28 C
Phnom Penh

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​គេគប់​ដំថ្ម​ចំមុខក្នុង​រាជធានី​ភ្នំពេញ ដោយ​មិន​ដឹង​មូល​ហេតុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​លោក ជេសុន វូតតុន (Jason Wootton) អាយុ​៣២ឆ្នាំ​ បាន​មក​ដល់ប្រទេស​កម្ពុជា​ដោយ​មាន​បំណង​ស្នាក់​នៅ​ទី​នេះ​ជា​ច្រើន​ឆ្នាំ​ លោក​មិន​ដែល​ធ្លាប់​គិត​ថា បាន​ជួប​ប្រទះ​រឿង​គួរ​ឲ្យ​តក់​ស្លុតដូចដែល​លោកបាន​ជួប​នេះ​​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ​គ្រួសារ​របស់​លោកបាន​អង្វរឲ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិញ បន្ទាប់​ពី​ស្នាក់​នៅ​បាន​ត្រឹម​តែ​បួន​ខែ​នោះ​។

ប៉ុន្តែ កាល​ពី​ថ្ងៃ​ពុធ បុរស​ជន​ជាតិ​អង់គ្លេស​​រូប​នេះ​ បាន​ក្លាយ​ទៅ​ជា​ជន​រង​គ្រោះ​ដោយ​សារគេគប់ដំុ​ថ្ម​ ដោយមិន​ដឹង​មូលហេតុ នៅ​ក្នុងសង្កាត់​បឹង​កក់​១​។ គេ​មិន​ដឹង​ច្បាស់​ថា ដោយ​សារ​តែមូលហេតុ​អ្វី​នោះ​ទេ​ ហើយ​ខ្សែ​ជីវិត​របស់​លោក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​អាប់​អួ។

លោក វូតតុន កំពុង​តែដើរ​តាម​បណ្តោយ​​ផ្លូវ​២៤៤​ កែង​មហា​វិថី​ព្រះ​នរោត្តម​ ជាមួយ​សត្វ​សុនខ​របស់​លោក​ កាល​ពី​ថ្ងៃ​ពុធ នៅ​ម៉ោង៥និង​៣០​នាទី​ល្ងាច នៅ​ពេល​នោះ​យុវជន​ពីរនាក់​បាន​បើក​ម៉ូតូ​មក​ក្បែរ​គាត់​ ហើយ​យុវជន​ម្នាក់​ដែល​ជិះ​នៅ​ខាង​ក្រោយ​បាន​យក​ដំុថ្ម​​ធំ​មួយ​ដំុ​គប់​ទៅ​លើ​មុខ​របស់​គាត់។

នេះ​ជាការ​គប់​មួយ ដោយ​ប្រើ​កម្លាំង​យ៉ាង​ខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ស្បែក​នៅ​លើ​ថ្ងាសរបស់​​លោក វូតតុន ​ដាច់​រលាត់​ដល់​លលាដ៍ក្បាល​ ហើយ​​ហូរ​ឈាមសស្រាក់​តាម​មុខ​របួស​។

លោក វូតតុន ដែលក៏ជា​កីឡាករបាល់​ឱប​​ដ៏មាំមួន​មួយ​រូប បាន​​និយាយថា “ ​​ខ្ញុំ​មិន​ដែល​ជួប​ប្រទះឈាម​ ដែល​ហូរ​មក​យ៉ាង​ច្រើន​ដូចនេះ​ទេ ហើយ​ខ្ញុំ​ក៏មិន​ដែល​ជួប​ការ​វាយ​ប្រហារ​ដ៏ខ្លាំងបែបនេះ​ដែរ”។

សន្តិសុខ​ម្នាក់នៅ​ក្បែរ​នោះ​​ ​បាន​រត់​ទៅ​ជួយ​ និង​នាំ​លោក​ទៅ​កាន់​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់​រតនៈ​នៅ​ក្នុង​ខណ្ឌទួល​គោក​ ហើយ​ត្រូវ​ដេរ​មុខរបួសចំនួន២៥ថ្នេរ​។ លោក​ក៏​ទទួល​រង​គ្រោះ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ផងដែរ​។

លោក​បាន​និយាយ​ កាល​ពី​ថ្ងៃ​សុក្រ នៅ​ពេល​ផ្ទៃមុខ​ខាង​ឆ្វេង​របស់​លោក​បាន​ហើម​យ៉ាង​ខ្លាំង​​ និង​ក្បាល​របស់​លោក​កំពុង​ជាប់​បង់​រុំ​របួស​ថា“ ខ្ញុំ​គ្មាន​កម្លាំង​ដើរ​​ទេ”។ លោក​​បាន​បន្ត​ថា វា​មិន​មែន​ជាការ​​ប៉ុន​ប៉ង​ធ្វើឃាត​នោះ​ទេ បើអ៊ីចឹងមែន ម្លេ៉ះ​ខ្ញុំ​ស្លាប់​បាត់​ទៅ​ហើយ។ ខ្ញុំ​ស្ទើរ​តែ​បាត់​បង់​ភ្នែក​មួយ​ចំហៀង​ទៅ​ហើយ​”។

លោក វូតតុន ​បាន​មក​ប្រទេស​កម្ពុជា​​បួន​ខែ​កន្លង​មក​ហើយ។ រឿងនេះ​ពិត​ជា​រន្ធត់​ខ្លាំង​ណាស់​ ហើយ​សង្ឃឹម​ថា លោក​នឹង​មិន​ជួប​ការវាយប្រហារបែប​នេះ​ទៀត​​នោះ​ទេ​ទៅ​ថ្ងៃអនាគត​។

កាលពីឆ្នាំ​២០១០ ការ​វាយប្រហារ​ស្រដៀង​គ្នានេះ​​មកលើជនបរទេស មានជា​ច្រើន​ករណីដោយការ​គប់​ដំុ​ថ្ម​ចេញ​ពី​រថយន្ត​ទំនើប​ៗ និង​រថយន្ត​ធុន​ធំ​ ហើយអាជ្ញាធរ​បានដាក់​ពង្រាយនគរបាល​តាម​មាត់​ទន្លេ កន្លែង​ ដែល​កើត​មានការ​វាយ​ប្រហារ​​​បែប​​​នេះ។ ស្ថានទូត​សហ​រដ្ឋ​​អាមេរិក​នៅ​ពេល​នោះ​បាន​​ប្រកាស​ព្រមាន​ឲ្យ​ភ្ញៀវ​ទេសចរ​បាន​ដឹងឮអំពី​បញ្ហា​នេះ។​ គេ​ជឿ​ជាក់​ថា​ កូន​ប្រុស​របស់​មន្ត្រី​ជាន់ខ្ពស់​ក្នុងរដ្ឋា​ភិ​បាល​​​ម្នាក់​ ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ទាំង​នេះ​​ ដែល​រឿង​នេះ​ធ្លាប់បាន​សាប​រលាប​​​ទៅ​វិញ​នៅ​ចុងឆ្នាំ​២០១២។

បន្ទាប់​ពី​មាន​ភាព​ស្ងៀម​ស្ងាត់​ ពី​ការ​វាយ​ប្រហារ​បែប​នេះ​អស់រយៈពេល​ពីរ​ឆ្នាំ​មក​ លោក​ វូតតុន​ បាន​និយាយ​ថា​ លោក​មិន​នឹក​ស្មាន​ដល់​សោះ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​វាយ​ប្រហារមកលើ​លោក​បែប​នេះ​។​ការ​វាយ​ប្រហារ​នេះ​ហាក់​បី​ដូចជា​ មិន​សំដៅ​ចំៗ​មក​លើ​លោក​នោះ​ទេ​ ពី​ព្រោះ​ អ្នក​ដែល​គប់​ដុំ​ថ្ម​ដាក់​លោក​បាន​បើកម៉ូតូ​ចេញ​ពីកន្លែងកើត​​​ហេតុទៅ​វិញ​ភ្លាមៗ​ ហើយ​​​​មិន​មាន​បំណង​លួច​យក​អ្វី​នោះ​ទេ។

យោង​តាម​លោក​ អុ៊ច​ សុខន​ អធិការ​នគរ​បាល​ខណ្ឌ​ចំការ​មន​បាន​ឲ្យ​ដឹង​ថា​ គ្មាន​សេចក្តី​រាយការណ៍​ណាពីហេតុការណ៍​​ស្រដៀង​នេះ​​នោះ​ទេ​នៅ​ក្នុង​តំបន់​នេះ​។

​លោក​បន្ថែម​ថា​ “ខ្ញុំ​មិនបាន​ទទួល​ដំណឹង​ពី​ការ​វាយ​ប្រហារ​ណា​មួយ​ស្រដៀង​នេះ​នៅ​ក្នុង​ខណ្ឌ​របស់​ខ្ញុំ​ឡើយ។​ ប៉ុន្តែ​ប្រសិន​បើ​លោក​ វូតតុន​ ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​នគរ​បាល​ យើង​នឹង​ស៊ើប​អង្កេត​ករណី​នេះ”៕ស៊ុយ​ឈាង

(រាយការណ៍​បន្ថែម​ ដោយ​ កាំង​ ម៉េង​ហ៊ុន)​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស