និយោជិត និងមន្ត្រីនៅខេត្តកំពតបានឲ្យដឹងកាលពីថ្ងៃពុធថា កាស៊ីណូ ហាទៀន វេហ្គាស់ អុីធើថេនមិន រីសត (Ha Tien Vegas Entertainment Resort) នៅក្នុងខេត្តកំពតត្រូវបានបិទទ្វារហើយដោយសារតែគ្មានភ្ញៀវចូលលេងច្រើន។ កាស៊ីណូ Ha Tien Vegas នេះត្រូវបានបើកកាលពីឆ្នាំ២០១០នៅជិតច្រកព្រំដែនអន្តរជាតិព្រែកចាករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ហើយត្រូវបានបើកដោយក្រុមហ៊ុន សានុម អុីនវែសមិន អិលធីឌី (Sanum Investments Ltd.) ជាក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានទីក្រុងម៉ាកាវប្រទេសចិន ហើយក្រុមហ៊ុននេះក៏មានបើកកាស៊ីណូនៅក្នុងប្រទេសឡាវផងដែរ។
កាលពីខែមិថុនា ក្រុមហ៊ុនបានរំសាយបុគ្គលិកចេញពីការងារចំនួន៥០០នាក់ ហើយបានបិទទ្វាររមណីយដ្ឋាន ដែលមានសណ្ឋាគារចំនួន១៣០បន្ទប់របស់ខ្លួន ដោយសារគ្មានភ្ញៀវចូលទៅលេងកម្សាន្តច្រើន ក៏ប៉ុន្តែ ក្រុមហ៊ុននៅតែបន្តបើកដំណើរការកាស៊ីណូរបស់ខ្លួននៅឡើយទេនៅពេលនោះ។
បើយោងតាមអ្នកគ្រប់គ្រងបុគ្គលិករបស់កាស៊ីណូ Ha Tien Vegas នៅក្នុងខេត្តកំពត ដែលសុំមិនបញ្ចេញឈ្មោះ ដោយសារតែគេមិនអនុញ្ញាតឲ្យនិយាយជាមួយអ្នកសារព័ត៌មានបានឲ្យដឹងថា កាស៊ីណូនេះត្រូវបានបិទទ្វារទាំងស្រុងតែម្តងកាលពីថ្ងៃច័ន្ទ។
អ្នកគ្រប់គ្រងរូបនេះបានឲ្យដឹងថា “ដោយសារតែគ្មានភ្ញៀវចូលលេងច្រើនទើបធ្វើឲ្យកាស៊ីណូនេះក្ស័យធន” ហើយលោកបន្ថែមថា លោកកំពុងរៀបចំបញ្ជីមួយ ដើម្បីធ្វើឲ្យប្រាកដថា បុគ្គលិកទាំងអស់ ដែលត្រូវបានរំសាយពីការងារអាចទទួលបានប្រាក់បំណាច់របស់ខ្លួន។
លោក ឡឹក សុជាតិ នាយប៉ុស្តិ៍នគរបាលឃុំឫស្សីស្រុកខាងលិចបានបញ្ជាក់ថា កាស៊ីណូ ដែលមានបុគ្គលិកធ្វើការចំនួន៥០០នាក់នេះបានបិទទ្វារហើយ។ លោកបានឲ្យដឹងថា “ភ្ញៀវជាជនជាតិវៀតណាមមានចំនួនតិចពេក ហើយអ្នកទាំងនោះទៅលេងតែនៅកាស៊ីណូតូចៗនៅព្រំដែនទេ”។
លោកបានឲ្យដឹងបន្តទៀតថា មានភ្ញៀវជនជាតិវៀតណាមប្រមាណជាពី២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ ដែលនៅតែបន្តទៅលេងនៅកាស៊ីណូតូចៗចំនួនបីកន្លែងផ្សេងទៀតនៅជិតច្រកព្រំដែនអន្តរជាតិនេះ៕ កុកទៀន