26 C
Phnom Penh

ក្រសួង​យុត្តិធម៌​ជា​អ្នក​ឲ្យ​ស៊ើបអង្កេត​សំណុំ​រឿង​ ឈូក បណ្ឌិត ឡើង​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​នៅ​ក្រសួង​យុត្តិធម៌​បាន​ឲ្យដឹង​ កាលពីម្សិលមិញ​ថា ក្រសួង​​យុត្តិធម៌​បាន​ចេញ​​បញ្ជា​ឲ្យ​សាលាឧទ្ធរណ៍​សើុបអង្កេត​ជា​ថ្មី​​លើ​ការ​ពាក់​ព័ន្ធ​របស់​​លោក​​ ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត​ ដែល​បាន​បាញ់​​កម្មការិនី​បីនាក់​ កាល​ពី​ខែកុម្ភៈ ឆ្នាំ​មុន។

លោក សំ ប្រជាមានិត អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ថា លោក អង្គ វង្ស​វឌ្ឍានា រដ្ឋម​ន្ត្រី​ក្រសួង​យុត្តិធម៌​បាន​សរសេរ​លិខិត​មួយ​ច្បាប់ កាល​ពីខែឆ្នូ ផ្ញើ​ជូន​លោក អ៊ុក សាវុធ អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​ សំុឲ្យ​លោក​ស៊ើបអង្កេត​​រឿង​ក្តី​​នេះ​​​ឡើង​វិញ​។

លោក សំ ប្រជាមានិត ​មាន​ប្រសាសន៍ថា “រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​បានផ្ញើលិខិតទៅ​កាន់​អគ្គព្រះរាជ​អាជ្ញា​ឲ្យ​ត្រួត​ពិនិត្យ​ករណី​​នេះ​ឡើង​វិញ​។​គាត់​​ចង់​ឲ្យ​សាលា​ឧទ្ធរណ៍​ស្វែង​រក​យុត្តិ​ធម៌​ ឲ្យ​បាន​ច្រើន​ជាង​មុន​ និង​ធ្វើ​ការ​​​សើុប​អង្កេត​ឲ្យ​បាន​​​ទូលំ​ទូលាយ​”។

សាក្សី​​ដែល​បាន​ឃើញ​​ការ​បាញ់​ប្រហារ​​នេះ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ស្បែក​ជើង​មួយ​​នោះ​បាន​រាយ​ការណ៍ថា លោក ឈូក​ បណ្ឌិត​ បាន​បាញ់​​ទៅ​​លើ​ស្រ្តី​អ្នក​តវ៉ា​នៅ​ឯតំបន់​សេដ្ឋ​កិច្ច​ពិសេស​មួយ​នៅ​ក្នុង​​ខេត្ត​ស្វាយ​រៀង។​​ ក្រោយ​មក​ ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃបាន​បញ្ជាក់​ថា លោក ឈូក បណ្ឌិត មាន​ការពាក់​ព័ន្ធ​​ក្នុង​ករណីនេះ។

ទោះ​បី​ជា​មាន​ភ័ស្តុតាង​បែប​នេះ​ក៏ដោយ​ក៏​សា​លា​ដំបូង​ខេត្ត​ស្វាយរៀង ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​​លោក​ ​ឈូក​ បណ្ឌិត​ ដែរ​កាលពីខែធ្នូ រី​ឯ​មន្ត្រី​នគរបាល​ក្រុង​បាវិត​ម្នាក់​ ឈ្មោះ ស ចន្ថា ត្រូវ​បាន​តុលា​ការ​ចោទ​ប្រកាន់​កាល​ពីខែសីហា​ ពី​បទ​បង្ករ​បួស​ស្នាម​ដោយ​អចេតនា។ លោក ឈូក បណ្ឌិត​ មិន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​ណា​ឡើយ​ ហើយ​ពេល​នេះ​ក៏មិន​ដឹង​ថា គាត់​នៅ​​ទី​ណា​ដែរ​។

លោក អ៊ុក សាវុធ អគ្គព្រះ​រាជអាជ្ញា​សាលា​ឧទ្ធរណ៍​បាន​ប្តឹង​ទាស់​នឹង​ការ​លើក​លែង​ការ​ចោទប្រកាន់​ប្រឆាំង​​លោក ឈូក បណ្ឌិត​ កាលពីថ្ងៃទី​២១ ខែធ្នូ ហើយ​សវនាការ​ជំនុំ​ជម្រះ​​​រឿង​ក្តី​នេះនឹង​​ធ្វើ​ឡើង​​បន្ទាប់​ពីពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព​​សម្តេច​ឪ នរោត្តមសីហនុ ​ចប់​រួច​រាល់​នៅ​ថ្ងៃទី​៤​ខែ​កុម្ភៈ ។

លោកអគ្គព្រះរាជ​អាជ្ញា​សាលាឧទ្ធរណ៍​ អ៊ុក សាវុធ ​មាន​ប្រសាសន៍​ថា “ គេនឹង​បើក​សវនាការ​ករណី​នេះ ​បន្ទាប់​ពី​ពិធី​បុណ្យ​ព្រះកូណា​ហើយ​​”។

លោក ប៉ែន វិបុល អនុប្រធាន​​នាយក​ដ្ឋាន​បុគ្គលិក​នៅ​​ក្រសួង​យុត្តិធម៌ បាន​បកស្រាយពី​មូលហេតុ​ ដែល​លោក ចន្ថា ត្រូវ​បាន​កោះ​ហៅមក​បំភ្លឺនៅ​​ក្រសួង​ កាល​ពីសប្តាហ៍​មុន​ថាក្រសួង​យុត្តិធម៌​ក៏​បាន​ព្យាយាម​ស្វែង​យល់​ពី​មូល​ហេតុ​ ដែល​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​​ចោទ​ប្រកាន់​លោក ស ចន្ថា​ ផងដែរ។

លោក ស ចន្ថា បាន​បដិសេធម្តង​ហើយ​ម្តង​ទៀតថា លោក​មិន​ទទួល​ខុស​ត្រូវ​​ចំពោះ​ការ​បាញ់​ប្រហារ​នេះ​ទេ​។

លោក ប៉ែន វិបុល ​មាន​ប្រសាសន៍​ថា“យើង​សាក​សួរ​លោក ស ចន្ថា ពីព្រោះ​​យើង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​តុលាការ​ចោទ​ប្រកាន់​គាត់​់​។ ហើយ​យើង​ចង់​ដឹង​អំពី​គាត់​​”៕ហម សុផាណ្ណា

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស