កាលពីម្សិលមិញ លោក ហេង សំរិនប្រធានរដ្ឋសភាបានការពាររដ្ឋាភិបាលតទល់នឹងអ្នករិះគន់ដោយលោកមានប្រសាសន៍ថា ការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដានឹងដំណើរកាដោយសេរី និងយុត្តិធម៌ ហើយស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា តាមពិតកំពុងមានការរីកចម្រើន។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រប្រហែល១៣០.០០០នាក់ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា អំឡុងពេលប្រារព្ធពិធីខួបលើកទី៣៤នៃទិវាជ័យជម្នះលើរបបខ្មែរក្រហម លោក ហេង សំរិន បានថ្លែងសំដៅទៅរកអ្នកនយោបាយ ដែលលោកមិនបញ្ចេញឈ្មោះថា គួរតែបញ្ឈប់ការរិះគន់មកលើរដ្ឋាភិបាល។
លោកបានថ្លែងនៅក្នុងសុន្ទរកថា ដែលមានរយៈពេល៤៥នាទី ដោយលើកឡើងអំពីកំណើនសេដ្ឋកិច្ច ការបោះឆ្នោត និងកិច្ចប្រឹងប្រែងកាត់បន្ថយភាពក្រីក្រថា “ អ្នកនយោបាយ និងក្រុមផ្សេងទៀតគួរតែមើលឃើញនូវការអភិវឌ្ឍ ដែលកំពុងរីកចម្រើន ហើយគួរលើកទឹកចិត្ត និងរិះគន់បែបស្ថាបនា ជាជាងប្រមាថមកលើអធិបតេយ្យភាពរបស់កម្ពុជា និងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល”។
លោកថ្លែងបន្ដថា “គណបក្សប្រជាជនកម្ពុជា នឹងបន្ដលើកទឹកចិត្តឲ្យមានសកម្មភាព ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។តាមការពិត លទ្ធិប្រជាធិបតេយ្យ និងការលើកស្ទួយសិទ្ធិមនុស្ស មិនអាចកើតមានឡើង ដោយគ្រាន់តែនិយាយ ឬធ្វើរបាយការណ៍ពីភាគីមួយនោះទេ”។
ការលើកឡើងបែបនេះ បានធ្វើឡើងបន្ទាប់ពីស្ត្រីអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងថា សហរដ្ឋអាមេរិក “ ខកចិត្តចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការលុបឈ្មោះ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពីបញ្ជីឈ្មោះអ្នកបោះឆ្នោតជាតិ នៅខែកក្កដា ដែលធ្វើឲ្យលោកមិនអាចចូលរួមក្នុងការបោះឆ្នោតបាន។
លោក សម រង្ស៊ី ដែលបច្ចុប្បន្ននេះ កំពុងរស់នៅបែបនិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ពីបទចោទប្រកាន់ជាច្រើន ដែលគេជឿថា ជារឿងនយោបាយ ហើយទទួលបានការគាំទ្រពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) អំឡុងពេលលោកធ្វើទស្សនកិច្ចមករាជធានីភ្នំពេញ កាលពីខែវិច្ឆិកា នៅពេលនោះលោកបានលើកឡើងថា គណបក្សប្រឆាំងគួរតែអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងដោយសេរីក្នុងការបោះឆ្នោតនាពេលខាងមុខ។
លោក ហេង សំរិន បានលើកឡើងអំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាថា គឺកំពុងដើរលើផ្លូវវិជ្ជមានមួយ ទោះបីជាមានការរិះគន់ជាបន្ដបន្ទាប់មកលើរដ្ឋាភិបាលអំពីរបាយការណ៍ជុំវិញបញ្ហាសិទ្ធិមនុស្សក្នុងពេលថ្មីៗនេះក៏ដោយ។
លោក ហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកគាំទ្រជាបន្ដថា“ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានកសាងឡើងវិញស្របពេលប្រជាពលរដ្ឋកម្ពុជា បានរស់រានមានជីវិតឡើងវិញ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ហើយលទ្ធិប្រជាធិបតេយ្យកំពុងតែរីកចម្រើនតទៅទៀត តាមរយៈសកម្មភាពនៃការអភិវឌ្ឍនេះជាង៣៤ឆ្នាំមកហើយ។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា ការលើកឡើងបែបនោះ បើទោះជាមិនបញ្ចេញឈ្មោះអ្នកនយោបាយណាមួយក៏ដោយ តែវាបង្ហាញនូវគោលដៅថ្មីមួយទៀតរបស់រដ្ឋាភិបាល ដែលមិនចង់ស្ដាប់ការរិះគន់មកលើខ្លួន។
លោកថ្លែងបន្ដថា “យើងបានប្រឹងប្រែងធ្វើការងាររបស់យើងក្នុងនាមជាសមាជិកសភា និងជាគណបក្សប្រឆាំង។ នេះគឺជារឿងធម្មតា សម្រាប់គណបក្សប្រឆាំង នៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែ គណបក្សកាន់អំណាចហាក់បីដូចជាចង់ឲ្យមានប្រព័ន្ធគណបក្សតែមួយ ដែលពួកគេអាចគ្រប់គ្រងអ្វីៗទាំងអស់ ហើយមនុស្សគ្រប់រូបសរសើរពួកគេ ទោះបីជាពួកគេធ្វើត្រូវ ឬខុសក៏ដោយ”។
លោក សុន ឆ័យ ថ្លែងផងដែរថា ថ្ងៃ៧មករាមិនគួរបកស្រាយថា ជាថ្ងៃរំដោះប្រជាពលរដ្ឋកម្ពុជាពីការគ្រប់គ្រងរបស់ខ្មែរក្រហមទេ។ លោកបន្ដទៀតថា “តាមការពិត ថ្ងៃ៧មករា គឺជាថ្ងៃកងទ័ពវៀតណាម បានឈ្លានពានកម្ពុជា។ និងជាថ្ងៃវៀតណាម គ្រប់គ្រងកម្ពុជាអស់រយៈពេលជាង១០ឆ្នាំដោយមិនបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាទេ។ នេះជាការពិត”។
កាលពីឆ្នាំមុន ការប្រារព្ធ ថ្ងៃ៧ មករា គឺចំពេលថ្ងៃធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាដំបូង ហើយបន្ទាប់មកសមាជិកគណបក្សប្រជាជន បានដង្ហែក្បួនតាមមហាវិថីព្រះនរោត្ដម។ ឆ្នាំនេះ ដោយសារការបោះឆ្នោតនៅមានរយៈពេលប្រាំពីរខែទៀត លោក ហេង សំរិន បានប្រើឱកាសនេះ ដើម្បីថ្លែងទៅកាន់សមាជិករបស់ខ្លួន និងទៅកាន់អ្នកវាយប្រហារថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកបានបន្ដការគាំទ្រចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់លោក សុរិយា ស៊ូបេឌី (Surya Subedi) ប្រេសិតពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា ដែលលោកលើកឡើងថា គណៈកម្មាធិការនេះ ខ្វះការគាំទ្រជាសាធារណៈ និងសហគមន៍អន្ដរជាតិ។
លោក ហេង សំរិន ថ្លែងបន្ដថា “គណបក្សប្រជាជនកម្ពុជា គឺកំពុងធ្វើការ និងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត និងរក្សាកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយស្ថាប័នជាតិទាំងអស់ ព្រមទាំងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគ្រប់គណបក្សនយោបាយ និងគ្រប់ភាគីទាំងអស់ ដើម្បីធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យ និងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌”។
អំឡុងពិធីប្រារព្ធថ្ងៃ៧ មករា នេះ អ្នកគាំទ្រគណបក្សប្រជាជនត្រូវបានស្នើឲ្យឃ្លាំមើលដំណើរការបោះឆ្នោត និងរក្សាភាពស្ងៀមស្ងាត់រយៈពេលមួយនាទី ដើម្បីគោរពព្រះវិញ្ញាណក្ខ័ន្ធសម្ដេឪ ព្រះ បាទ នរោត្ដម សីហនុ ដែលបានយាងចូលទិវង្គត កាលពីខែតុលា។ ក្រុមអ្នកគាំទ្រ ក៏បានរក្សាភាពស្ងៀមស្ងាត់រយៈពេលពីរនាទីផងដែរ ដើម្បីគោរពដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានពលីជីវិត នៅពេលប្រយុទ្ធគ្នាជាមួយខ្មែរក្រហម៕ ឃិន ណៃ
(រាយការណ៍បន្ថែមដោយ Lauren Crothers)