29 C
Phnom Penh

ការបាញ់បោះ​អានាធិបតេយ្យ​នៅ​កណ្តាល​អធ្រាត្រ​ ក្នុង​រាជាធានីភ្នំពេញ​ បង្ក​​ឲ្យ​មានភាព​ចលាចល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល ​និង​មន្ដ្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា​ ការបាញ់បោះយ៉ាង​អានាធិបតេយ្យ​នៅ​កណ្តាល​​អធ្រាត្រ កាល​ពី​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សៅរ៍​ នៅ​តាម​បណ្តោយ​មហាវិថី​ ព្រះ​មុនីរ៉េត​​​​បាន​កើត​ឡើង​បន្ទាប់​ពី​បុរស​​​បួន​នាក់ដែល​ស្រវឹង​ស្រា​យ៉ាង​ជោក​ជាំ​បាន​ជិះ​​​រថយន្ត​ពីរ​គ្រឿង​ផ្សេង​គ្នា​​បាន​បាញ់​កាំ​ភ្លើង​ឡើង​ទៅ​លើ​ជា​​ការ​លេង​សើច​។

យោងតាមលោក ពង្ស សាវរិទ្ធ មេបញ្ជា​ការរាជ​អាវុធហត្ថ​រាជធានី​ភ្នំ​ពេញ​ឲ្យ​ដឹង​ថា​ បុរស​ទាំង​បួន​នាក់​នោះ​បាន​បន្ត​ការ​បាញ់​បោះ​​យ៉ាង​អនាធិបតេយ្យ​​នេះ​ជា​ង​មួយ​គីឡូ​ម៉ែត្រ​ ចាប់​ពី​ក្បែរ​ស្តាត​អូឡាំពិក​ ហើយ​ពួក​គេ​​បើក​រថយន្ត​កាត់តាម​ខាង​មុខ​​​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ហើយ​ចុង​ក្រោយ​បត់​តាម​មហា​វិថី​ព្រះ​​នរោត្តម ​សីហនុ​ ហើយ​​ចុង​ក្រោយ​បំផុត​​កង​កម្លាំង​នគរបាល​​បាន​ចាប់​ខ្លួនពួក​គេ​បាន​​នៅ​ជិត​វត្ត​ មហា​មន្ត្រី​។

យោង​តាម​​មន្ដ្រីនគរបាល​ខណ្ឌ​៧​មករា​​​ម្នាក់​​ ដែល​សុំ​​មិន​​បញ្ចេញ​​ឈ្មោះ​​ដោយ​​សារ​លោក​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​និយាយ​ជា​មួយ​អ្នក​យក​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​របស់​បុរស​ទាំង​បួន​នាក់​នោះ​មិន​ត្រូវ​បាន​គេ​​ប្រាប់​ឲ្យ​ដឹង​ទេ​ ប៉ុន្តែ​​បុរស​ម្នាក់​ក្នុង​ចំណោម​​បុរស​​ទាំង​បួន​នាក់​នោះ​​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំភ្លើង​​ផ្លាត​ត្រូវ​ ហើយ​ត្រូវ​បាន​​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​អនុញ្ញាតឲ្យ​​​បញ្ជូន​​ទៅ​ព្យាបាល​នៅ​ប្រ​ទេស​វៀត​ណាម​។​

រូបថត​នៃ​ឧបទ្ទវហេតុ​នេះ​ ដែល​បាន​ផ្សព្វផ្សាយ​​លើ​គេហទំព័រ​ព័ត៌មាន​ក្នុង​ស្រុក​បាន​​បង្ហាញ​ថា ​​បុរស​ទាំង​នោះ​​ និង​រថយន្ត​របស់​ពួក​គេ​ប្រឡាក់​ដោយ​ឈាម​។

លោក សាវរិទ្ធ បាន​មានប្រសាសន៍បន្តថា​ “បុរស​ទាំង​បួន​នាក់​នោះ​ស្រវឹង​ស្រា​យ៉ាង​ខ្លាំង​​ហើយ​បាន​បាញ់​កាំ​ភ្លើង​របស់​ពួក​គេជា​ការ​​លេង​សើច​​​ នៅ​ពេល​ពួក​គេ​បាន​បើក​រថយន្ត​​​តាម​​មហាវិថី​ព្រះមុនីរ៉េត​​ក្នុង​ខណ្ឌ៧មករា​។ ពួកគេ​បាន​បង្កឲ្យ​មានការ​​ចលាចល​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំ​ពេញ​​ និង​បាន​ធ្វើ​ឲ្យ​កង​កម្លាំង​នគរបាល​ និង​កង​កម្លាំង​​រាជ​អាវុធ​ហត្ថ​ដេញ​តាម​ពួកគេ​រហូត​ទាល់​តែ​ទី​បំផុត​យើង​​អាច​ចាប់​ខ្លួន​ពួកគេ​បាន”​។

លោកបានមាន​ប្រសាសន៍ថា នគរ​បាល​បានដក​ហូត​យក​កាំ​ភ្លើង ដែល​ពួកគេ​បាន​បាញ់​បោះ​នោះ ​ព្រម​ទាំង​រថយន្ត​​ស៊េរី​ទំនើប​របស់​ពួកគេ​ម៉ាក​កាឌីឡាក់​អេស្កាឡេត (Cadillac Esclade) និង​ អុីសសិនមីនី (Essen Mini) ផងដែរ។

លោកមាន​ប្រ​សាសន៍​បន្តថា ទោះ​បី​ជា​បុរស​​បី​នាក់​ក្នុង​ចំណោម​​បុរស​​ទាំង​បួន​នាក់នោះ​​ត្រូវ​បាន​បញ្ចូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​​សាកសួរ​ដោយ​ ​ លោក ហៀង សុភ័ក្ដ្រ ព្រះរាជអា​ជ្ញា​​រង​អម​សាលា​ដំបូង​រាជធានីភ្នំពេញក៏​ដោយ ​ក៏​​អ្នក​ទាំង​បីនាក់​នោះ នៅ​មិន​ទាន់ត្រូវ​​បាន​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។

លោកបាន​មានប្រសាសន៍ថា “យើង​មិន​ទាន់​បញ្ចប់​ការ​សាក​សួរ​ពួកគេ​នៅ​ឡើយ​ទេ ហើយ​ដូច្នេះ​ពួកគេ​មិន​ទាន់​ត្រូវ​បាន​ចោទ​​ប្រកាន់​ឡើយ”។ លោក​បាន​បដិសេធ​មិន​បញ្ចេញ​ឈ្មោះឬអាយុ​របស់​បុរស​ដែល​ពាក់​ព័ន្ធនឹងការ​បាញ់​បោះយ៉ាង​អានាធិបតេយ្យ​​ទាំងនោះ​ទេ។

លោក យ៉េន សាន អធិការ​នគរបាល​ខណ្ឌ​៧មករា បាន​បង្វែរ​សំណួរ​ពាក់​ព័ន្ធ​ឧបទ្ទវ​ហេតុ​​នេះ​ទៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​វិញ៕ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស