មន្ត្រីតុលាការបាន្យដឹងកាលពីថ្ងៃសុក្រថា សាលាដំបូងខេត្តកំពង់ស្ពឺនឹងសាកសួរមនុស្សប្រាំនាក់រួមទាំងសាច់ញាតិបីនាក់របស់លោក ឡូរ៉ង់ វាល្លីយេ(Laurent Vallier)ជនជាតិបារាំងដែលគេបានប្រទះឃើញសាកសពក្នុងរថយន្ដជាមួយនឹងកូនបួននាក់នៅក្នុងស្រះទឹក អស់រយៈពេលជិតមួយឆ្នាំមកហើយនោះ។
លោក ឈឹម រិទ្ធី ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោក ទិត្យ ឈួន ឪពុកក្មេករបស់លោក ឡូរ៉ង់ វ៉ាល្លីយេ អ្នកស្រី សរ សាវី ត្រូវជាម្ដាយក្មេក និងអ្នកស្រី ស្រី អូន ត្រូវជាប្អូនថ្លៃនឹងត្រូវតុលាការកោះហៅមកសាកសួរពាក់ព័ន្ធនឹងករណីនេះនៅថ្ងៃទី២៤ ខែមករា។
លោកចៅក្រម ឈឹម រិទ្ធី បានឲ្យដឹងថា មន្ត្រីតុលាការបាននិងកំពុងពិនិត្យមើលសំណុំរឿងដែលអាចថា មានគេធ្វើឃាតលោក ឡូរ៉ង់ វ៉ាល្លីយេ និងគ្រួសាររបស់លោក។
ការស៊ើបអង្កេតបឋមរបស់នគរបាលបានបង្ហាញថា លោក វ៉ាល្លីយេ បានធ្វើអត្តឃាតជាមួយកូនៗគាត់ដោយបើករថយន្ដចូលក្នុងស្រះ។
លោកចៅក្រម ឈឹម រិទ្ធី បានបញ្ជាក់កាលពីម្សិលមិញថា តុលាការក៏ធ្លាប់សាកសួរសាច់ញាតិរបស់លោក វ៉ាល្លីយេ ដែរ កាលពីខែសីហា។ លោកមានប្រសាសន៍ថា “ការកោះហៅមកសាកសួរជាលើកទី២នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ពីព្រោះយើងជឿជាក់ថា សាច់ញាតិខាងប្រពន្ធរបស់លោក វ៉ាល្លីយេ ចង់បានដីរបស់គាត់”។
លោកបានពន្យល់ថា តុលាការចង់ដឹងថា តើសាច់ថ្លៃរបស់លោក វ៉ាល្លីយេ បានមកយកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួនប្រាំបួនប្លង់ ដែលធ្លាប់ជាកម្មសិទ្ធិរបស់ជនជាតិបារាំងនេះ ពីអាជ្ញាធរស្រុកកំពង់ត្របែក ខេត្តព្រៃវែងដោយរបៀបណា។
លោកចៅក្រម រិទ្ធី បានមានប្រសាសន៍ដោយមិនលម្អិតថា តុលាការក៏នឹងសាកសួរមេភូមិ និងមេឃុំនៅក្នុងស្រុកកំពង់ត្របែកផងដែរ ដើម្បីរកឲ្យឃើញថា តើគេចែកប័ណ្ណកម្មសិទ្ធិដីធ្លីទាំងនេះពីពេលណាមក។
គេមិនអាចទាក់ទងសាច់ថ្លៃរបស់លោក វ៉ាល្លីយេ បានទេ កាលពីថ្ងៃសុក្រ បើទោះបីជា បានខិតខំទាក់ទងជាច្រើនដងក៏ដោយ។
ក្រោយពេលសាកសពលោក ឡូរ៉ង់ វ៉ាល្លីយេ និងកូនៗត្រូវបានគេយកចេញពីរថយន្ដ កាលពីថ្ងៃទី១៤ខែមករា ឆ្នាំ២០១២រួចមក អាជ្ញាធរបារាំងបានប្រកាសថា ខ្លួនកំពុងសហការជាមួយនគរបាលកម្ពុជា ដើម្បីស៊ើបអង្កេតសំណុំរឿងនេះ។
មិត្តភក្តិរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ បាននិយាយថា លោក ឡូរ៉ង់ វ៉ាល្លីយេ មិនអាចធ្វើបាបកូនៗរបស់គាត់កើតទេ ហើយមួយរយៈពេលខ្លីមុនពេលគាត់បាត់ខ្លួន កាលពីខែកញ្ញាឆ្នាំ២០១១គាត់បានព្យាយាមលក់ដីមួយកន្លែងដែលនៅជិតផ្ទះរបស់គាត់។
ដើម្បីអាចលក់ដី លោក ឡូរ៉ង់ វ៉ាល្លីយេ បានទៅជួបលោក ប៊ិន គឹមហេង ជាឪពុករបស់ស្ត្រីវ័យក្មេងជនជាតិខ្មែរម្នាក់ ដែលលោកបានភ្ជាប់ពាក្យជាមួយ កាលពីឆ្នាំ២០១០។ចំណែកអតីតភរិយារបស់លោក ដែលត្រូវជាម្ដាយរបស់កូនៗទាំងបួននាក់នោះបានស្លាប់កាលពីឆ្នាំ២០០៩នៅពេលឆ្លងទន្លេកូនទី៤។បើយោងតាមមិត្តភក្តិជិតស្និទ្ធ របស់គាត់បានឲ្យដឹងថា លោក វ៉ាល្លីយេ មានទំនាក់ទំនងមិនល្អទេ ជាមួយសាច់ថ្លៃរបស់គាត់។
លោក ដូមីនីក ម៉ាស(Dominique Mas)លេខាទី១ប្រចាំស្ថានទូតបារាំងបានមានប្រសាសន៍ថា ការស៊ើបអង្កេតលើមរណភាពរបស់លោក ឡូរ៉ង់ វ៉ាល្លីយេ និងកូនៗរបស់គាត់កំពុងតែបន្ដទាំងនៅក្នុងប្រទេសកម្ពុជានិងនៅក្នុងប្រទេសបារាំង។
លោក ម៉ាស មានប្រសាសន៍ដោយបង្វែរសំណួរឲ្យសួរលោកចៅក្រម ឈឹម រិទី្ធ ថា “យើងកំពុងតែបន្ដនីតិវិធីច្បាប់ ហើយចៅក្រមចង់ស្ដាប់អ្វី ដែលគាត់ចង់ដឹងក៏ប៉ុន្តែ មិនមានន័យថា អ្នកត្រូវកោះហៅមកសាកសួរទាំងនោះ ពិតជាមានទោសនោះទេ”។
លោក ម៉ាស បានបន្ថែមទៀតថា “ខ្ញុំអាចបញ្ជាក់បានថា នៅក្នុងប្រទេសបារំាងក៏បានស៊ើបអង្កេតតាមប្រព័ន្ធតុលាការដែរ ហើយចៅក្រមបារាំង និងចៅក្រមកម្ពុជាកំពុងសហការគ្នាដើម្បីផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក និងសើុបអង្កេតទៅតាមហ្នឹង”៕ សុផាណ្ណា