ជនជាតិភាគតិចគ្រឹងជាង១០០គ្រួសារនៅក្នុងខេត្តរតនគិរី ត្រូវបានបដិសេធមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីសហគមន៍ ដែលបុគ្គលិកសិទ្ធិមនុស្សជឿថា ជាប្រតិកម្មពីអាជ្ញាធរមូលដ្ឋាន ដែលមិនសប្បាយចិត្តនឹងក្រុមនេះចំពោះការនិយាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
យោងតាមប្រធានសមាគមខ្មែរលើ ដែលតំណាងឲ្យក្រុមជនជាតិភាគតិចរស់នៅខ្ពង់រាបក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ជនជាតិភាគតិចចំនួន១២៧គ្រួសារ នៅក្នុងឃុំតឺន ស្រុកកូនមុំ ចង់ឲ្យអាជ្ញាធរចុះឈ្មោះពួកគេជាមួយក្រសួងមហាផ្ទៃ ដើម្បីឲ្យពួកគេអាចបោះព្រំដីក្នុងឃុំ ជាផ្នែកនៃកម្មវិធីចែកប័ណ្ណកម្មសិទ្ធិរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក គង់ ធាន ប្រធានសមាគមនេះបានមានប្រសាសន៍ថា “ មនុស្សចំនួនប្រាំពីរនាក់បានមកដល់ការិយាល័យរបស់ខ្ញុំ កាលពីថ្ងៃពុធ ដោយសុំឲ្យខ្ញុំជួយអន្តរាគមន៍ ពីព្រោះពួកគេចង់ឲ្យអាជ្ញាធរទទួលស្គាល់អត្តសញ្ញាណជនជាតិភាគតិចគ្រឹង មុនពេលនិស្សិតស្ម័គ្រចិត្តចុះទៅវាស់វែងដី។ ប៉ុន្តែអភិបាលស្រុកបដិសេធមិនចុះហត្ថលេខាលើឯកសាររបស់ពួកគេនៅថ្ងៃដដែលនោះទេ”។
លោក ឆាយ ធី មន្ត្រីស៊ើបអង្កេតនៅអង្គការសិទ្ធិមនុស្សក្នុងស្រុកអាដហុកប្រចាំខេត្តនេះ បានមានប្រសាសន៍ថា ក្រុមនេះជាគោលដៅ ពីព្រោះពួកគេបានប្រកាសប្រាប់អាជ្ញាធរអំពីសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងតំបន់នេះ។
កាលពីថ្ងៃទី៣០ ខែតុលា ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានចាប់ខ្លួនមនុស្សចំនួន១២នាក់ ដែលបានកាប់ឈើ និងរានដី បន្ទាប់ពីជនជាតិគ្រឹងបានប្តឹង។ មនុស្សបួននាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ បានរត់គេខ្លួន ហើយប្រាំបីនាក់ទៀត ពេលនេះត្រូវឃុំខ្លួនជាបណ្តោះអាសន្ន។
លោកមានប្រសាសន៍ថា “តាមខ្ញុំយល់ករណីនេះកើតចេញពីបញ្ហាបុគ្គល ពីព្រោះអាជ្ញាធរមូលដ្ឋានខឹងនឹងអ្នកដែលចោទពួកគេថា ពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ និងរានដីសាធារណៈ”។
លោក ឈឿន ច័ន្ទថន អភិបាលស្រុកបានបញ្ជាក់ថា លោកបានបដិសេធមិនចុះហត្ថលេខាលើឯកសារពាក់ព័ន្ធ ពីព្រោះរដ្ឋាភិបាលមិនបានទទួលស្គាល់សមាគមខ្មែរលើដោយស្របច្បាប់ទេ។
លោកមានប្រសាសន៍សំដៅដល់សមាគមខ្មែរលើថា “ខ្ញុំមិនព្រមចុះហត្ថលេខាឲ្យមនុស្សទាំងនោះទេ ព្រោះក្រសួងមហាផ្ទៃមិនទទួលស្គាល់មន្ត្រីមកពីអង្គការនេះឡើយ”៕ប៊ុននី