ពាណិជ្ជករជនជាតិរុស្ស៊ីម្នាក់ឈ្មោះ សឺហ្គី ប៉ូលុនស្គី (Sergei Polonsky) ដែលបច្ចុប្បន្នកំពុងជាប់ឃុំបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តព្រះសីហនុ បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម កាលពីម្សិលមិញ ដើម្បីតវ៉ាចំពោះភាពគ្មានទោសរបស់លោកជុំវិញការចោទប្រកាន់ពីបទប្រើអំពើហិង្សាដោយចេតនា។

ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ន នៅខេត្តព្រះសីហនុ។
លោក ប៉ូលុនស្គី អាយុ៤០ឆ្នាំ និងបុរសជនជាតិរុស្ស៊ីពីរនាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ កាលពីសប្ដាហ៍មុន បន្ទាប់ពីមានឧបទ្ទវហេតុមួយកើតឡើង នៅតាមឆ្នេរសមុទ្រ កាលពីថ្ងៃទី៣០ ខែធ្នូ។ មន្ត្រីកងរាជអាវុធហត្ថនិយាយថា ជនជាតិរុស្ស៊ីទាំងនេះ បានប្រើអំពើហិង្សាបណ្ដេញពលរដ្ឋខ្មែរប្រាំមួយនាក់ ឲ្យចេញពីទូក ហើយក្រោយមកក៏បានព្យាយាមរត់គេចខ្លួន។
នៅក្នុងសារមួយសរសេរជាភាសារុស្ស៊ី បង្ហោះលើទំព័រហ្វេសប៊ុក និងនៅក្នុងទំព័រទ្វីតធើ (Twitter) កាលពីម្សិលមិញ លោក ប៉ូលុនស្គី បានលើកឡើងថា លោក “ នឹងទាមទារស៊ើបអង្កេតលើការចោទប្រកាន់នេះ” របស់សាលាដំបូងខេត្តព្រះសីហនុ។
លោកលើកឡើង ក្នុងសារនេះថា “ខ្ញុំអាចនឹងមានសេរីភាពនៅ១៥នាទីក្រោយ ប្រសិនបើខ្ញុំសារភាពទោសកំហុស”។ លោកបានបន្ថែមថា លោកគួរតែ “ទទួលបានការឲ្យរួចពីការចោ ទប្រកាន់ទាំងស្រុង ចំពោះរឿងនេះ”។
សេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យតាមរយៈក្រុមហ៊ុនទំនាក់ទំនងសាធារណៈមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ក៏បានរៀបរាប់ផ្ទុយគ្នាស្រឡះពីឧបទ្ទវហេតុនោះដែរ ហើយបានទម្លាក់កំហុសលើការចាប់ខ្លួនទៅលើបញ្ហាទំនាក់ទំនងរវាងជនជាតិរុស្ស៊ី និងជនជាតិខ្មែរ បន្ទាប់ពីការដុតកាំជ្រួច ដែលបានធ្វើឲ្យផ្អើលដល់អង្គភាពយោធាមួយនៅក្បែនោះ។
លោក ម៉ុង មុនីចរិយា ប្រធានសាលាដំបូងខេត្តព្រះសីហនុ មានប្រសាសន៍ថា សំណុំរឿងនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយកាលបរិច្ឆេទបើកសវនាការរបស់តុលាការ ក៏មិនទាន់កំណត់នៅឡើយដែរ។
លោក ប៉ូលុនស្គី ដែលធ្លាប់ជាកំពូលអ្នកមានក្នុងចំណោមកំពូលអ្នកមាននៅប្រទេសរុស្ស៊ី ដែលលោកជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ មីរ៉ាក់ (Mirax) ដែលក្រោយមកបានប្ដូរឈ្មោះក្រុមហ៊ុនរបស់លោក ទៅជាក្រុមហ៊ុន ប៉ូថុក (Potok) ចាប់តាំងពីនោះមក ហើយនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក៏បានធ្វើដំណើរទៅកាន់កោះដែកគោល ដែលជាកោះឯកជនតូចមួយ ស្ថិតតាមឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។
ក្រសួងមហាផ្ទៃរុស្ស៊ី បានប្រកាស កាលពីចុងខែកញ្ញាថា ខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុនរបស់លោក ប៉ូលុនស្គី ពីបទឆបោក ហើយក្រុមវិនិយោគិន ដែលមានកំហឹងដោយសារគម្រោងអចលនទ្រព្យមួយ ក្នុងទីក្រុងមូស្គូ កំពុងអំពាវនាវឲ្យអាជ្ញាធររុស្ស៊ី ធ្វើបត្យាប័នលោក ប៉ូលុនស្គី។
លោក អូស្ដាប ឌូរ៉ូសេនកូ (Ostap Doroshenko) សមាជិកម្នាក់នៅក្នុងគ្រួសារ ដែលគ្រប់គ្រងភោជនីយដ្ឋាន និងសណ្ឋាគារផ្ទះពស់ (Snake House Restaurant and Hotel) នៅក្នុងខេត្តព្រះសីហនុ បាននិយាយកាលពីម្សិលមិញថា លោក និងឪពុករបស់លោកឈ្មោះ នីកូឡៃ ឌូរ៉ូសេនកូ (Nikolai Doroshenko) គឺជា “ ដៃគូ” ជាមួយលោក ប៉ូលុនស្គី នៅក្នុងការគ្រប់គ្រងអចលនទ្រព្យនេះ ដោយពួកគេបានកសាងរមណីយដ្ឋានប្រណីតមួយនៅទីនោះ។
លោក ឌូរ៉ូសេនកូ និយាយថា “ ខ្ញុំគិតថា ការឃុំខ្លួនលោក ប៉ូលុនស្គី បណ្ដោះអាសន្ននឹងមិនអីទេ។ ខ្ញុំគិតថា វាមិនយូទេ នឹងដោះស្រាយរួចរាល់”។
ចាប់តាំងពីដើមខែតុលារមក លោក ប៉ូលុនស្គី បានបង្ហោះរូបថតចេញពីប្រទេសកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គម។
នៅក្នុងការបង្ហោះថ្មីៗបំផុត នៅក្នុងប្លុកជាភាសាអង់គ្លេសរបស់លោក កាលពីខែតុលា លោក ប៉ូលុនស្គី បានលើកឡើងពីការចោទប្រកាន់ថា លោកអស់ប្រាក់ហើយ។
លោកបន្ដថា“ តាមពិត ការវាយតម្លៃរបស់ក្រុមហ៊ុនថា មានទំហំទឹកប្រាក់ពី៤,៥ទៅ៨ពាន់លានដុល្លារ។ ហើយពលេនេះ យើងអាចនិយាយឲ្យច្បាស់ថា ខ្ញុំដាច់យ៉ៃហើយ”។
រូបភាពមួយបង្ហោះតាមអុីនធើណិត កាលពីថ្ងៃទី៨ ខែធ្នូ បង្ហាញថា លោក ប៉ូលុនស្គី ស្លៀកតែក្រមា ដៃម្ខាងកាន់ស្វាមួយក្បាល និងដៃម្ខាងទៀតកាន់សត្វសេក។
នៅក្នុងការបង្ហោះមួយ ដើម្បីអបអរថ្ងៃបុណ្យណូអែល គឺគ្រាន់តែប៉ុន្មានថ្ងៃមុនពេល
ចាប់ខ្លួនលោក លោក ប៉ូលុនស្គី បានបង្ហោះរូបថតអមដោយសារ ដែលមានខ្លឹមសារថា “អបអរសាទរជាមួយនឹងភាពជោគជ័យ។ រៀបចំតុបតែងដើមណូអែល ជិះស្គីលើរលក
ហើយចំណាយពេលពេញមួយយប់នៅលើកោះឆ្នេរខ្សាច់មួយ។ អ្វីៗពិតជាល្អ។ ខ្ញុំអត់ខ្វល់អ្វីទាំងអស់”៕សុខុម
(រាយការណ៍បន្ថែមដោយ អូន ភាព)