មេធាវីម្នាក់ ដែលតំណាងឲ្យក្រុមហ៊ុនរបស់លោក អេនឌ្រូ វ៉ាលេស (Andrew Wallace)ជាជនជាតិអង់គ្លេសបានឲ្យដឹងកាលពីម្សិលមិញថា ពេលនេះលោក អេនឌ្រូ វ៉ាលេស កំពុងជាប់ឃុំនៅនាយកដ្ឋាននគរបាលអន្តោប្រវេសន៍។
លោក អេនឌ្រូ វ៉ាលេស អាយុ៣៨ឆ្នាំ ត្រូវបានតុលាការប្រទេសអង់គ្លេសផ្តន្ទាទោសកាលពីឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទញុះញុង់ឲ្យមានពេស្យាចារ និងជួយសម្រួលដល់ការបញ្ជូនស្ត្រីពីរនាក់ទៅចក្រភពអង់គ្លេសក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទ។គាត់បានគេចខ្លួនពីការធានាឲ្យនៅក្រៅឃុំ ហើយធ្វើដំណើរទៅប្រទេសថៃ ដែលនៅទីនោះនគរបាលថៃ បានចាប់ខ្លួនគាត់កាលពី ខែកក្កដា ឆ្នាំ២០១១តាមការស្នើសុំពីអាជ្ញាធរអង់គ្លេស។
គេមិនទាន់ដឹងច្បាស់ថា លោក អេនឌ្រូ វ៉ាលេស បានធ្វើដំណើរមកប្រទេសកម្ពុជាដោយរបៀបណានោះទេ ហើយពេលនេះគាត់គឺជានាយកប្រតិបតិ្តក្រុមហ៊ុន Power Topia (កម្ពុជា) ដែលលក់ឧបករណ៍ដើរដោយថាមពលពន្លឺព្រះអាទិត្យ។ លោក ម៉ា សំបូរ៉ាណា ជាមេធាវីរបស់ក្រុមហ៊ុន Power Topia បញ្ជាក់ថា លោក អេនឌ្រូ វ៉ាលេស ត្រូវបាននគរបាលមូលដ្ឋានចាប់ខ្លួន កាលពីសប្ដាហ៍មុន ហើយគ្រោងបញ្ជូនទៅប្រទេសអង់គ្លេសវិញ។
លោក ម៉ា សំបូរ៉ាណា មានប្រសាសន៍ន៍ថា “ខ្ញុំមិនដឹងអំពីកាលបរិច្ឆេទ ដែលលោក អេនឌ្រូ វ៉ា លេស នឹងត្រូវបញ្ជូនទៅប្រទេសអង់គ្លេសវិញនោះទេ ប៉ុន្តែ ខ្ញុំអាចបញ្ជាក់ថាគាត់ត្រូវបានឃុំខ្លួននៅនាយកដ្ឋាននគរបាលអន្តោប្រវេសន៍” ដោយលោកបានមានប្រសាសន៍បន្ថែមថា “ លោកមិនត្រូវបានអនុញ្ញាតឲ្យជួបលោក អេនឌ្រូ វ៉ាលេស នៅក្នុងមន្ទីរឃុំឃាំងទេ។
លោកបានមានប្រសាសន៍ថា “ខ្ញុំមិនអាចជួបលោក អេនឌ្រូ វ៉ាលេស បានទេ ពីព្រោះគាត់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់នគរបាល ហើយនគរបាលកម្ពុជា និងនគរបាលអន្តរជាតិនៅចក្រភពអង់គ្លេស កំពុងធ្វើការងាររួមគ្នា។ ដូច្នេះ បញ្ហានេះស្ថិតនៅក្រៅដែនច្បាប់ព្រហ្មទណ្ឌកម្ពុជា”។លោកបានបន្ថែមថា លោកមានការភ្ញាក់ផ្អើលចំពោះការចាប់ខ្លួនលោក អេនឌ្រូ វ៉ាលេស ។
លោក ម៉ា សំបូរ៉ាណា មានប្រសាសន៍ថា “គាត់បាននិយាយថា វាជារឿងផ្ទាល់ខ្លួន ប៉ុន្តែវាមិនគួរជារឿងធ្ងន់ធ្ងរនោះទេ”។
លោក លីស្លេយ សូនឌឺសន់ (Lesley Saunderson) អនុប្រធានបេសកកម្មប្រចាំស្ថានទូតអង់គ្លេសបានបញ្ជាក់ថា ការចាប់ខ្លួន លោកអេនឌ្រូ វ៉ាលេស ធ្វើឡើងទៅតាមសំណើរបស់ទីភ្នាក់ងារព្រហ្មទណ្ឌកម្រិតធ្ងន់ (Serious Organized Crime Agency)នៅចក្រភពអង់គ្លេស និងបានបង្វែរសំណួរទាំងអស់ទៅទីភ្នាក់ងារ SOCA នេះ។ លោកបានបន្ថែមថា “ យើងកំពុងផ្ដល់ជំនួយផ្នែកប្រឹក្សាយោបល់ឲ្យគាត់។យើងសូមធានាថា គាត់នឹងទទួលបានមេធាវីម្នាក់ ហើយប្រសិនបើគាត់ចង់ឲ្យយើងជូនដំណឹងទៅនរណាម្នាក់នោះយើងនឹងជួយ”។
អ្នកនាំពាក្យទីភ្នាក់ងារ SOCA និយាយថា ការចាប់ខ្លួននេះ ធ្វើឡើងទៅតាមសំណើរួមគ្នារបស់ការិយាល័យនគរបាលនៅ Devon និងនៅCorwallប្រទេសអង់គ្លេស ដែលបានធ្វើការសើុបអង្កេតករណីនេះ៕ សុខភុំ