35 C
Phnom Penh

អង្គការ​សេដាក​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​បង្កើន​ការ​នាំ​អង្ករចេញ​ទៅ​អាមេរិក​បាន​ទ្វេដង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ឬ​ហៅ​​កាត់​ថា​ អង្គារ​សេដាក​ បាន​ចំណាយ​ថវិកា​ចំនួន​​៥០០.០០០​ដុល្លារ ដើម្បី​សាង​សង់​រោង​ម៉ាស៊ីន​​កិន​ស្រូវ​មួយ​កន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ ដោយ​សង្ឃឹម​ថា​ នឹង​អាច​នាំ​អង្ករ​ចេញ​ទៅ​បរទេស​បាន​កាន់​តែ​ច្រើន។

លោក​ យ៉ង​ សាំងកុមារ​ ប្រធាន​អង្គការ​សេដាក​​មាន​ប្រសាសន៍​ថា​ “ យើង​សង្ឃឹម​ថា​ នៅ​ឆ្នាំ​២០១៣​ យើង​នឹង​អាច​នាំ​អង្ករ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​បាន​ចន្លោះ​ពី​២០០​តោន​ ទៅ​៣០០​តោន​  ពី​ព្រោះ​ឥឡូវ​នេះ​យើង​​មានរោង​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន​”។​ លោក​បាន​បន្ថែម​ទៀត​ថា​ អង្គការ​សេដាក​នាំ​អង្ករ​ចេញ​ទៅ​កាន់​សហរដ្ឋ​អា​មេិក​បាន​ជាង​១០០​តោន​កាល​ពី​ឆ្នាំ​មុន​ ដោយ​គ្មាន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន។

លោក​ យ៉ង​ សាំងកុមារ​ បាន​ឲ្យ​ដឹង​ថា​   អង្គការ​សេដាក​បាន​ទិញ​ម៉ា​ស៊ីន​កិន​ស្រូវ​ពី​ក្រុម​ហ៊ុន​ផលិត​ម៉ាស៊ីន​កិន​ស្រូវ​ជប៉ុន​ តៃវ៉ា​ សេគី​ ខប​ (Taiwa Seiki Corp)។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ខាង​មុខ​ យើង​សង្ឃឹម​ថា​ នឹង​អាច​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​បាន​ចំនួន​១០០​កន្លែង​នៅ​ទូទាំង​ប្រទេស​…​ដើម្បី​បង្កើន​ការ​នាំ​ចេញ​អង្ករ​”។

លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ អង្គការ​សេដាក​ កំពុង​តែ​ជួយ​ជ្រោម​ជ្រែង​ដល់​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ និង​ខេត្ត​តាកែវ​ ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ស្រូវ​ផ្ទាល់​ខ្លួន​នៅ​ដំណាច់​​ឆ្នាំ​២០១៣​។

លោក​ យ៉ង​ សាំងកុមារ​ បាន​បន្ត​ទៀត​ថា​ “ដំបូង​យើង​នឹង​ជួយ​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​ក្នុង​ស្រុក​កំចាយ​មារ​ និង​ស្រុក​ស៊ីធរ​កណ្តាល​ ​ខេត្ត​ព្រៃ​វែង​ជា​មុន​សិន​ ហើយ​បន្ទាប់​​មក​ទៀត​នៅ​ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។​ យើង​​សង្ឃឹម​ថា​ នឹង​អាច​បញ្ចប់​រួច​រាល់​នៅ​ដំណាច់​ឆ្នាំ​២០១៣​នេះ​”។​ លោក​បាន​បន្ថែម​ទៀត​ថា​ ស្រុក​នីមួយៗ​ប្រហែល​ជា​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រហែល​២៥០.០០០​ដុល្លារ​ ដើម្បី​ទិញ​ម៉ាស៊ីន​កិន​ស្រូវមួយ​គ្រឿង។

លោក​ យ៉ង​ សាំង​កុមារ​ បាន​មាន​ប្រសា​សន៍​ថា​ នៅ​ឆ្នាំ​២០១៤​ អង្គការ​សេដាក​សង្ឃឹម​​ថា​ នឹង​អាច​នាំ​ចេញ​អង្ករ​បាន​ចំនួន​៥.០០០​តោន​ នៅ​ក្នុងឆ្នាំ​២០១៥​អាចនាំ​ចេញ​បាន​១០.០០០​តោន​ ហើយ​នៅ​ឆ្នាំ​២០២២ ​នឹង​អាច​នាំ​ចេញ​បាន​ចំនួន​១០០.០០០​តោន។

អ្នក​ស្រី​ សៅ​ សាមឿន​ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ​​ក្នុង​ស្រុក​កំចាយ​មារ​ បាន​ឲ្យ​ដឹង​ថា​ មាន​ប្រជា​កសិករ​ចំនួន​១.៦៨១​នាក់​ ដែល​ចូល​រួម​ថវិកា​ ដើម្បី​សាង​សង់​រោង​ម៉ាស៊ីន​កិន​ស្រូវ​នេះ​ឡើង។

អ្នក​ស្រី​បាន​និយាយ​ថា​ “ រោង​ម៉ាស៊ីន​កិន​ស្រូវ​នេះ​មាន​សារ​ៈសំខាន់​ណាស់​ សម្រាប់​ប្រជា​ពល​រដ្ឋ​ ពី​ព្រោះ​នៅ​ពេល​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវ​បាន​ រោង​ម៉ាស៊ីន​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ពួក​គាត់​ក្នុង​ការ​លក់​ស្រូវ​ល្អៗ។​ ខ្ញុំ​ចង់​ឲ្យ​សមាជិក​របស់​យើង​ទាំង​អស់​ក្លាយ​ជា​អ្នក​មាន​ទាំង​អស់​គ្នា​”។

ប្រទេស​កម្ពុជា​ បាន​ខាត​បង់​អស់​រយៈ​ពេល​​​ជា​យូរមកហើយ​ ដោយ​សារ​មាន​ការ​នាំ​ស្រូវ​មិន​សូវ​​ល្អ​ចេញ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ជា​ច្រើន។​ ក៏​ប៉ុន្តែ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ដាក់​ទិស​ដៅ​នាំ​អង្ករ​ចេញ​ឲ្យ​បាន​ចំនួន​១​លាន​តោន​នៅ​ត្រឹម​ឆ្នាំ​២០១៥។

បើយោង​តាម​លោក​ គឹម​ សាវុធ​ ប្រធាន​សហព័ន្ធ​អ្នក​នាំ​ចេញ​អង្ករ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​មុន​ ប្រទេស​កម្ពុជា​នាំ​ចេញ​អង្ករ​សរុប​បាន​ចំនួន​២៥០.៨០០​តោន។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ ឆ្នាំ​នេះ​ យើង​សង្ឃឹម​ថា​ នឹង​អាច​នាំ​ចេញ​បាន​ជាង​៤០០.០០០​តោន​”៕​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស