38.1 C
Phnom Penh

មន្ត្រី​​​ជា​​​ច្រើ​​ន​​​និយាយ​​​ថា រដ្ឋា​​​ភិបាល​​​បាន​​​ឲ្យ​​​ដី​​​ និង​​​សម្ភារ​​​សម្រាប់​​​សង់​​​ផ្ទះ ដល់មេ​​​ដឹក​​​នាំ​​​ចលនា​​​អប​​​គមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​ជា​​​ច្រើន​​​នាក់​​​​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​បន្ថែម​​​ពាក់​​​ព័ន្ធ​​​នឹង​​​បុរស​​​ពីរ​​​នាក់​​​ ដែល​​​ធ្លាប់​​​ត្រូវ​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ថា ជា​​​មេ​​​​ដឹក​​​នាំ​​​ចល​​​នា​​​អប​​​គមន៍​​​នៅ​​​ក្នុង​​​ភូមិ​​​ប្រមា​​​ ខេត្ត​​​ក្រចេះ​​​ ដែល​​​​​​​ទើ​​ប​​​​​​​​​ទទួ​​ល​​​បាន​​​ដី​​​ និង​​​សម្ភារ​​​សំណង់​​​បន្ថែម​​​ទៀត​​​ពី​​​រដ្ឋា​​​ភិបាល​​​ ដោយ​​​សារ​តែ​​​​​កាល​​​ពី​​មុន នៅ​​​ក្នុង​​​សវនាការ​​​រួម​​​គ្នា​​  ពួកគេ​​​បាន​​ឆ្លើយដាក់ បន្ទុកថា លោក​​​ ម៉ម សូណង់​​​ដូ  ម្ចាស់​​​ស្ថាន​​​ីយ​វិទ្យុ​​​សម្បុកឃ្មុំ ពិតជា​​​​បាន​​​ញុះ​​​ញង់​​​ពួកគេ​​​ឲ្យ​​​​​​បះ​​​បោរ។

លោក ម៉ា ឆាង អាយុ​​​៤៧​​​ឆ្នាំ​​​ និង​​​លោក ​ខាត់ សារឿន អាយុ​​​៤២​​​ឆ្នាំ​​​ ព្រម​​​ទាំង​ចុង​​​ចោទ​ប្រាំ​​​នាក់​​​ផ្សេង​​​ទៀត​​​ ដែល​​​បាន​​​ឆ្លើយដាក់​បន្ទុក​លើលោក ម៉ម សូណង់​​​ដូ ដែល​​​​ជាប់​​​ពន្ធ​​​នា​គារ​​​​រយៈ​​​ពេល​​​២០​​​ឆ្នាំ​​​ពី​​​បទ​​ញុះញង់ឲ្យ​​​មាន​​​ចល​​​នា​​​អបគមន៍នោះ​​​ ត្រូវ​​​បាន​​​តុលាកា​​​រ​​ព្យួរ​ទោស​​​ និង​​​ដោះ​​​លែង​​​ឲ្យ​​​មាន​​​សេរី​​​ភាព។

លោក ឃួន ឃឿន មេ​​​ឃុំ​​​កំពង់​​​ដំរី​​​ ស្រុក​​​ឆ្លូង​​​ ខេត្ត​​​ក្រចេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​ពេល​​ត្រ​​​ឡប់​​​មកដល់​​​ភូមិ​​​ប្រមា​​​វិញ បន្ទប់​​​ពី​​​រដ្ឋា​​​ភិ​​​បាល​​​បាន​​​បណ្ដេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​រយ​​​គ្រួសារ​​​ឲ្យ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ និង​​​វាយ​​​កម្ទេច​​​ផ្ទះ​​​សំបែងរបស់​​​ពួក​​​គេ​​​ចោលអស់​​​​​​នោះ ​លោក ​ម៉ា ឆាង​​​ និង​​​ លោក ខាត់ សារឿន​​​ បាន​​​ទទួល​​​ជំនួយ​​​យ៉ាង​​​ពេញ​​​ចិត្ត​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​របស់​​​ខ្លួន​​​។

លោក ឃុន ឃឿន បាន​​​​មាន​​​ប្រសាសន៍​ថា​ “ជា​​​ការ​​​ពិត​​​ណាស់ យើង​​​បាន​​​ឲ្យដីធ្លី ​​​និង​​​សម្ភារ​​​​សំណង់​​​ខ្លះ​​ដល់ គាត់ មាន​​​ដូច​​​ជា​​​ក្ដារ និង​​​ស័ង្កសី​​​”។ លោក​​​បាន​​​បន្ដ​​​ថា “មនុស្ស​​​ជា​​​ច្រើន​​​នាក់​​​រួម​​​ទាំង​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ផង​​​បាន​​​ឲ្យ​​​អំណោយ​​​យ៉ាងច្រើន​​​ដល់​​​ពួកគេ​​​ទាំង​​​ពីរ​​​នាក់”។​​​ លោក​​​បាន​​​បន្ថែម​​​ដោយ​​​បដិសេធ​​​មិន​​​បក​ស្រាយ​លម្អិត​​​ថា មាន​​​តែ​​​អ្នក​​​ទាំងពី​​​រ​​​នាក់​​​នេះ​​​ទេ ដែល​​​​បានទទួល​​​ “អំណោយ” ពេល​​​ត្រឡប់​​​មក​ដល់​​​ភូមិ​​​វិញ​​​នោះ​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃិន​​​ ឌួង ស្មៀន​​​ឃុំ​​​កំពង់​​​ដំរី បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​​ថា លោក ម៉ា​​​ ឆាង និង លោក ខាត់ សា រឿន បាន​​​ត្រឡប់​​​មក​​​ដល់ភូមិ​​​ប្រមា​​​វិញ កាល​​​ពី​​​ខែ​​​សី​​​ហា ដែល​​​នៅ​​​​ពេល​​​នោះ​​​រដ្ឋា​​​ភិបាល​​​បាន​​​ជួយ​​​ពួកគេ​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​ចំនួន​​​៣០​​​គ្រួសារ​​​ដែល​​ទើប​​​​ត្រឡប់​​​មក​​​វិញ​​​ដែរ​​​នោះបាន​​​ចាប់​​​ផ្ដើម​​​ដាក់​​​ពាក្យ​​​សុំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី។

លោក ឃិន ឌួង បាន​​​បន្ដ​​​ថា “ពួកគេ​​​ធ្លាប់​​​រស់​​​នៅ​​​….ក្នុង​​​ភូមិ​​​ប្រមា​​​នេះ​​​ដោយ​​​ខុស​​​ច្បាប់​​​”។​ ​​​ប៉ុន្ដែ​​​ បន្ទាប់​​​ពី​​​ការ​​​បណ្ដេញ​​​ចេញមក រដ្ឋា​​​ភិបាល [បាន​​​ជួយ​​​ពួកគេ]​….ពីម្ចាស់​​​កម្មសិទ្ធិ​​​ដី​​​ខុស​​​ច្បាប់​​​មក​​​ជាម្ចាស់​​​កម្ម​​​សិទ្ធិ​​​ដី​​​ស្រប​​​ច្បាប់​​​វិញ”។​​​

លោក​​​បាន​​​បន្ថែម​​​ថា “អាជ្ញាធរមូល​​​ដ្ឋាន​​​បាន​​​ធ្វើល្អ​​​ ចំពោះ​​​​​​ពួកគេ​​ និងអតី​​​ត​​​ប្រជា​​​​​​ពលរ​​​ដ្ឋ​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញចេញ​​​ដទៃ​​​ទៀត​​​ដែរ ​ព្រោះ​​​ពួកគេ​​​ជា​​​ជន​​​រង​​​គ្រោះ​​​ ដែល​​​ត្រូវ​​​បាន​​​មេ​​ខ្លោង​​​ក្នុង​​​ [ចលនាអប​​​គមន៍] ។

ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពី​​​ដំបូង​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ហៅ​​​លោក ម៉ា​​​ ឆាង​​​ និង​​​លោក​​​ខាត់ សារឿន ថា ជា “ មេ​​​ខ្លោង​​​បះបោរ”​​​ នៅ​​​​ក្នុង​​​ខែ​​​ឧសភា។ ប៉ុន្ដែ​​​ នៅ​​​ក្នុង​​​ខែ​​​មិថុនា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​លើក​​​លែង​​​ទោស​​​ពួកគេ​​​ ដើម្បីឲ្យពួកគេ​​​ធ្វើ​​​ជា “ ​​​សាក្សី​”​​ នៅ​​​ក្នុង​​​រឿងក្តីនេះ។

អ្នក​​​ជិត​​​ខាង​​​របស់​​​ លោក ម៉ា​​​ ឆាង​​​ និង​​​លោក​​​ ខាត់ សារឿន បាន​​​និយាយថា អ្នក​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ បាន​​​សង់​​​ផ្ទះ​​​ធំៗ តាមរយៈ​ប្រាក់ ​និង​​​សម្ភារ​​​សំណង់​​​ ដែល​​​ទទួលបានពីរដ្ឋា​​​ភិបាល ​​​និងមានដី​​​ទំហំ​​​២០​​​ហិកតា។​​​

អ្នក​​​ភូមិ​​​ម្នាក់​​​ ដែល​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ព្រោះ​​​ខ្លាច​​​គេ​​​ធ្វើបាប​​បាន​​​​​​និយាយ​ថា “ ទោះ​​​បី​​​ជា​​​ផ្ទះ​​​របស់​​​ពួកគេ​​​មិន​​​មែន​​​ជា​​​វីឡា​​​ស្កឹម​​​ស្កៃ​​​ក៏​​​ដោយ ក៏​​​ផ្ទះ​​​ឈើ​​​ [ថ្មី​​​] របស់​​​ពួកគេ​​​ត្រូវ​​​បាន​​​សង់​​​យ៉ាងល្អ និង​​​មាន​​​ទំហំ​​​ធំជាង​​​ផ្ទះ​​​អ្នក​​​ភូមិ​​​ដទៃ​​​ទៀត​​​​​ពីរ​​​បី​​​ដង​​​ឯណោះ”។

អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត​​​ដែលសុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា “ទាំង​​​លោកម៉ា​​​ ឆាង​​​ និង​​​ លោក​​​ ខាត់ សារឿន ត្រូវ​​​បាន​​រដ្ឋា​​​ភិបាល​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ជាង​​​អ្នក​​​ភូមិ​​​ដទៃ​​​ទៀត​​​ឆ្ងាយ​​​ណាស់”។ អ្នក​​​ភូមិ​​​នោះ​​​បាន​​​បន្ដ​​​ថា

“ ចាប់​​​តាំង​​​ពី​​​បាន​ផ្ដល់​​​ចម្លើយដាក់បន្ទុកលើ​​​លោក ម៉ម សូណង់​​​ដូ រួច​​​មក ពួក​​​គេ​​​បាន​​​រស់​​​នៅ​​​លើ​​​ទ្រព្យ​​​សម្បត្តិ​​​ ដែល​​​អាជ្ញាធរ​​​ [រដ្ឋា​​​ភិបាល​​​] ​​បាន​​​ផ្ដល់​​​ឲ្យ។​​​ ខ្ញុំ​​​មិន​​​ច្រណែន​​​ទេ…ប៉ុន្ដែ​​​វា​​​មិន​​​យុត្តិ​​​ធម៌​​​ទេ ​ដែល​​​​អ្នកទាំង​​​ពីរ​​​នាក់​​​នេះ​​ឆ្លើយ​ទម្លាក់​​​កំហុស​​​លើ​​​ជន​​​ស្លូត​​​ត្រង់​​​ដូច​​​ជា​​​លោក ​សូណង់​​​ដូ ​ដើម្បី​​​ជា​​​ថ្នូរ​​​នឹង​​​ទ្រព្យ​​​សម្បត្តិ​​​នោះ​”។

កាល​​​ពីសប្ដាហ៍មុន លោក ​ស៊ុម ​សារិទ្ធ ​អភិ​​បាល​​​ស្រុក​​​ឆ្លូង បាន​​​ឲ្យ​​​លុយ​​​និង​​​ “ សម្ភារ​​​ផ្សេង​​​ទៀត​​​” សម្រាប់ឲ្យ​អ្នក​​​ទាំងពីរ​​​នាក់​​​នេះ យកទៅសង់​​​ផ្ទះ ។​​​

កាល​​​ពីថ្ងៃ​​​ទី​​​១៦ ខែ​​​ឧសភា កង​​​កម្លាំង​​​សន្ដិ​​​សុខ​​​របស់​​​រដ្ឋា​​​ភិបាល​​​បាន​​​បើក​​​ប្រតិបត្តិ​​​ការ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ ដើម្បីបណ្ដេញ​​​អ្នក​​​ភូមិ​​​ប្រមា​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន ដោយ​​​យក​​​លេស​​​ថា ជា​ការ​បង្ក្រាប​​​ចលនា​​​បះបោរ។នៅ​​​ពេល​​​នោះ​​​ គឺ​ក្មេង​​​​​ស្រី​​​អាយុ​​​១៤​​​ឆ្នាំ​​​ម្នាក់​​​ ឈ្មោះ​​​ ហេង ​ចន្ថាត្រូវសមត្ថកិច្ច​​បាញ់​​​ស្លាប់​​​ពេល​​​នាង​​​កំពុង​ពួននៅ​​​ក្នុង​​​ផ្ទះ។

ការ​​​បង្ក្រាប​នេះ ​​​​​​​​​​​​​​​​​​កើត​​​មាន​​​ឡើង​​​បន្ទាប់​​​ពី​​​អ្នក​​​ភូមិ​​​នេះ​​​បាន​​តវ៉ា​​​ជា​​​ច្រើន​​​ខែ ដើម្បី​​​ប្រឆំាង​នឹង​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូ​​​មួយ​​​ នៅក្នុង​​​តំបន់​​​នេះ​​ ដែល​​​បាន​​​រឹប​​​អូស​​​យក​​​ដី​​​ពីពួកគាត់៕សុផាណ្ណា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស