34 C
Phnom Penh

គ.ជ.ប.ផ្សាយបញ្ជីឈ្មោះ​ ប៉ុន្តែ​អ្នក​រិះគន់​ថា ជាតួលេខ​បំប៉ោង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតហៅ​កាត់ គ.ជ.ប. កាល​ពី​ថ្ងៃ​សុក្រ​​បាន​បញ្ចេញ​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ផ្លូវ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នា​ឆ្នាំ​នេះ ប៉ុន្តែ​ អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោតម្នាក់​បាន​លើក​ឡើង​ថា លោក ព្រួយ​បារម្ភ​អំពីចំនួន​អ្នក​បោះ​ឆ្នោត​ផ្លូវ​ការ​​​នេះ​មាន​ច្រើន​ជាង​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ពិត​ប្រាកដ។

យោង​តាម​លោក ហាវ៉ាន់ ស៊ីវីឡៃ សមា​ជិក​គ.ជ.ប. ​បាន​ឲ្យ​ដឹង​ថា អ្នក​ចុះ​ឈ្មោះ​ថ្មី​ ចាប់​ពីចន្លោះ​ថ្ងៃ​ទី​១​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែ​តុលា​មាន​ចំនួន​៩៤០.៤៤៥​នាក់។ចាប់​​ពី​​​ថ្ងៃ​​បិទ​​ការ​ចុះ​ឈ្មោះ​នោះ​មក គ.ជ.ប. ​បាន​ពិនិត្យមើល​និង​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​តាម​រយៈ​ការ​លុប​ឈ្មោះ​ និង​កែ​តម្រូវ​ឈ្មោះ​អ្នក​បោះ​ឆ្នោត។

លោក​មាន​ប្រ​សាសន៍​​ដោយ​សំដៅ​ដល់​​រយៈ​ពេល​ ដែល​ប្រ​ជា​ពល​រដ្ឋ​អាច​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ខ្លួន​​ក្នុង​បញ្ជី​ឈ្មោះ​ថា “ នៅ​​ក្នុង​ការ​បោះ​ឆ្នោត​​កាល​ពី​ឆ្នាំ​២០១២ មាន​អ្នក​​បោះ​ឆ្នោត​ចំនួន​៩.៦៧៥.៤៥៣​​នាក់​ ​ហើយ​គ.ជ.ប. នឹង​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​នេះ​​នៅ​ថ្ងៃ​ស្អែក​ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦​ខែ​កក្កដា”។​ការ​​បោះ​ឆ្នោត​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា។

ចំនួន​អ្នក​បោះ​ឆ្នោត​នៅ​ក្នុងឆ្នាំ​នេះ​បាន​កើន​ឡើង​ពី​៩,២​លាន​នាក់ ដែល​ជា​ចំនួន​អ្នក​បោះ​​ឆ្នោតចុះឈ្មោះ នៅ មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​កាល​ពី​ឆ្នាំ​មុន។

ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​ នា​ពេល​កន្លង​មក​ បានបង្ហាញ​ពី​ភាព​ខុ​សគ្នា​ជា​មួយ​នឹងអ្វី​ដែល​ពួក​គេ​ជឿ​ថា ជា​បញ្ជី​ឈ្មោះ​បំប៉ោង​ ដែល​មិនបញ្ជាក់​ពី​ចំនួន​អ្នក​បោះ​ឆ្នោត​ពិត​ប្រាកដ។

លោក ហង្ស ពុទ្ធា នាយកអង្គការ​និកហ្វិក ដែលមាន​គម្រោង​ធ្វើ​សវន​កម្ម​ឯក​រាជ្យ​ផ្ទាល់​ខ្លួន​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​ពីរ​បី​សប្តាហ៍​ក្រោយ​នេះ បាន​មាន​ប្រ​សាសន៍ថា “ ប្រសិន​បើ​យើង​ពិនិត្យ​​មើល យើង​អាច​មើល​ឃើញ​ភាព​មិន​ប្រ​ក្រតី។បញ្ជី​ឈ្មោះ​អ្នក​បោះ​​ឆ្នោត​មាន​ចំនួន​ច្រើន​ជាង​ចំនួន​អ្នក​បោះ​​ឆ្នោត​ជាក់​ស្តែង”។

លោកបន្ថែម​ថា បញ្ហា​មួយ​ចំនួន ​ដែល​នាំ​ឲ្យ​​មានការបំប៉ោងបញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​នេះ គឺ​ដោយ​សារតែ​គណ​បក្ស​​ប្រ​ជា​ជនកម្ពុជាកំពុង​កាន់​អំណាច បាន​បញ្ជូន​ក្រុម​ការ​ងារ​របស់​ខ្លួន​ចុះទៅ​តាម​ឃុំ-សង្កាត់​ ដើម្បី​ឲ្យ​ប្រ​ជា​ពល​រដ្ឋដែល​បាន​ចុះឈ្មោះ​​ក្នុង​រាជ​ធានី​ភ្នំពេញ​រួច​ហើយ ឲ្យ​​ចុះ​ឈ្មោះ​​នៅ​តាម​ខេត្ត​ម្តង​ទៀត។

លោកបាន​​មាន​ប្រ​សាសន៍​ថា “ ពួកគេ​មិន​​លុប​ឈ្មោះ​ក្នុង​រាជ​ធានី​ភ្នំពេញ​ចោល​ទេ។​ពួក​គេ​​ចុះ​ឈ្មោះ​បន្ថែម​ទៀត​នៅ​តាម​ឃុំ​សង្កាត់។​ខ្ញុំ​គិត​ថា គណ​បក្ស​កំពុង​កាន់​អំណាច​កាន់​តែ​មាន​សមត្ថ​ភាព​ធ្វើ​រឿង​នេះ”។

លោក​​បន្តទៀត​ថា​ បរាជ័យ​របស់​គ.ជ.ប.​ក្នុង​ការ​លុបឈ្មោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​ក៏​ជំរុញ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ​ផងដែរ។

លោក​បាន​លើក​ឡើង​ថា​ បញ្ហា​ដែល​មាន​បញ្ជី​អ្នក​បោះ​ឆ្នោត​បែប​នេះ​មាន​ន័យ​ថា​ អាច​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិ​ធម៌​​ ពី​ព្រោះ​អ្នក​បោះ​ឆ្នោត​ មានឈ្មោះតែ​មួយ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “វា​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​ ពី​ព្រោះ​វា​គួរ​តែ​ជា​ឈ្មោះ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​មួយ​សន្លឹក​ ​ដូច្នេះ​ ប្រសិន​បើ​ មាន​កំហុស​ធំ​ខាង​ចំ​នួន​ឈ្មោះ​​បែប​នេះ​ វា​មាន​ន័យ​ថា​ ក៏​មាន​កំហុស​ធំ​ពាក់​ព័ន្ធ​នឹង​លទ្ធ​ផល​ដែរ​”។

លោក​ ពុទ្ធា​ បាន​មាន​ប្រសាសន៍​ថា​ លោក​មិន​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​អំពី​ចំនួន​អ្នក​បោះ​ឆ្នោត​ពិត​ប្រាកដ​ ដែល​នឹង​ទៅ​បោះ​ឆ្នោត​នោះ​ទេ។​ ក៏​ប៉ុន្តែ​ បញ្ហា​នេះ​វា​រំឭក​ឲ្យ​ដឹង​រយៈ​​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១១​​នៅ​មុន​ការ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១២។​

នៅ​ពេល​នោះ​ គណៈកម្មាធិការ​សម្រាប់​ការ​បោះ​​ឆ្នោត​ដោយ​សេរី​ និង​យុត្តធម៌​នៅ​កម្ពុជា​បាន​ប៉ាន់​ស្មាន​ថា​ មាន​ប្រជា​ពល​រដ្ឋ​តែ​ចំនួន​៨,៨​លាន​​នាក់​ប៉ុណ្ណោះ​ ដែល​អាច​បោះ​ឆ្នោត​បាន​​ក្នុង​ការ​បោះ​ឆ្នោត​នោះ​ ​ប៉ុន្តែ​ បាន​រក​ឃើញ​ថា​ ​​គ.ជ.ប.​បាន​ចុះ​ឈ្មោះ​ពលរដ្ឋ​បាន​ចំនួន​៩,២​ លាន​នាក់​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​៕​ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស