លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីជាន់ខ្ពស់គួរតែត្រៀមខ្លួនឆ្លើយសំណួររបស់សមាជិកសភាមកពីគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ដើម្បីធានាថា សភាកម្ពុជាបានបំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកចូលរួមកិច្ចពិភាក្សា។
អំឡុងពេលកិច្ចប្រជុំមួយនៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន មិនបានលើកឡើងល ម្អិតថា រដ្ឋមន្ត្រីរូបណា គួរត្រៀមខ្លួនឆ្លើយសំណួរទាំងនេះទេ។ប៉ុន្តែប្រសាសន៍របស់លោក ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីលោក សុន ឆ័យ សមាជិកសភាមកពីគណបក្សប្រឆាំង បានផ្ញើលិខិតមួយច្បាប់ជូនរដ្ឋសភាស្នើសុំឲ្យលោក ឌិត មុន្ទី ប្រធានតុលាការកំពូលចូលរដ្ឋសភា ដើម្បីឆ្លើយសំណួរអំពីសេចក្ដីសម្រេចដ៏ចម្រូងចម្រាសរបស់តុលាការកាលពីពេលថ្មីៗនេះ។
លោក សុន ឆ័យ ក៏បានសុំឲ្យលោក ស៊ុយសែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលឆ្លើយសំណួរនៅក្នុងរដ្ឋសភាផងដែរអំពីតម្លាភាពនៃការប្រគល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុនវារីអគ្គិស នី និង រ៉ែធំ ៗ ព្រមទាំងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យឆ្លើយសំណួរពាក់ព័ន្ធនឹងតម្លៃខ្ពស់ក្នុងការធ្វើលិខិតឆ្លងដែន។
លោក ផៃ សុីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋមន្ត្រី ត្រូវតែត្រៀមឆ្លើយសំណួរទាំងអស់នៅរដ្ឋសភា ប៉ុន្តែ សម្ដេចមិនបានផ្ដល់សេចក្ដីលម្អិតបន្ថែមទៀតទេ។ អ្វីដែលសម្ដេច ហ៊ុន សែន មានប្រសាសន៍គឺ ដើម្បីជំុរុញនិងពង្រឹងការងាររបស់រដ្ឋមន្ត្រីទាំងអស់ ដោយការប្រាប់រដ្ឋមន្ត្រីទាំងអស់ឲ្យមានការទទួលខុសត្រូវថែមទៀត”។
អ្នកសង្កេតការណ៍រដ្ឋសភា បានឲ្យដឹងថា រដ្ឋសភាមិនសូវមានការពិភាក្សាដេញដោលនិងសកម្មភាពប៉ុន្មាននោះទេ គ្រាន់តែជាស្ថាប័នប្រថាប់ត្រារបស់គណបក្សកាន់អំណាចប៉ុណ្ណោះ។
នៅក្នុងរបាយការណ៍មួយស្ដីពីរដ្ឋសភា ដែលចេញផ្សាយកាលពីឆ្នាំ២០១១នោះ លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតអង្គការសហប្រជាជាតិទទួលបន្ទុកសិទិ្ធមនុស្សបានមានប្រសាសន៍ថា “ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ទទួលបានអាសនច្រើនជាងពីរភាគបីនៅក្នុងរដ្ឋសភា នៅក្នុងការបោះឆ្នោតសាកលចុងក្រោយនេះ តួនាទីនិងការងាររបស់រដ្ឋសភាក្នុងនាមជាក្រុមពិភាក្សាដេញដោលនោះ ហាក់ដូចជាកំពុងធ្លាក់ចុះ”។
លោក គាំ កុសល ប្រធានខុទ្ទកាល័យរបស់លោក ហេង សំរិន ប្រធានរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋសភាបានប្រគល់លិខិតរបស់លោក សុន ឆ័យ ជូនទៅមន្ត្រីពាក់ព័ន្ធរួចហើយ ប៉ុន្តែ មិនទាន់បានទទួលការឆ្លើយតបនោះទេ។
លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថាលោក ស ខេង បានត្រៀមខ្លួន ឆ្លើយសំណួរនៅក្នុងរដ្ឋសភារួចហើយ។
លោក ឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍ថា “លោក ស ខេង បានត្រៀមចម្លើយរបស់លោក រួចរាល់ហើយ ប៉ុន្តែ ខ្ញុំមិនបានដឹងអំពីកាលបរិច្ឆេទដែលលោកត្រូវចូលទៅរដ្ឋសភា ព្រមទាំងឆ្លើយសំណួរយ៉ាងដូចម្ដេចនោះទេ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងមានប្រសាសន៍ថា លោក សូមស្វាគមន៍ក្រុមមន្ត្រីជាន់ខ្ពស់ ដែលឆ្លើយសំណួរនៅក្នុងរដ្ឋសភា ប៉ុន្តែ ជារឿយក្រុមមន្ត្រីទាំងនោះគ្រាន់តែអានចម្លើយ ដែលបានត្រៀមទុកជាមុនប៉ុណ្ណោះ។
លោក យឹម សុវណ្ណ បានមានប្រសាសន៍ថា “យើងសង្ឃឹមថា រដ្ឋាភិបាលនឹងមិនឆ្លើយទេ គឺគ្រាន់តែអានចម្លើយដែលបានត្រៀមទុកជាមុនប៉ុណ្ណោះ”៕សុខភុំ