​​​នៅ​​​ឡើយ​​​ទេ។

កាល​​​ពីខែ​​​​​​ឧសភា ឆ្នាំ​​​២០០៧ ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន អាប៉េ រាយ​​​ការណ៍​​​ពី​​​ក្រុង សៀង​​​ហៃ ថា ក្រុមហ៊ុន​​​ដែក​​​ថែប​​​ចិន​​​ធំៗ​​​បួន ដែល​​​ជា​​​របស់​​​រដ្ឋ​​​ ដូច​​​ជា ក្រុម​​​ហ៊ុន Wuhan Iron and Steel ​​ក្រុមហ៊ុន​ Baosteel Group ក្រុម​ហ៊ុន ​Anshan Iron and Steel Group និង​​​ក្រុម​ហ៊ុន ​Shougang Iron and Steel បាន​​​រួម​​​គ្នា​​​រុក​​​រក​​​រ៉ែ​​​ដែក នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ ដើម្បី​​​បំពេញ​​​កង្វះ​​​ខាត​​​​​​របស់​​​​​​ចិន លើ​​​ការ​​​ផ្គត់​​​ផ្គង​​​់​​​ដែក​​​ថែប​​​របស់​​​ខ្លួន​​។

លោក ហ្សាង ឈួន លី (Zhang Chuan Ly) ប្រធាន​​​ ក្រុមហ៊ុន Cambodia Iron and Steel Mining Indusry Group បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី ​ថ្ងៃ​​​ច័ន្ទ​​​ថា ក្រុម​​​ហ៊ុន​​​នេះ ត្រូវ​​​បាន​​​​​​គាំ​​​ទ្រ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ដែក​​​ថែប​​​ធំៗ​​​បួន៕ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស