28 C
Phnom Penh

អាមេរិក​​ថា ​អវត្ត​មាន​របស់​លោក​ សម រង្ស៊ី ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​ជា​ការ​គួរ​ឲ្យ​សង្ស័យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា ការ​ដក​បេក្ខភាព​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី ​​មិន​ឲ្យ​ចូល​រួម​ក្នុង​​ការ​បោះឆ្នោត​ជាតិ​ នៅខែ​កក្កដា ឆ្នាំ​២០១៣​ ​​ធ្វើ​​ឲ្យ​មាន​​មន្ទិល​សង្ស័យ​​​លើ​​​ភាព​ស្រប​ច្បាប់​នៃ​​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​​​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា ឈ្មោះ​របស់​លោក សម រង្ស៊ី មិន​មាន​​នៅ​ក្នុង​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣ ទេ​ ហើយ​ការ​លុប​ឈ្មោះ​នេះ​​ធ្វើ​ឲ្យ​លោក​មិន​​អាច​​ឈរ​​ឈ្មោះ​​ក្នុង​ការ​បោះ​ឆ្នោត​​​នេះ​បាន​ទេ ដោយសារ​លោក​មាន​ឋានៈ​ជា​​ឧក្រិដ្ឋជន​។

អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោកស្រី វិកតូរីយ៉ា នូឡែន (Victoria Nuland) បាន​លើក​ឡើង​អំឡុង​សន្និសីទ​កាសែត​នៅទី​​ក្រុង​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​សុក្រថា “ យើង​មាន​ការ​ខក​ចិត្ត​​ចំពោះ​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ កាលពី​​ពេល​ថ្មី​ៗ​នេះ​ដែល​បញ្ជាក់​​​ថា​​ ឈ្មោះ​​របស់​លោក សម រង្ស៊ី ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៣​ហើយ​ ដោយសារ​លោក​ជាប់​ទោស​ឧក្រិដ្ឋ​ ​ដែល​​​ក្រុម​អ្នក​សង្កេត​​ ការ​ណ៍ ជឿថា  បញ្ហា​នេះ​ជា​រឿង​នយោបាយ​”។

លោក ស្រី នូឡែន មាន​ប្រសាសន៍​បន្ដ​ថា “​ការ​លុប​ឈ្មោះ​​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ ​ធ្វើ​​ឲ្យ​មាន​​ការ​​សង្ស័យ​​លើ​ភាព​​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា” ។​

លោក​ស្រី​បាន​បន្ថែម​ថា រដ្ឋ​មន្ត្រី​ការ​បរទេសចប់​អាណត្តិ​​គឺ​លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បាន​លើក​ឡើង​ករណី​នេះ​ជា​មួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាលពី​ពេ​ល​កន្លង​មក​ ហើយ​​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ អាច​នឹង​បន្ត​​លើក​ឡើង​បញ្ហា​នេះ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​​ទៀត​។

លោក សម រង្ស៊ី បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅក្នុង​​ទី​ក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ដើម្បីចៀស​វាង​ទោស​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ ពី​បទ​ញុះ​ញង់និង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សារធារណៈ​។

​មាន​ការ​លើក​ឡើង​បែប​​នេះ​​នៅ​ទី​ក្រុង​វ៉ាស៊ីនតោន បន្ទាប់​ពី​​ការ​ធ្វើ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​​​លោក បារ៉ាក់ អូបាម៉ា (Barack Obama) មក​​កាន់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​វិច្ឆិកា​​ ដែល​ជា​​ការ​ធ្វើ​ទស្សន​​កិច្ច​លើក​​ដំបូង​​របស់​ប្រធានាធិបតី​ក្នុង​តំណែង​រប​ស់​សហរដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា​។

អំឡុង​​ជុំនួប​ជា​មួយលោក ហ៊ុន សែន លោកអូបាម៉ា បាន​លើក​ឡើង​អំពី​ ការ​បោះ​ឆ្នោត​ដែល​គេ​គិត​ថា​​មិន​ត្រឹមត្រូវ​នៅក្នុង​ប្រ​ទេស​​កម្ពុជា​​និង​ពាក្យ​បណ្តឹង​អំពី​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដោយ​​លើក​ឡើង​ថា​ បញ្ហា​ទាំង​នេះ​បាន​​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​​ទំនាក់​ទំនង​​ជិត​ស្និទ្ធ​​​​រវាង​ប្រទេស​ទាំង​ពីរ​​។

លោក ទេព នីថា អគ្គលេខា​ធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក​មិន​បានដឹង​អំពីការ​លើក​ឡើង​ទាំង​​នោះ​ទេ​ ប៉ុន្ដែ លោក​បាន​មាន​ប្រសាសន៍​ថា នោះ​គឺ​ជា​សិទ្ធិ​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​​សហ​រដ្ឋ​អាមេរិក​ ដែល​ចង់​និយាយ​នូវ​អ្វី​ដែល​លោក​ស្រី​​​ចង់​​និយាយ​។

លោក​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​គិត​ថា ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ប្រហែល​​ជា​​មិន​ដឹង​​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ទេ​។​ការ​បោះ​​ឆ្នោត​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ គឺ​សេរី​ និង​យុត្តិធម៌​។ វា​មិន​មែន​សម្រាប់​​តែ​មនុស្ស​ម្នាក់​ដូច​ជាលោក សម រង្ស៊ី នោះ​ទេ​ ​ហើយ​លោក​បាន​គូស​បញ្ជាក់​ថា នៅ​សហ​រដ្ឋ​អាមេរិក​​ក៏​មាន​ការ​រារាំង​ឧក្រិដ្ឋជន​មិនឲ្យ​​បោះ​ឆ្នោត​​​ដែរ​”។

លោក ទេព នីថា មាន​ប្រសាសន៍​​​​ថា មាន​ឈ្មោះ​អ្នកបោះ​ឆ្នោត​ជិត​៥០០.០០០​នាក់ ក្រៅ​ពី​ឈ្មោះរបស់​លោក សម រង្ស៊ី ត្រូវ​បាន​​លុប​​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​ក្នុង​រយៈ​ពេល​មួយ​​ឆ្នាំ​​មក​នេះ​​ ប៉ុន្ដែ លោក​​បដិសេធ​មិននិយាយ​ថា ​មាន​ឈ្មោះ​ប៉ុន្មាន​​ត្រូវ​បាន​​លុប​​​ចេញ​​​ដោយសារ​​មនុស្ស​ទាំង​នោះ​​មាន​ទោស​ឧក្រិដ្ឋនោះ​ទេ​​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី បាន​បង្វែរសំណួរ​ទាំង​អស់​អំពី​ការ​លើក​ឡើង​របស់​​​​​​​អាមេរិកទៅ​ក្រសួង​​ការបរទេស​វិញ​ ប៉ុន្ដែ លោក​បាន​ថ្លែង​ផង​ដែរ​ថា ករណី​លោក សម រង្ស៊ី គឺ​ជា​បញ្ហា​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​​កម្ពុជា​។

លោក​ថ្លែង​បន្ដ​ថា “ ខ្ញុំ​គិត​ថា យើង​ពិត​ជា​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​​ ប៉ុន្ដែ ពួក​គេ​គួរ​តែ​ធ្វើការ​សិក្សា​បន្ថែម​ទៀត​ថា លទ្ធិប្រជា​ធិបតេយ្យ​ មាន​ន័យ​ថា ការ​គោរព​ច្បាប់​។ លទ្ធិប្រជាធិបតេយ្យ​​គឺ​មិនមែន​​​អាស្រ័យ​​លើ​មនុស្ស​​​តែ​ម្នាក់​នោះ​ទេ​។ ​វាអាស្រ័យ​លើ​​សន្លឹក​​ឆ្នោត​គណបក្ស​នយោបាយ​ មិន​មែន​​ធ្វើ​តាម​ឯកតនាម​ ដូច​​​របប​ប្រធានា​ធិបតី​ នោះ​ទេ”។

លោកថ្លែ​ង​បន្ដ​ទៀត​ថា ការ​លើក​ឡើង​របស់​លោកស្រី នូឡែន គឺ “មិន​មែន​ជា​សារ​​​មួយ​ល្អ​​​​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នោះ​ទេ​” ព្រោះ​ពួក​គេ​​លើក​ទឹក​ចិត្ត​ឲ្យ​កម្ពុជា​ដោះ​លែង​​ឧក្រិដ្ឋ​ជន​​​។

លោក ទេព ​​នីថា ​ថ្លែង​បន្ដ​ទៀត​ថា “ពួក​គេ​[សហរដ្ឋ​អាមេរិក] គួរ​មាន​គោលការ​ណ៍​​ក្នុង​ការ​ពង្រឹង​​​ច្បាប់​​។មនុស្ស​គ្រប់​រូប មិនថា ​ជា​នរណា​នោះ​ទេ ត្រូវ​​តែគោរព​ច្បាប់​”។

លោក សម រង្ស៊ី ​​លើក​ឡើង​​តាម​​អីុ​ម៉េល​ កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពីការ​​បញ្ចូល​គ្នា​រវាង​​​គណបក្ស​​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ឆ្នាំ​មុន និង​ការ​តែង​តាំង​​លោក​​​ជា​​ប្រធាន​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​គឺ​​​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​​ ​លោក​គឺ​ជា​អ្នក​ប្រកួត​ប្រជែង​តែ​​ម្នាក់​គត់​​​ជា​មួយ​លោក​ ហ៊ុន សែន សម្រាប់​បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី”។

លោក​ថ្លែង​បន្ដ​ថា “ដូច្នេះ​ហើយ គេ​​​អាច​យល់​​ពី​មូល​ហេតុដែល​​​លោក​​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ចង់​ដក​ខ្ញុំ​ចេញ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​ ទោះ​បី​ជា​មាន​ការ​​ថ្កោល​ទោស​ពី​អន្ដរ​ជាតិ​​ក៏ដោយ ​ពី​​ព្រោះ​លោក​ចង់​​​រក្សា​តំណែង​របស់​លោក​​ ដោយ​​គ្មាន​ការ​ប្រកួត​ប្រជែង​​ពិត​ប្រាកដ​​​ឡើយ​”៕ឃិន ណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស