មន្ត្រីម្នាក់នៅសមាគមរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា (GMAC) បានមានប្រសាសន៍កាលពីម្សិលមិញថា ការធ្វើកូដកម្មពីសំណាក់កម្មកររោងចក្រកាត់ដេរ និងកម្មកររោងចក្រផលិតស្បែកជើង បានកើនឡើងជាងបីដងនៅឆ្នាំ២០១២ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ដោយមានកម្មករជាង១០០.០០០នាក់បានចូលរួមធ្វើកូដកម្មយ៉ាងហោចណាស់ម្តង។
ដោយមានកម្មករជាង៤៣០.០០០នាក់ធ្វើការនៅតាមរោងចក្រជិត៤០០ផ្នែកឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនោះ ឧស្សាហកម្មផលិតសម្លៀកបំពាក់របស់កម្ពុជា នៅតែជាវិស័យមួយដ៏សំខាន់ និងអំណោយផលបំផុត និងមានការនាំចេញជាង៤ពាន់លានដុល្លារក្នុងឆ្នាំ២០១១។
ប៉ុន្តែ កម្មករកំពុងចាប់ផ្ដើមទាមទារប្រាក់ឈ្នួលខ្ពស់ពីឧស្សាហកម្មកាត់ដេរនេះ។យោងតាមតួលេខរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ២០១២ មានកូដកម្មចំនួន១២១លើក គឺកើនឡើងជាងបីដង បើប្រៀបធៀបទៅឆ្នាំ២០១១ ដែលមានកូដកម្ម៣៤លើក។
លើសពីនេះទៅទៀត រោងចក្របានបាត់បង់កម្លាំងពលកម្មជាង៥៤២.០០០នាក់ គឺកើនឡើងច្រើនពីការបាត់បង់កម្លាំងពលកម្មប្រមាណ១៣៩.០០០នាក់ក្នុងឆ្នាំ២០១១។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមានប្រសាសន៍ថា “ជាប្រវត្តិសាស្ដ្រទៅហើយ នៅមុនពេលបោះឆ្នោតម្តងៗ យើងប្រឈមនឹងការធ្វើកូដកម្មជាច្រើន និងមានសម្ពាធជាប់ជានិច្ចឲ្យដំឡើងប្រាក់ឈ្នួលពីគ្រប់ភាគីទាំងអស់។បណ្ដាអ្នកទិញ ក៏ទទួលរងសម្ពាធពីអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀតដែរ។
លោក កែន លូ មានប្រសាសន៍បន្ថែមថា ដោយមានកម្មករចំនួនជាង១០០.០០០នាក់បានចូលរួមធ្វើកូដកម្មនោះ កូដកម្មទាំងនោះមានរយៈពេលជាមធ្យមប្រាំថ្ងៃ ហើយធ្វើឲ្យបញ្ហានេះជា បញ្ហាដ៏ធំមួួយក្នុងចំណោមបញ្ហាធំៗដែលប្រឈមនឹងឧស្សាហកម្មកាត់ដេរ។
លោក កែន លូ មានប្រសាសន៍ថា យើងបានបាត់បង់កម្លាំងពលកម្មចំនួន៥០០.០០០នាក់។ដូច្នេះហើយតាមការសន្និដ្ឋានពីតួលេខនេះ បញ្ហានេះធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលិតកម្ម ហើយប្រហែលជាប៉ះពាល់ដល់ការនាំចេញផងដែរ”។
លោក អាត់ ធន់ ប្រធានសម្ពន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា កំ ណើន នៃការធ្វើកូដកម្ម គឺបណ្ដាលមកពីការផុតកំណត់នៃកិច្ចព្រមព្រៀងមួយរវាងសហជីព និងម្ចាស់រោងចក្រ។
អនុស្សរណៈនៃ ការយោគយល់គ្នាដែលបានផុតកំណត់កាលពីពាក់កណ្ដាលឆ្នាំ២០១១ចែងថា កម្មករត្រូវតែឆ្លងកាត់ការចរចារកដំណោះស្រាយជម្លោះតាមគ្រប់មធ្យោបាយច្បាប់ទាំងអស់មុនពេលធ្វើការតវ៉ា រីឯម្ចាស់រោងចក្រត្រូវតែប្រកាន់ខ្ជាប់ទៅនឹងសេចក្ដីសម្រេចទាំងអស់ ដែលធ្វើឡើងដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល ជាស្ថាប័នរបស់ក្រសួងការងារសម្រាប់ដោះស្រាយវិវាទការងារ។
លោក អាត់ ធន់ បានមានប្រសាសន៍បន្ថែមទៀតថា អនុស្សរណៈនៃការយោគយល់គ្នាេនះបានផុតកំណត់កាលពីឆ្នាំ២០១១ ហើយកម្មករបាត់បង់ជំនឿ។ ពួកគេបានងាកមករកសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយដឹងថា ពេលខ្លះក្រុមហ៊ុនមួយចំនួន មិនបានគោរពតាមសេចក្តីសម្រេចនោះទេ”។
លោកស្រី ជីល ថាក់ឃ័រ (Jill Tucker) ប្រធានទីប្រឹក្សាបចេ្ចកទេសនៃកម្មវិធី រោងចក្រល្អប្រសើរនៅកម្ពុជា (Better Factories Cambodia Program) របស់អង្គការពលកម្មអន្តរជាតិ បានមានប្រសាសន៍ថា មានការធ្លាក់ចុះក្នុងការធ្វើកូដកម្មនៅត្រីមាសចុងក្រោយនៃឆ្នាំ២០១២បន្ទាប់ពីមានការផ្ដល់ប្រាក់បន្ថែមសម្រាប់ថ្លៃធ្វើដំណើរ និងប្រាក់ថ្លៃអាហារកាលពីខែកក្កដា ហើយអនុស្សរណៈនៃការយោគយល់នេះបានធ្វើឡើងវិញកាលពីខែតុលា។
លោក ស្រី ជីល ថាក់ឃ័រ មានប្រសាសន៍បន្ថែមថា “ រដូវក្ដៅនៅឆ្នាំ២០១២ គឺមានភាពស្រួចស្រាល់ក្នុងការធ្វើកូដកម្ម។រយៈពេលដ៏យូរនេះពិតជាមានមែន ពេលក្រុមអ្នកទិញ មិនអាចគោរពតាមទៀតនោះ។ប្រសិនបើកម្មកររោងចក្របន្តធ្វើកូដកម្មរយៈពេលបីសប្ដាហ៍ ឬរយៈពេលមួយខែនោះ អ្នកទិញនឹងមិនទិញទំនិញរបស់ពួកគេទេ”។
តួលេខរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាខ្ពស់ជាងតួលេខរបស់ក្រសួងការងារសម្រាប់ឆ្នាំ២០១២ ដែលបង្ហាញថា មានកូដកម្មប្រហែល៦១លើក គឺកើនឡើងពី៣៩លើកនៅក្នុងឆ្នាំ២០១១។ក្រុមមន្ត្រីក្រសួងការងារ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខនេះកាលពីម្សិលមិញ៕ សុខភុំ