27.5 C
Phnom Penh

ក្នុង​ឆ្នាំ​២០១២ វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើនយ៉ាង​​ខ្លាំង 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ អេស៊ី​លីដា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលី​ដា​កើន​ឡើង​ជាង​មួយ​ភាគ​បួន​ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ធនាគារ​ឈាន​មុខ​គេ​ផ្សេងៗ​ទៀត​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ខ្លួន​ទទួល​បានការ​រីក​ចម្រើន​ខ្លាំងផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១២។

លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​មាន​ប្រសាសន៍​ថា ប្រាក់​ចំណេញរបស់​ធនាគារ​អេស៊ីលីដា​ ឆ្នាំ​២០១២ ​មាន​ចំនួន​៦៣,៨​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ឆ្នាំ​២០១១​ បានចំនួន​​​៤៩,៦លាន​ដុល្លារ។

លោក​មាន​ប្រសាសន៍​ថា ​ការ​រីក​ចម្រើននេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​ពី​ប្រាក់​ឈ្នួល​ថ្លៃ​សេវា​នានា​ ដែល​ធនាគារ​ប្រមូល​បាន​ ហើយ​ធនាគារ​កំពុង​បង្កើនទំហំ​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ ព្រម​ទាំង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​​របស់​ខ្លួន។

លោក​បាន​បញ្ជាក់​ថា “ ​[ការ​រីក​ចម្រើន​នេះ​] គឺ​ទទួល​បាន​ពី​ចំណុច​មួយ​ចំនួន​ ដូច​ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ និង​ប្រាក់​ឈ្នួល​ពី​សេវាផ្ទេរ​បញ្ញើ​ជាដើម។ មីក្រូ​ហិរ​ញ្ញ​វត្ថុ​តែង​តែ​ជា​ផ្នែកមួយ​នៃ​ការ​រីក​ចម្រើន​នោះ​។ យើង​គឺ​ជា​ធនាគារ​តែ​មួយ​គត់​ដែល​មាន​បណ្ដាញ​ [សាខា] ​ច្រើន​ដូច្នេះ​”។

លោក​​​មាន​ប្រសាសន៍​ថា ធនាគារ​អេស៊ី​លីដា​ព្យាករ​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​អាច​​កើន​ឡើង​បាន​ជិត​មួយ​ភាគបួន​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក​បាន​ព្យាករ​ថា ធនា​គារ​​អេស៊ីលីដា​ នឹង​អាច​រក​ប្រាក់​ចំណេញ​​បានចំនួន​៧៧,៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​នេះ​។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​ ធនាគារ​អេស៊ីលីដា ​មាន​ឥណទាន​​ ដែល​អតិថិជន​នៅ​ជំពាក់​សរុប​ចំនួន​១,២៥​ពាន់លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ពី​ឆ្នាំ​២០១១ ចំនួន​២៤,៥​ភាគរយ​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ផ្ដល់​ឥណទាន​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ខិត​ខំ​បង្កើន​ប្រាក់​ចំណូល​របស់​យើង​ឲ្យ​បាន​ជា​អតិបរមា​ ដោយ​មិន​ផ្ដល់​ឥណទាន​ធំពេក​នោះ​​ទេ​ ក៏ប៉ុន្ដែ យើង​ជ្រើស​រើស​យក​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​។ ប្រាក់​ចំណេញ​មាន​កម្រិត​ខ្ពស់​ ហើយ​ថែម​ទាំង​អាច​ជឿ​ទុក​ចិត្ត​បាន​ច្រើន​ជាង​ផងដែរ​”។

លោក​ មៃឃើល ឡូ (Michael Lor) នាយក​​ធនាគារ​កាណាឌីយ៉ា​ បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​អាច​បញ្ចេញ​តួលេខ​ឆ្នាំ​២០១២​បាន​ទេ​ ទាល់​តែ​ក្រុម​ប្រឹក្សា​នាយក​របស់​ធនា​​គារ​ចេញ​សេចក្ដី​សម្រេច​លើ​តួលេខ​នេះ​​សិន​ទើប​អាច​ចេញ​បាន​ ក៏ប៉ុន្ដែ​ លោក​បាន​ឲ្យ​ដឹង​ថា តួលេខ​ឆ្នាំ​២០១២​ “ពិត​ជា​មាន​ភាព​​វិជ្ជមាន​”។

លោក​ មៃឃើល ឡូ ​បាន​មាន​ប្រសាសន៍​បន្តទៀតថា​ “នៅ​ឆ្នាំ​នេះ​ធនាគារ​ផ្តោត​លើ​ធន​បម្រុង​ ជាជាង​ផ្តោត​តែ​លើ​កំ​ណើន​តែ​មួយ​មុខ​”  ដោយ​លោក​ពន្យល់​ថា​ ស្ថាន​​ភាព​សេដ្ឋ​កិច្ច​សាកល​មិន​ប្រាកដ​ប្រជា​បាន​ធ្វើ​ឲ្យ​មាន​ការ​រៀប​ចំ​គោល​ការ​ផ្តល់​ឥណទាន​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ឯធនាគារ​។

លោក​ ផាន យ៉ីងតុង (Phan Ying Tong) នាយក​ប្រចាំ​ប្រទេស​របស់​ធនាគារ​កម្ពុជា​សាធារណៈ​ ក៏​បាន​មាន​​ប្រសាសន៍​ផងដែរ​ថា លទ្ធផល​ជា​ផ្លូវ​ការ​មិន​ទាន់​សម្រេច​ចេញនៅ​​ឡើយ​ទេ​ ក៏​ប៉ុន្ដែ លោក​សង្ឃឹម​ថា ប្រាក់​ចំណេញ​នឹង​កើន​ឡើង​បាន​ជាង​១៥​ភាគរយ​។

លោក​បាន​ថ្លែង​ថា​ ការ​កើន​ឡើង​ប្រាក់​ចំ​ណេញ​នេះ​គឺ​ដោយសារ​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ល្អ​ និង​មាន​វិនិយោគ​ទុន​ចូល​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ ហើយ​ធ្វើ​ឲ្យ​ឥណទាន​របស់​ធនាគារ​កើន​ឡើង​ទៅ​តាម​នោះ​ដែរ​”។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ផ្តល់​ឥណ​ទាន​របស់​ធនាគារ​កម្ពុជា​សាធារណៈ​ភាគ​ច្រើន​កាល​ពី​ឆ្នាំ​មុន​គឺ​ផ្តល់​ឲ្យ​ខាង “​អាជីវកម្ម​តូចៗ​ ខាង​វិស័យ​នាំ​ចេញ​នាំ​ចូល​ និង​ខាង​អាជីវកម្ម​លក់​ដុំ​”។

កាល​ពី​ខែ​មុន​ ធនាគារ​ពិភព​លោក​បាន​កែ​សម្រួល​​ការ​ព្យាករ​របស់​ខ្លួន​ឡើង​វិញ​ ដោយ​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​អាច​កើន​បាន​ចំនួន​៦,៦​ភាគ​រយ​នៅ​ក្នុង​ឆ្នាំ​២០១២។​ តួលេខ​ចុង​ក្រោយ​បំផុត​ដែល​ចេញ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​បង្ហាញ​ថា​ ការ​នាំ​ចូល​ក៏​កើន​ឡើង​ជិត​២៣​ភាគ​រយ​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​១១​ខែ​ដំបូង​ឆ្នាំ​២០១២ជាដើម។

លោក​ ស្រី​ ងួន​ សុខា​ អគ្គនាយិកា​ធនា​គារជាតិ​នៃ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ធនា​គារទាំង​នេះ​នៅ​មិន​ទាន់​រាយការណ៍​លទ្ធ​ផល​ប្រចាំ​​ឆ្នាំ​ជូន​ធនាគារ​ជាតិ​នៅ​ឡើយ​ទេ​ ក៏​ប៉ុន្តែ​បើពិនិត្យ​មើល​តួលេខកាល​ខែ​វិច្ឆិកា​ លោក​ស្រី​គិត​ថា​ ការ​ផ្តល់​ឥណទាន​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០១២​អាច​កើន​ឡើង​ចំនួន​៣០​ភាគ​រយ។

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ “ភាគ​ច្រើន​គឺ​ខាង​វិស័យ​កសិកម្ម​ ដោយ​លោក​ស្រី​បន្ថែម​ថា​ ឥណទាន​ ដែល​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ប្រជា​កសិករ​មាន​ការ​កើន​ឡើង​ទ្វេ​ដង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន។​ យើង​ឃើញ​មាន​ការ​កើន​ឡើង​[ឥណទាន]​ទាំង​ខាង​ការ​ផ្តល់​ឥណទាន​ឲ្យ​ក្រុម​ហ៊ុន​ និង​ការ​ផ្តល់​ឥណទាន​ឲ្យ​បុគ្គល​ ជា​ពិសេស​គឺ​ការ​ផ្តល់​ឥណទាន​ឲ្យ​អ្នក​ទិញ​ផ្ទះ​បង់​រំលោះ”។​

លោកស្រី​បាន​បន្តទៀតថា “នេះ​គឺ​ជា​សញ្ញា​ល្អ​ ពី​ព្រោះ​តាម​ពិត​ទៅ​ ប្រសិន​បើ​ការ​ផ្តល់​ឥណ​ទាន​ទិញ​បង់​រំលោះ​នេះ​កើន​ឡើង​ នោះ​មាន​ន័យ​ថា​ ប្រជា​ពល​រដ្ឋ​មាន​កម្រិត​ជីវ​ភាព​រស់​នៅ​ប្រសើ​រឡើង​ និង​មាន​ស្ថិរភាព​ប្រាក់​ចំណូល​”៕ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស