មន្ត្រីក្រសួងការងារមួយរូប បានឲ្យដឹងកាលពីសប្ដាហ៍មុនថា កម្មកររោងចក្រកាត់ដេរជាង១.៦០០នាក់មកពីរោងចក្រចំនួន២៤ បានដួលសន្លប់នៅក្នុងឆ្នាំ២០១២ គឺតិចជាងឆ្នាំ២០១១ ដែលមានកម្មកររោងចក្រកាត់ដេរសន្លប់ចំនួន១.៩០០នាក់។
ឧស្សាហកម្មកាត់ដេរកម្ពុជា បានចាប់ផ្ដើមជួបប្រទះនូវការដួលសន្លប់កម្មករជាច្រើនដងនៅក្នុងឆ្នាំ២០១១ ជាហេតុការណ៍ ដែលក្រុមអ្នកជំនាញមានជំនឿថា ភាគច្រើនបណ្ដាលមកពីជំងឺផ្លូវចិត្ត ប៉ុន្តែ អាចបណ្ដាលមកពីកង្វះ អាហារូបត្ថម្ភ និងលក្ខខណ្ឌការងារផ្សេងៗទៀតដែរ។
ទោះបីជាចំនួនកម្មករដួលសន្លប់ថយចុះក៏ដោយ ក៏លោក ម៉េង ហុង ប្រធាននាយកដ្ឋានអធិការកិច្ច និងកិច្ចការច្បាប់របស់ក្រសួងការងារបានមានប្រសាសន៍ថា ចំនួនរោងចក្រ ដែលជួបប្រទះហេតុការណ៍នេះ មានការកើនឡើង។
លោក ម៉េង ហុង បានមានប្រសាសន៍ទៀតថា “ ក្នុងឆ្នាំ២០១២ តួលេខសរុប គឺមាន២៤រោងចក្រ ដែលមានកម្មករដួលសន្លប់ ហើយចំនួនកម្មករដួលសន្លប់មានចំនួន១.៦៨៦នាក់។នៅឆ្នាំ២០១១មានរោងចក្រចំនួន១២ ដែលមានកម្មករចំនួន១.៩៧៣នាក់ បានដួលសន្លប់”។
លោកបានមានប្រសាសន៍ថា ការថយចុះចំនួនកម្មករដួលសន្លប់នេះអាចបណ្តាលមកពីកម្មវិធីអប់រំមួយ ដែលក្រសួងការងារ បានចាប់ផ្ដើមធ្វើកាលពីខែតុលា។ក្រុមមន្ត្រីបានទៅពិនិត្យរោងចក្រប្រហែល១០០ ដើម្បីនិយាយប្រាប់កម្មករ អ្នកគ្រប់គ្រងកម្មករ និងប្រធានក្រុមអំពីសុវត្ថិភាពចំណីអាហារ ការធ្វើឲ្យមានលក្ខខណ្ឌការងារល្អប្រសើរ និងមិនធ្វើការងារថែមម៉ោងច្រើនហួសហេតុ។ក្រុមមន្ត្រីទាំងនោះ ក៏បានណែនាំកម្មករឲ្យយល់ពីបាតុភូតនៃជំងឺផ្លូវចិត្តផងដែរ។
លោកបានមានប្រសាសន៍ថា “ប្រសិនបើមានការងារថែមម៉ោងច្រើនហួសហេតុ បន្ទាប់មកបន្ទុកការងារនេះធ្លាក់មកលើកម្មករផងដែរ ដែលជាហេតុបណ្ដាលឲ្យកម្មករដួលសន្លប់”។
សហជីពសេរីកម្មករបង្ហាញថា ចំនួនកម្មករដួលសន្លប់មានច្រើនណាស់នៅក្នុងឆ្នាំ២០១២គឺមានចំនួន២.១០៧នាក់ដែលបានដួលសន្លប់នៅតាមរោងចក្រចំនួ២៩។
រោងចក្រដែលមានកម្មករដួលសន្លប់លើសពីម្នាក់នៅឆ្នាំនេះ គឺរោងចក្រកាត់ដេរ Sabrina កម្ពុជា នៅខេត្តកំពង់ស្ពឺ ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន Nike និងក្រុមហ៊ុនM&Vអន្តរជាតិនៅខេត្តកំពង់ឆ្នាំង ដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន H&M និងក្រុមហ៊ុន Gap។ ក្រុមហ៊ុន Sabrina បានជួបប្រទះឧប្បត្តិហេតុបួនលើកដាច់ដោយឡែកពីគ្នា ដែលមានកម្មករសន្លប់ចំនួន៣៤០នាក់ ហើយក្រុមហ៊ុន M&V មានកម្មករដួលសន្លប់ប្រាំលើកមានចំនួនជាង៧០នាក់។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករបានលើកឡើងអំពីកង្វះអនាម័យ និងការធ្វើការថែមម៉ោងរយៈពេលយូរ ជាមូលហេតុដ៏សំខាន់នៃការដួលសន្លប់ទាំងនេះ។ លោក ជា មុន្នី បានមានប្រសាសន៍ថា ការផ្ដល់ប្រាក់ខែខ្ពស់ អាចជួយកាត់បន្ថយហេតុការណ៍ដួលសន្លប់នេះ ប៉ុន្តែ លោក កែន លូ អគ្គលេខាសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានមានប្រសាសន៍ថា ការអះអាងទាំងនេះ មិនត្រឹមត្រូវទេ។
លោក កែន លូ បានមានប្រសាសន៍ថា “យើងជារោងចក្រកាត់ដេរមិនមានចេតនាបង្កបរិយាកាសឲ្យកម្មករដួលសន្លប់នោះទេ។សហជីពជាច្រើន មានបំណងប្រើប្រាស់បញ្ហានេះធ្វើជាលេសដើម្បីសុំដំឡើងប្រាក់ខែឲ្យកម្មករ ប៉ុន្តែ ខ្ញុំគិតថា វាគ្មានប្រយោជន៍ទេក្នុងគាំទ្រការអះអាងទាំងនេះទេ។ ការសិក្សាដែលគេធ្វើឡើងមិនអាចរកឃើញកត្តាណាមួយឡើយ៕សុខភុំ