ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើចំណាកស្រុកតាមច្រកព្រំដែនអន្ដរជាតិក្រុងប៉ោយប៉ែតទៅប្រទេសថៃ មានការកើនឡើង៦៨ភាគរយក្នុងឆ្នាំ២០១២ ក្នុងនោះពលករចំណាកស្រុកស្របច្បាប់ ដែលនគរបាលអន្ដោប្រវេសន៍ក្រុងប៉ោយប៉ែត បានកត់ត្រាមានចំនួន៥៤.០០០នាក់។
អនុសេនីយ៍ឯក ល័ក្ខ រមនា ប្រធានរដ្ឋបាលការិយាល័យនគរបាលអន្តោប្រវេសន៍ប្រចាំក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា មានប្រជាពលរដ្ឋចំនួន៥៤.០៥៨នាក់បានធ្វើចំណាកស្រុកដោយស្របច្បាប់ ដើម្បីទៅរកការងារធ្វើក្នុងប្រទេសថៃក្នុងឆ្នាំ២០១២ ដែលជាចំនួនកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១១ដែលនៅពេលនោះមានប្រជាពលរដ្ឋតែ៣២.០៦០នាក់ប៉ុណ្ណោះបានឆ្លងព្រំដែនទៅរកការងារធ្វើ។
លោកបានបន្ថែមថា “ ចំនួនពលករចំណាកស្រុកខុសច្បាប់ក៏កំពុងកើនឡើងដែរ។ បើតាមកំណត់ត្រារបស់យើង មានពលករចំណាកស្រុកខុសច្បាប់ទាំងអស់ចំនួន១១២.៥៤០នាក់”។ ចំណែកកាលពីឆ្នាំ២០១១មានត្រឹមតែ១០៨.២២៩នាក់ប៉ុណ្ណោះ។
អនុសេនីយ៍ឯក ល័ក្ខ រមនា បានមានប្រសាសន៍ថា ជាទូទៅប្រជាពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើតាមការដ្ឋានសំណង់ នេសាទ ឬធ្វើជាអ្នកស៊ីឈ្នួលច្រូតស្រូវឲ្យថៃ។លោកបានបន្ដថា នៅប្រទេសថៃ “ មានប្រាក់ខែច្រើនជាង”។ ប៉ុន្ដែលោកមិនបានប្រាប់ទេថា តើចំនួនពលករចំណាកស្រុកពីឆ្នាំ២០១១មកដល់ឆ្នាំ២០១២កើនឡើងច្រើនប៉ុណ្ណានោះទេ ។
លោក មឿន តុលា ប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងកាលពីថ្ងៃសុក្រថា កំណើននោះបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ចំណែកនៅក្នុងប្រទេសថៃស្ថានភាពពលករមានសភាពប្រសើរជាង។
លោកបានបន្ថែមទៀតថា “ ទី១ គឺ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាបានហាមមិនឲ្យស្ត្រីទៅធ្វើការនៅ [បរទេស]” ដែលជាហេតុធ្វើឲ្យស្រ្តីវ័យក្មេងជាច្រើនមិនមានសង្ឃឹមថា នឹងអាចរកការងារធ្វើនៅបរទេសបាន ក្រៅពីប្រទេសថៃឡើយ។
ទី២ គឺកាលពីក្នុងខែមេសាឆ្នាំនេះ ការកំណត់ប្រាក់ខែអប្បបរមានៅទូទាំងប្រទេសថៃ ក៏ជាកត្តាមួយទៀត ដែលញ៉ាំងឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅរកការងារធ្វើក្នុងប្រទេសថៃ។
លោក មឿន តុលា បានមានប្រសាសន៍ថា “នៅទូទាំងប្រទេសថៃ ពលករម្នាក់ធ្វើការមួយថ្ងៃបានប្រាក់ឈ្នួលចំនួន៣០០បាត[ប្រហែល១០ដុល្លារ] ដូច្នេះហើយនេះគឺជាមូលហេតុ ដែលប្រជាពលរដ្ឋនាំគ្នាភ្លូកទឹកភ្លូកដី ទៅរកការងារធ្វើនៅប្រទេសថៃ”។
លោកស្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា មានករណីថ្មីមួយពាក់ព័ន្ធនឹងពលករចំណាកស្រុកខុសច្បាប់ បានឲ្យដឹងថា កាលពីថ្ងៃពុធ ប្រជាពលរដ្ឋ៦០នាក់ ដែលគ្មានឯកសារស្របច្បាប់ត្រូវឃាត់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត ដើម្បីកុំឲ្យឆ្លងព្រំដែនខុសច្បាប់ ។
លោកស្រី ឌី សុជាតិ បានបន្តថា “ពួកគេធ្វើដំណើរដោយមានយកចានឆ្នាំង មកជាមួយហើយយើងបានបញ្ឈប់ពួកគេ”។ លោកស្រីបន្ថែមថា ពួកគេទាំងនោះមកពីស្រុកក្រវាញ ខេត្តពោធិ៍សាត់ និងមានអនីតិជនអាយុ១៥ឆ្នាំផងដែរ។ លោកស្រី ឌី សុជាតិ
មានប្រសាសន៍បន្ថែមទៀតថា “ ពួកគេបាននិយាយថា ពួកគេចង់ទៅធ្វើការក្នុងប្រទេសថៃ ព្រោះពួកគេច្រូតស្រូវខ្លួនឯងនៅក្នុងប្រទេសកម្ពុជារួចរាល់អស់ហើយ”។លោកស្រីបន្តថា ពួកគេព្យាយាមឆ្លងកាត់ព្រំដែនដោយគ្មានឯកសារស្របច្បាប់ឡើយ៕សុផាណ្ណា
(រាយការណ៍បន្ថែមដោយ Denise Hruby)