31 C
Phnom Penh

ព័ត៌មាន​ស្ដីពីការ​ឃុំ​ខ្លួន​ពាណិជ្ជករ​ជន​ជាតិរុស្ស៊ីម្នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាពមិន​ស្រប​​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ បាន​បង្ហាញ​ថា ក្រុមហ៊ុន​របស់​ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ​ សឺហ្គេ​ ប៉ូលុនស្គី (Sergei Polonsky) ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​អាជ្ញាធរ​កម្ពុជា​ឃុំ​ខ្លួន​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​​ក្នុង​សមុទ្រ​​ខេត្ត​ព្រះសីហនុ​ កាល​ពី​សប្ដាហ៍​មុន​ កំពុងស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​រុស្ស៊ី ​ចំពោះ​ការ​ឆបោក​។

លោក​ ម៉ុង មុន្នី​ចរិយា ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា លោក ប៉ូលុនស្គី​ អាយុ​៤០​ឆ្នាំ​ ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​ម្នាក់​ នៅ​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​បី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ពុធ​ ពី​បទ​​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​​មួយ​បាន​កើ​ត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ។

ក៏​ប៉ុន្ដែ នគរបាល​កម្ពុជា​ និង​តំណាង​​របស់​លោក ប៉ូលុន​ស្គី បាន​ផ្ដល់​ព័ត៌មាន​ផ្ទុយ​គ្នា​ទាំង​ស្រុង​​ពី​ព័ត៌មាន​​ដែល​ឈាន​ដល់​ការ​ឃុំ​ខ្លួន​របស់​បុរស​រូប​នេះ​។

លោក​ ប៉ូលុនស្គី​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បោះ​បង់​ចោល​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដែល​កំពុង​ជាប់​បំណុល​គេ​មួយ​នៅក្នុង​​ប្រទេស​រុស្ស៊ី ហើយ​បាន​រត់​មក​ជ្រក​កោន​លើ​​កោះ​ឯកជន​តូច​មួយ​ ក្នុង​ដែន​ទឹក​កម្ពុជា​ ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​។ វិនិ​យោ​គិន​ដែល​បាន​អះអាង​ថា លោក ប៉ូលុន​ស្គី បាន​រត់​​គេច​ខ្លួន​ជាមួយ​​ប្រាក់​របស​់​ពួកគេ​​ចំនួន​២០០​លាន​ដុល្លារ​នោះ​ កំពុង​ស្នើឲ្យ​មាន​ការ​ធ្វើ​បត្យាប័ន​បុរស​រូប​នេះ​ពី​​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​រុស្ស៊ី​វិញ។

ការ​បក​ស្រាយ​របស់​អាជ្ញាធរ​កម្ពុជា​លើ​អ្វី​ដែល​បាន​កើ​ត​ឡើង​នៅ​មុ​ន​ពេល​មាន​ការ​ចាប់​ខ្លួន​លោក ប៉ូលុនស្គី នោះ មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការ​ណ៍​របស់​ទី​ភ្នាក់​ងារ​ទំនាក់​ទំនង​សាធារណៈ​មួយ​​ជំនួស​មុខ​ឲ្យ​លោក ប៉ូលុនស្គី ​ដែល​សេចក្ដី​ថ្លែង​ការណ៍​នេះ បាន​អះអាង​ថា លោក ប៉ូលុនស្គី ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លោក មុន្នី​ចរិយា បាន​បដិសេធ​ចោល​នូវ​ការ​អះអាង​នេះ​ទាំង​ស្រុង ដោយ​លោក​បញ្ជាក់​ថា លោក ប៉ូលុន​ស្គី កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ រួម​ជាមួយ​បុរស​ជន​ជាតិរុស្ស៊ី​ពីរនាក់​ផ្សេង​​ទៀត នៅ​​ពន្ធ​នាគារ​​ខេត្ត​ព្រះសីហនុ​​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សូម​បដិសេធ​ចំពោះព័ត៌មាន​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​នេះ​។ ​វា​មិន​ពិត​ទេ”។

លោក វ៉ា ចាន់ថន នាយការិយាល័យ​ព្រហ្មទណ្ឌ កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា លោក ប៉ូលុនស្គី ជាមួយ​នឹង​ជន​រួម​គំនិត​ពីរនាក់​ទៀត​ ឈ្មោះ ការា៉ជីស្គី (Karachisky) អាយុ២៤​ឆ្នាំ និង​ឈ្មោះ បាក់ឡាយ (Baglay) អាយុ​២៥​ឆ្នាំ បាន​វាយ​ជន​ជាតិកម្ពុជា​ប្រាំមួយ​នាក់ ដែល​ខ្លួន​ជួល

​ឲ្យ​ធ្វើ​ការ​នៅលើ​កប៉ាល់​ធំ​មួយ​គ្រឿង​នៅ​ជិត​កោះ​តាង​ ដែល​ជា​កោះ​មួយមាន​ចម្ងាយ​ជាង​៤០​គីឡូម៉ែត្រ​ ភាគ​និរតី​នៃ​ខេត្ត​ព្រះសីហនុ ។

លោក​បាន​មាន​ប្រសាសន៍​​សំដៅដល់​ព័ត៌មាន​ ដែល​កម្មករ​បាន​ផ្ដល់​ឲ្យ​​​ថា “ ​ពួក​គេ​យក​កាំបិត​មុខ​ស្រួច​គំរាម​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ទាំង​ប្រាំមួយនាក់​នោះ​”។

លោក​បាន​ឲ្យ​ដឹង​ថា ក្រោយ​មក​ជន​ជាតិ​រុស្ស៊ីទាំង​នេះ បាន​បង្ខំ​ឲ្យ​កម្មករ​ទាំង​អស់​លោត​ចូល​ទៅ​ក្នុង​សមុទ្រ ​ដែល​នៅ​ទី​នោះ​​កាណូត​ល្បាតរបស់​កង​រាជ​អាវុធ​ហត្ថ​ បាន​ទៅ​ជួយ​សង្គ្រោះ​​កម្មករ​ទាំង​នោះភ្លាមៗ​។​

លោក​ ចាន់​ថន បាន​មាន​ប្រសាសន៍​ថា មន្ត្រី​​កងរាជ​អាវុធ​ហត្ថ​បា​ន​បាញ់​ព្រមាន​ជា​ច្រើន​គ្រាប់​ ហើយ​បាន​ដេញ​តាម​ទូករបស់​ជន​ជាតិ​រុស្ស៊ី​នេះ ដោយ​បាន​ធ្វើ​ឲ្យ​ពួក​គេលោត​ចូល​ទៅក្នុង​ទឹក​ រួ​ចហើយ​ចាប់​ខ្លួន​ពួកគេតែ​ម្ដង​។

ក៏ប៉ុន្ដែ សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ជំនួស​មុខ​ឲ្យ​ លោក ប៉ូលុនស្គី ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​​កាល​ពីថ្ងៃ​សៅរ៍​ ដោយ​ក្រុមហ៊ុន​ ឌឹ ភីអា អហ្វ​ហ្វីស (The PR Office) ដែល​ជា​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ ស្ថិត​នៅ​ទីក្រុង​ឡុងដ៏ បាន​បង្ហាញ​ថា ឧបទ្ទវហេតុ​នេះ គឺ​ជា​ “ការ​យល់​ច្រឡំ” ដែល​បាន​កើត​ឡើង​នៅ​ពេល​ជនជាតិ​រុស្ស៊ី​ទាំង​នេះ “ កំពុង​តែ​សប្បាយ

​រី​ក​រាយ​នៅ​ក្នុង​ពិធី​ជប់​លៀង​ឯក​ជន​មួយ​នៅ​លើ​កោះ​គ្មាន​មនុស្ស​នៅ​តូច​មួយ ហើយ​នៅ​ពេល​នោះ​ ការ​ដុច​កាំ​ជ្រួច​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​កង​រាជ​អាវុធ​ហត្ថ​ដែល​មាន​ទី​បញ្ជាការ​នៅ​ក្បែរ​នោះ​”។

យោង​តាម​ព័ត៌មាន​នេះ​បាន​បង្ហាញ​ថា បន្ទាប់​ពី​ត្រូវ​បាន​សាកសួរ​រក​លិខិត​សំគាល់​ខ្លួន​ លោក ប៉ូលុនស្គី ​ជា​ម្ចាស់​ក្រុមហ៊ុន​ ប៉ូថុក (Potok) ដែ​ល​គ្រប់​គ្រង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ទំនើប​នៅ​លើ​កោះ​​ដែក​គោល​ ហើយ​នៅ​ពេល​នោះ ​“សុខ​ចិត្ត​ទៅ​​​យក​ឯកសារ​​ពី​កោះ​ឯកជន​របស់​គាត់​​នៅ​ជិត​នោះ​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ បាន​ឲ្យ​ដឹង​ថា​ “ ជា​​អកុសល​ ដោយសារ​តែ​មាន​បញ្ហា​មិន​យល់​ភាសារ​រវាង​ភាគី​ទាំង​ពីរ​ ទើ​ប​បណ្ដាល​ឲ្យ​មាន​ភាព​តាន​តឹង​ខ្លះ​ៗ​ ខណៈ​ដែល​មិត្ត​ភក្ដិ​របស់​គាត់​ត្រូវ​បាន​កង​កម្លាំង​នាំខ្លួន​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​”។

មន្ត្រី​ម្នាក់​នៅ​​ស្ថាន​ទូត​រុស្ស៊ី​ប្រចាំ​​រាជ​ធានី​ភ្នំពេញ​បាន​បដិសេធ​មិនព្រមពន្យល់​​ប្រាប់​អំពី​ករណី​នេះ​ទេ​ ហើយ​បាន​បង្វែរ​សំណួរ​នេះ​ទៅ​ឲ្យ​មេធាវី​ការ​ពារ​ជន​ជាតិ​រុស្ស៊ី​ទាំង​បីនាក់​នេះ​។

លោក វីរៈ បុត្រ មេធាវី​ការ​ពារ​ជន​ជាតិ​រុស្ស៊ីទាំងបីនាក់​ បាន​បដិសេធ​មិន​ព្រម​ពន្យល់​ព័ត៌មាន​​លម្អិត​អំពីករណី​នេះទេ ក៏ប៉ុន្ដែ លោក​​បាន​អះអាង​ថា បុរស​ទាំង​បីនាក់​នេះ​ កំពុង​ជាប់​ឃុំ​នៅ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្មាន​ឯកសារ​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​នឹង​ទៅ​តុលា​ការ​នៅ​ថ្ងៃ​អង្គារ​។​ ឥឡូវ​នេះគាត់ [លោក​ប៉ូលុនស្គី] កំពុង​នៅ​ក្នុងពន្ធនាគារ​”។

ក្រុមហ៊ុន​របស់​លោក ប៉ូលុនស្គី ដែល​កាល​ពី​មុន​មាន​ឈ្មោះ​ថា ក្រុមហ៊ុន​ មីរ៉ាក់ គ្រុប (Mirax Group) គឺ​ជា​ក្រុមហ៊ុន​អច​លន​ទ្រព្យ​ដ៏ធំមួយ​​រហូត​ដល់​មាន​វិបត្តិ​ហិរញ្ញវត្ថុ​​​ពិភព​លោក​​។

ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ បាន​​លើក​ឡើង​​ក្នុង​សេចក្ដីថ្លែង​ការ​ណ៍​មួយ កាលពី​ខែ​កញ្ញា​ថា “ក្រុមហ៊ុន​នេះ​ ទទួល​បាន​លុយ​ចំនួន​៦ពាន់​លាន​រូប (RUB) ពី​អតិថិជន​ក្រោយមក​ក្រុម​ហ៊ុន​ក៏​បាន​បញ្ឈប់​គម្រោង​សាងសង់​គេហ​ដ្ឋាន​ ដោយ​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ដែល​មាន​ចុះ​កិច្ច​សន្យាជាមួយ​អតិថិជន​។

បន្ទាប់​ពីនោះ​មក​គណៈគ្រប់​គ្រង​បាន​រៀប​ចំ​វិធាន​ការ​​​​ទប់​ទល់​នឹង​ការ​ក្ស័​យ​ធន​និង​ការ​ផ្ទេរ​ប្រាក់​ចេញ​​​ជា​មុន​​”។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​​ចេញ​ដោយ​​ក្រុម​វិនិយោគិន ​ដែល​ត្រូវ​បា​ន​គេ​ឆបោក​កាល​ពី​ខែ​កញ្ញា​បាន​បង្ហាញថា ពួកខ្លួន​កំពុង​រៀប​ចំ​ផែន​ការដាក់​ពាក្យ​​ប្ដឹង​លោក ប៉ូលុនស្គី តាង​នាម​ឲ្យ​ក្រុម​ទាំងមូល។

ក្រុមវិនិយោគិនទាំង​នេះ បាន​ឲ្យ​ដឹង​ថា“យើង​ជឿជាក់​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​ឈាន​ទៅ​ដល់​ការ​ចោទ​ប្រកាន់​ពីបទ​ព្រហ្ម​ទណ្ឌ​។ ប្រសិន​បើ​ដូច្នេះ​មែន ​យើង​សង្ឃឹម​ថា

អគ្គរដ្ឋ​អាជ្ញារុស្ស៊ី និង​ផ្ដួច​ផ្ដើម​នូវ​ ​ការ​​ទាម​ទារ​រួម​គ្នា​មួយ​ ពីក្រុមហ៊ុន Mirax និង​ពី​​ក្រុមហ៊ុន​ស្នង​ Potox ជំនួស​មុខ​ឲ្យ​ក្រុម​វិនិយោគិន​ ដើម្បី​ទាម​ទារប្រាក់​​របស់​ពួកគេ​ ដែល​បាន​បាត់​បង់​នោះ​មក​វិញ​”។​

លោក ប៉ូលុនស្គី កំពុង​មាន​ជម្លោះ​ជាមួយ​នឹង​លោក​ អាឡិចសាន់ឌ័រ ឡេបេដូវ​ (Alexander Lebedev) ជា​ម្ចាស់​កាសែត​អង់គ្លេស​ ឌឹ អុីន​ឌិភិនដិន​ (The Independent) និង​ជា​អ្នក​ដែល​បាន​រិះ​គន់​លោក ប៉ូលុនស្គី ដោយ​ផ្សាយ​បន្ដ​ផ្ទាល់​តាមទូរទស្សន៍ជុំវិញ​ការ​​ចោទ​ប្រកាន់​ ដែល​ថា លោក ឡេបេដូវ​ បង្កើត​គម្រោង​សំណង់​មួយ​មិន​​សូវ​មាន​គុណ​​ភាព​នៅ​ក្នុង​ចំ​ណោម​គម្រោង​សំណង់​នានា​របស់​លោក ​ប៉ូលុនស្គី ។

លោក ហ្វ្រេត ហារីសុន (Fred Harrison) អ្នក​ផ្ដល់​ប្រឹក្សា​​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៅ​​ក្រុមហ៊ុន​ វែលលីង​តុន អុីនធើ​ណេ​សិន​ណល (Wellington International) នៅ​ទីក្រុង​ឡុងដ៏ បាន​មាន​ប្រសា សន៍​ថា លោក​តំណាង​ឲ្យ​ក្រុម​វិនិយោគិន​​នៅទីក្រុង​មូស្គូ ដែល​កំពុង​តាម​រក​លោក ប៉ូលុនស្គី ដែលត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រមូលយក​លុយ​រាប់​លាន​ដុល្លារ ដែល​ពួក​គេ​​បាន​វិនិយោគ​​ក្នុង​គម្រោង​អចលន​ទ្រព្យ​មាន​បញ្ហា​មួយ​ កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០។

លោក​បាន​មាន​ប្រសាសន៍​​តាម​ទូរស័ព្ទ​កាល​ពី​ម្សិលមិញ​ថា “ពួក​គេ​បាន​ស្នើ​ឲ្យ​អគ្គ​រដ្ឋ​អាជ្ញា​ [រុស្ស៊ី] ​គិត​ពី​ការ​ធ្វើ​​​បត្យាប័ន​។ ហើយ​​ពួក​គេ​ចង់​ដាក់​ [ពាក្យ​ប្ដឹង]”។

កាល​ពី​ខែ​កញ្ញា ក្រសួង​មហាផ្ទៃ​រុស្ស៊ី បាន​ប្រកាស​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​ផ្នែក​ព្រហ្មទណ្ឌ​មួយ​លើ​និយោជិត​ក្រុមហ៊ុន​ Mirax របស់​លោក ប៉ូលុនស្គី។

លោក ហារីសុន បានឲ្យ​ដឹង​ថា នៅ​ពេល​ណា​​​អាជ្ញាធរកម្ពុជា​ដោះ​ស្រាយ​ជាមួយ​លោក ប៉ូលុនស្គី​ រួចហើយ​ ក្រុមវិនិយោគិន​ទាំង​នេះ​ចង់​ “នាំខ្លួន​បុរស​រូប​នេះ​ទៅ​ទីក្រុង​មូស្គូវិញ​ ធ្វើ​ដូច្នេះ​ទើប​យើង​អាច​នាំ​ខ្លួន​ជន​នេះ​ទៅ​តុលាការ​បាន​”។

លោក ហារីសុន បាន​មាន​ប្រសាសន៍​ថា លោក​ ប៉ូលុនស្គី កំពុង​ជំពាក់​បំណុលគេ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី និង​នៅ​ប្រទេស​ផ្សេង​ទៀត​ប្រហែល​៦០០​លាន​ដុល្លារ​ ក៏​ប៉ុន្ដែ បាន ​“បោះ​បង់​អាជីវកម្មរបស់​គាត់​ចោល​ ហើយ​ទុក​​ឲ្យ​​ធនា​គារ​មួយ​នៅក្នុង​ទីក្រុង​មូស្គូ​​​គ្រប់​គ្រង​”។

លោក​​មាន​ប្រសាសន៍​ថា “គាត់​បាន​ចាក​ចេញ​មក​កាន់​ប្រទេស​កម្ពុជា​ [កាល​ពី​ពីរ​ ឬ​បីខែ​មុន​] មកកាន់​កោះ​ឯកជន​របស់​គាត់​​”៕ កុក ទៀន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស