កាលពីម្សិលមិញ អ្នកភូមិបុរីកីឡា បានប្រារព្ធពិធីរំឭកខួបមួយឆ្នាំចាប់តាំងពីផ្ទះរបស់ពួកគេត្រូវបានគេវាយកម្ទេចចោលនៅក្នុងការបណ្តេញចេញដោយហិង្សាមួយ ហើយពិធីនោះបានធ្វើឡើងនៅមិនឆ្ងាយពីខ្ទមរខេករខាកមួយដែលបច្ចុប្បន្ននេះពួកគាត់បានហៅថា ជាផ្ទះ។

អ្នកបួងសួង បាននិយាយថា មានប្រជាពលរដ្ឋប្រហែល១០០នាក់ និងចូលរួមដោយ លោកស្រី មូរ សុខហួរ និង លោក ហូ វណ្ណ សមាជិកសភា និងសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ខណៈដែលព្រះសង្ឃប្រាំអង្គ បានធ្វើជាអធិបតីនៅក្នុងពិធីនោះបានប្រសិទ្ធពរ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ។នៅខាងក្រៅតង់នៃពិធីនោះមានប្រជាពលរដ្ឋមួយក្រុម បានអង្គុយមើលវីដេអូយ៉ាងយកចិត្តទុកដាក់អំពីឈុតដ៏ហិង្សានៃការបណ្តេញចេញកាលពីឆ្នាំមុន។
នៅពេលមួយ លោក សេង ធី ចៅសង្កាត់វាលវង់បានប្រាប់ពួកអ្នកភូមិឲ្យឈប់ចាក់វីដេអូនៃការបណ្តេញចេញដោយសារពួកគេមិនមានការអនុញ្ញាតឲ្យធ្វើដូច្នោះឡើយ ហើយលោកអះអាងថាអ្នកចូលរួមក្នុងពិធីនោះទាំងអស់ក៏ប្រឆាំងនឹងច្បាប់ដែរ។
អ្នកភូមិបាននិយាយបន្តថា “ពួកគេទាំងនេះមិនសប្បាយចិត្តទេនៅពេលមានអ្នកនយោបាយ ឬសមាជិកសភាមកទីនេះ។ ពួកគេបានប្រាប់ខ្ញុំដូច្នេះ”។
បញ្ហានេះ ហាក់បីដូចជាមិនសំខាន់ឡើយចំពោះករណីនេះខណៈដែលលោកស្រីមូរ សុខហួរ បានចូលរួមជាមួយអ្នកបួងសួងដោយមិនខ្វល់អ្វីឡើយ។
នៅខាងក្រៅតង់ ស្ត្រីម្នាក់បានចេញមកក្រៅ ដោយអុជធូប ហើយគាត់បានចង្អុលទៅលោក ធី មុនពេលគាត់រាំ ហាក់បីដូចជាខ្មោចចូលអ៊ីចឹង។ រូបថតនៃអគារបាក់បែកបានព្យួរនៅពីក្រោយគាត់។
មួយឆ្នាំមកហើយ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកភូមិបុរីកីឡា ដោយប្រើគ្រាប់កាំភ្លើងជ័រ និងដបទឹកសុទ្ធ ដែលបណ្ដាលឲ្យអ្នកភូមិយ៉ាងតិច៣០នាក់រងរបួស ស្ថានភាពបែបនោះបានកើតឡើង នៅទីកន្លែងដែលគេបណ្ដេញចេញ។
លោកស្រី មូរ សុខហួរ បានថ្លែងថា តម្លៃនៃការអភិវឌ្ឍ គឺមានតម្លៃខ្ពស់ណាស់នៅក្នុងករណីដូច្នេះ ហើយចំពោះអ្នកទាំងនោះទីបំផុតបានរស់នៅយ៉ាងវេទនាជាទីបំផុត។ លោកស្រីមានប្រសាសន៍បន្ដថា “ ពិតហើយ ពិតជាត្រូវការអភិវឌ្ឍ គ្រប់ប្រទេសទាំងអស់ត្រូវអភិវឌ្ឍ។ ប៉ុន្ដែ ការអភិវឌ្ឍត្រូវតែមានផលប្រយោជន៍ស្មើភាពគ្នា ចំពោះអ្នកមាន និងអ្នកក្រ។ មិនគួរមានគម្លាតយ៉ាងខ្លាំងរវាងអ្នកមាន និងអ្នកក្រនោះទេ…ការអភិវឌ្ឍ បែប នេះ នៅឯបុរីកីឡា បានផលប្រយោជន៍ចំពោះតែក្រុមហ៊ុនមួយប៉ុណ្ណោះនោះគឺក្រុមហ៊ុន ផានអុីម៉ិច”។
ក្រុមហ៊ុន ផានអុីម៉ិច ដែលគ្រប់គ្រងដោយស្ត្រីអ្នកជំនួញម្នាក់ឈ្មោះ ស៊ុយ សុផាន បានសន្យាជាមួយអ្នកភូមិបុរីកីឡា កាលពីឆ្នាំ២០០៣ ថា ខ្លួនអាចសង់អគារ១០ខ្នងសម្រាប់ពួកគាត់ជាថ្នូរនឹងដីរបស់ពួកគាត់។ កាលពីខែមុនអ្នកស្រី សុផាន មានប្រសាសន៍ថា អ្នកស្រីអាចស្នើឲ្យសាលារាជធានីដោះស្រាយបញ្ហាសំរាម ដែលកំពុងតែកើតមានឡើង នៅក្នុងតំបន់នោះ។
ទោះជាយ៉ាងណា មានតែប្រាំបីអគារប៉ុណ្ណោះ ដែលត្រូវបានសាងសង់រួច ហើយប្រជាពលរដ្ឋ ដែលមិនទទួលបានអគារស្នាក់នៅ ត្រូវរស់នៅ នៅតាមចន្លោះអគារ និងតាមជណ្ដើរនៃអគារទាំងនោះ គួរឲ្យអាណិតបំផុត៕ណៃ