កាលពីម្សិលមិញ មន្ត្រីជាច្រើននាក់បានផ្ដល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងបុរសពីរនាក់ ដែលធ្លាប់ត្រូវតុលាការចោទប្រកាន់ថា ជាមេដឹកនាំចលនាអបគមន៍នៅក្នុងភូមិប្រមា ខេត្តក្រចេះ ដែលទើបទទួលបានដី និងសម្ភារសំណង់បន្ថែមទៀតពីរដ្ឋាភិបាល ដោយសារតែកាលពីមុន នៅក្នុងសវនាការរួមគ្នា ពួកគេបានឆ្លើយដាក់ បន្ទុកថា លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ពិតជាបានញុះញង់ពួកគេឲ្យបះបោរ។
លោក ម៉ា ឆាង អាយុ៤៧ឆ្នាំ និងលោក ខាត់ សារឿន អាយុ៤២ឆ្នាំ ព្រមទាំងចុងចោទប្រាំនាក់ផ្សេងទៀត ដែលបានឆ្លើយដាក់បន្ទុកលើលោក ម៉ម សូណង់ដូ ដែលជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទញុះញង់ឲ្យមានចលនាអបគមន៍នោះ ត្រូវបានតុលាការព្យួរទោស និងដោះលែងឲ្យមានសេរីភាព។
លោក ឃួន ឃឿន មេឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានមានប្រសាសន៍ថា ពេលត្រឡប់មកដល់ភូមិប្រមាវិញ បន្ទប់ពីរដ្ឋាភិបាលបានបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារឲ្យចេញពីលំនៅដ្ឋាន និងវាយកម្ទេចផ្ទះសំបែងរបស់ពួកគេចោលអស់នោះ លោក ម៉ា ឆាង និង លោក ខាត់ សារឿន បានទទួលជំនួយយ៉ាងពេញចិត្តសម្រាប់សាងសង់ផ្ទះរបស់ខ្លួន។
លោក ឃុន ឃឿន បានមានប្រសាសន៍ថា “ជាការពិតណាស់ យើងបានឲ្យដីធ្លី និងសម្ភារសំណង់ខ្លះដល់ គាត់ មានដូចជាក្ដារ និងស័ង្កសី”។ លោកបានបន្ដថា “មនុស្សជាច្រើននាក់រួមទាំងមន្ត្រីរដ្ឋាភិបាលផងបានឲ្យអំណោយយ៉ាងច្រើនដល់ពួកគេទាំងពីរនាក់”។ លោកបានបន្ថែមដោយបដិសេធមិនបកស្រាយលម្អិតថា មានតែអ្នកទាំងពីរនាក់នេះទេ ដែលបានទទួល “អំណោយ” ពេលត្រឡប់មកដល់ភូមិវិញនោះ។
លោក ឃិន ឌួង ស្មៀនឃុំកំពង់ដំរី បានឲ្យដឹងកាលពីម្សិលមិញថា លោក ម៉ា ឆាង និង លោក ខាត់ សា រឿន បានត្រឡប់មកដល់ភូមិប្រមាវិញ កាលពីខែសីហា ដែលនៅពេលនោះរដ្ឋាភិបាលបានជួយពួកគេ ហើយប្រជាពលរដ្ឋចំនួន៣០គ្រួសារដែលទើបត្រឡប់មកវិញដែរនោះបានចាប់ផ្ដើមដាក់ពាក្យសុំប័ណ្ណកម្មសិទ្ធិដីធ្លី។
លោក ឃិន ឌួង បានបន្ដថា “ពួកគេធ្លាប់រស់នៅ….ក្នុងភូមិប្រមានេះដោយខុសច្បាប់”។ ប៉ុន្ដែ បន្ទាប់ពីការបណ្ដេញចេញមក រដ្ឋាភិបាល [បានជួយពួកគេ]….ពីម្ចាស់កម្មសិទ្ធិដីខុសច្បាប់មកជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់វិញ”។
លោកបានបន្ថែមថា “អាជ្ញាធរមូលដ្ឋានបានធ្វើល្អ ចំពោះពួកគេ និងអតីតប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញដទៃទៀតដែរ ព្រោះពួកគេជាជនរងគ្រោះ ដែលត្រូវបានមេខ្លោងក្នុង [ចលនាអបគមន៍] ។
ទោះជាយ៉ាងណា កាលពីដំបូងក្រសួងមហាផ្ទៃបានហៅលោក ម៉ា ឆាង និងលោកខាត់ សារឿន ថា ជា “ មេខ្លោងបះបោរ” នៅក្នុងខែឧសភា។ ប៉ុន្ដែ នៅក្នុងខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកលែងទោសពួកគេ ដើម្បីឲ្យពួកគេធ្វើជា “ សាក្សី” នៅក្នុងរឿងក្តីនេះ។
អ្នកជិតខាងរបស់ លោក ម៉ា ឆាង និងលោក ខាត់ សារឿន បាននិយាយថា អ្នកទាំងពីរនាក់នេះ បានសង់ផ្ទះធំៗ តាមរយៈប្រាក់ និងសម្ភារសំណង់ ដែលទទួលបានពីរដ្ឋាភិបាល និងមានដីទំហំ២០ហិកតា។
អ្នកភូមិម្នាក់ ដែលបដិសេធមិនបញ្ចេញឈ្មោះព្រោះខ្លាចគេធ្វើបាបបាននិយាយថា “ ទោះបីជាផ្ទះរបស់ពួកគេមិនមែនជាវីឡាស្កឹមស្កៃក៏ដោយ ក៏ផ្ទះឈើ [ថ្មី] របស់ពួកគេត្រូវបានសង់យ៉ាងល្អ និងមានទំហំធំជាងផ្ទះអ្នកភូមិដទៃទៀតពីរបីដងឯណោះ”។
អ្នកភូមិម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះដែរនោះបាននិយាយថា “ទាំងលោកម៉ា ឆាង និង លោក ខាត់ សារឿន ត្រូវបានរដ្ឋាភិបាលយកចិត្តទុកដាក់ជាងអ្នកភូមិដទៃទៀតឆ្ងាយណាស់”។ អ្នកភូមិនោះបានបន្ដថា
“ ចាប់តាំងពីបានផ្ដល់ចម្លើយដាក់បន្ទុកលើលោក ម៉ម សូណង់ដូ រួចមក ពួកគេបានរស់នៅលើទ្រព្យសម្បត្តិ ដែលអាជ្ញាធរ [រដ្ឋាភិបាល] បានផ្ដល់ឲ្យ។ ខ្ញុំមិនច្រណែនទេ…ប៉ុន្ដែវាមិនយុត្តិធម៌ទេ ដែលអ្នកទាំងពីរនាក់នេះឆ្លើយទម្លាក់កំហុសលើជនស្លូតត្រង់ដូចជាលោក សូណង់ដូ ដើម្បីជាថ្នូរនឹងទ្រព្យសម្បត្តិនោះ”។
កាលពីសប្ដាហ៍មុន លោក ស៊ុម សារិទ្ធ អភិបាលស្រុកឆ្លូង បានឲ្យលុយនិង “ សម្ភារផ្សេងទៀត” សម្រាប់ឲ្យអ្នកទាំងពីរនាក់នេះ យកទៅសង់ផ្ទះ ។
កាលពីថ្ងៃទី១៦ ខែឧសភា កងកម្លាំងសន្ដិសុខរបស់រដ្ឋាភិបាលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីបណ្ដេញអ្នកភូមិប្រមាចេញពីលំនៅដ្ឋាន ដោយយកលេសថា ជាការបង្ក្រាបចលនាបះបោរ។នៅពេលនោះ គឺក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ឈ្មោះ ហេង ចន្ថាត្រូវសមត្ថកិច្ចបាញ់ស្លាប់ពេលនាងកំពុងពួននៅក្នុងផ្ទះ។
ការបង្ក្រាបនេះ កើតមានឡើងបន្ទាប់ពីអ្នកភូមិនេះបានតវ៉ាជាច្រើនខែ ដើម្បីប្រឆំាងនឹងក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅក្នុងតំបន់នេះ ដែលបានរឹបអូសយកដីពីពួកគាត់៕សុផាណ្ណា