ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឲ្យដឹងថា ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដាកើនឡើងជាងមួយភាគបួនក្នុងឆ្នាំ២០១២ ខណៈដែលថ្នាក់ដឹកនាំធនាគារឈានមុខគេផ្សេងៗទៀតក៏ឲ្យដឹងផងដែរថា ខ្លួនទទួលបានការរីកចម្រើនខ្លាំងផងដែរនៅក្នុងឆ្នាំ២០១២។
លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា មានប្រសាសន៍ថា ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា ឆ្នាំ២០១២ មានចំនួន៦៣,៨លានដុល្លារ ពោលគឺកើនឡើងពីឆ្នាំ២០១១ បានចំនួន៤៩,៦លានដុល្លារ។
លោកមានប្រសាសន៍ថា ការរីកចម្រើននេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលពីប្រាក់ឈ្នួលថ្លៃសេវានានា ដែលធនាគារប្រមូលបាន ហើយធនាគារកំពុងបង្កើនទំហំសេវាកម្មធនាគារពាណិជ្ជ ព្រមទាំងប្រតិបត្តិការមីក្រូហិរញ្ញវត្ថុរបស់ខ្លួន។
លោកបានបញ្ជាក់ថា “ [ការរីកចម្រើននេះ] គឺទទួលបានពីចំណុចមួយចំនួន ដូចជាសេវាធនាគារតាមទូរស័ព្ទចល័ត និងប្រាក់ឈ្នួលពីសេវាផ្ទេរបញ្ញើជាដើម។ មីក្រូហិរញ្ញវត្ថុតែងតែជាផ្នែកមួយនៃការរីកចម្រើននោះ។ យើងគឺជាធនាគារតែមួយគត់ដែលមានបណ្ដាញ [សាខា] ច្រើនដូច្នេះ”។
លោកមានប្រសាសន៍ថា ធនាគារអេស៊ីលីដាព្យាករថា ប្រាក់ចំណេញរបស់ខ្លួននឹងអាចកើនឡើងបានជិតមួយភាគបួនទៀត នៅក្នុងឆ្នាំ២០១៣ ដោយលោកបានព្យាករថា ធនាគារអេស៊ីលីដា នឹងអាចរកប្រាក់ចំណេញបានចំនួន៧៧,៧លានដុល្លារនៅឆ្នាំ២០១៣នេះ។
លោកក៏បានឲ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ធនាគារអេស៊ីលីដា មានឥណទាន ដែលអតិថិជននៅជំពាក់សរុបចំនួន១,២៥ពាន់លានដុល្លារ ពោលគឺកើនឡើងពីឆ្នាំ២០១១ ចំនួន២៤,៥ភាគរយ ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីការកើនឡើងនៃការផ្ដល់ឥណទាន។
លោកបានមានប្រសាសន៍ថា “យើងខិតខំបង្កើនប្រាក់ចំណូលរបស់យើងឲ្យបានជាអតិបរមា ដោយមិនផ្ដល់ឥណទានធំពេកនោះទេ ក៏ប៉ុន្ដែ យើងជ្រើសរើសយកអាជីវកម្មខ្នាតតូច និងមធ្យម។ ប្រាក់ចំណេញមានកម្រិតខ្ពស់ ហើយថែមទាំងអាចជឿទុកចិត្តបានច្រើនជាងផងដែរ”។
លោក មៃឃើល ឡូ (Michael Lor) នាយកធនាគារកាណាឌីយ៉ា បានមានប្រសាសន៍ថា លោកមិនអាចបញ្ចេញតួលេខឆ្នាំ២០១២បានទេ ទាល់តែក្រុមប្រឹក្សានាយករបស់ធនាគារចេញសេចក្ដីសម្រេចលើតួលេខនេះសិនទើបអាចចេញបាន ក៏ប៉ុន្ដែ លោកបានឲ្យដឹងថា តួលេខឆ្នាំ២០១២ “ពិតជាមានភាពវិជ្ជមាន”។
លោក មៃឃើល ឡូ បានមានប្រសាសន៍បន្តទៀតថា “នៅឆ្នាំនេះធនាគារផ្តោតលើធនបម្រុង ជាជាងផ្តោតតែលើកំណើនតែមួយមុខ” ដោយលោកពន្យល់ថា ស្ថានភាពសេដ្ឋកិច្ចសាកលមិនប្រាកដប្រជាបានធ្វើឲ្យមានការរៀបចំគោលការផ្តល់ឥណទានដោយប្រុងប្រយ័ត្ននៅឯធនាគារ។
លោក ផាន យ៉ីងតុង (Phan Ying Tong) នាយកប្រចាំប្រទេសរបស់ធនាគារកម្ពុជាសាធារណៈ ក៏បានមានប្រសាសន៍ផងដែរថា លទ្ធផលជាផ្លូវការមិនទាន់សម្រេចចេញនៅឡើយទេ ក៏ប៉ុន្ដែ លោកសង្ឃឹមថា ប្រាក់ចំណេញនឹងកើនឡើងបានជាង១៥ភាគរយ។
លោកបានថ្លែងថា ការកើនឡើងប្រាក់ចំណេញនេះគឺដោយសារមានស្ថានភាពសេដ្ឋកិច្ចល្អ និងមានវិនិយោគទុនចូលក្នុងប្រទេសកម្ពុជាកាន់តែច្រើន ហើយធ្វើឲ្យឥណទានរបស់ធនាគារកើនឡើងទៅតាមនោះដែរ”។
លោកបានឲ្យដឹងទៀតថា ការផ្តល់ឥណទានរបស់ធនាគារកម្ពុជាសាធារណៈភាគច្រើនកាលពីឆ្នាំមុនគឺផ្តល់ឲ្យខាង “អាជីវកម្មតូចៗ ខាងវិស័យនាំចេញនាំចូល និងខាងអាជីវកម្មលក់ដុំ”។
កាលពីខែមុន ធនាគារពិភពលោកបានកែសម្រួលការព្យាកររបស់ខ្លួនឡើងវិញ ដោយបានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចកើនបានចំនួន៦,៦ភាគរយនៅក្នុងឆ្នាំ២០១២។ តួលេខចុងក្រោយបំផុតដែលចេញដោយក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចូលក៏កើនឡើងជិត២៣ភាគរយផងដែរនៅក្នុងរយៈពេល១១ខែដំបូងឆ្នាំ២០១២ជាដើម។
លោក ស្រី ងួន សុខា អគ្គនាយិកាធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ធនាគារទាំងនេះនៅមិនទាន់រាយការណ៍លទ្ធផលប្រចាំឆ្នាំជូនធនាគារជាតិនៅឡើយទេ ក៏ប៉ុន្តែបើពិនិត្យមើលតួលេខកាលខែវិច្ឆិកា លោកស្រីគិតថា ការផ្តល់ឥណទានរបស់ធនាគារនៅក្នុងឆ្នាំ២០១២អាចកើនឡើងចំនួន៣០ភាគរយ។
លោកស្រីបានមានប្រសាសន៍ថា “ភាគច្រើនគឺខាងវិស័យកសិកម្ម ដោយលោកស្រីបន្ថែមថា ឥណទាន ដែលត្រូវបានផ្តល់ទៅឲ្យប្រជាកសិករមានការកើនឡើងទ្វេដង បើប្រៀបធៀបនឹងឆ្នាំមុន។ យើងឃើញមានការកើនឡើង[ឥណទាន]ទាំងខាងការផ្តល់ឥណទានឲ្យក្រុមហ៊ុន និងការផ្តល់ឥណទានឲ្យបុគ្គល ជាពិសេសគឺការផ្តល់ឥណទានឲ្យអ្នកទិញផ្ទះបង់រំលោះ”។
លោកស្រីបានបន្តទៀតថា “នេះគឺជាសញ្ញាល្អ ពីព្រោះតាមពិតទៅ ប្រសិនបើការផ្តល់ឥណទានទិញបង់រំលោះនេះកើនឡើង នោះមានន័យថា ប្រជាពលរដ្ឋមានកម្រិតជីវភាពរស់នៅប្រសើរឡើង និងមានស្ថិរភាពប្រាក់ចំណូល”៕ កុកទៀន