នគរបាលខេត្តបាត់ដំបង លើកឡើងថាខ្លួនបានបាត់បង់តម្រុយក្នុងការស្វែងរកជនសង្ស័យតែម្នាក់គត់នៅក្នុងករណីជះទឹកអាស៊ីតបណ្តាលឲ្យស្ត្រីវ័យក្មេងម្នាក់ស្លាប់ នៅខេត្តព្រះសីហនុ កាលពីខែមុន។
លោក ចិត្ត វណ្ណី ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍កាលពីម្សិលមិញថា គេគិតថា ជនសង្ស័យឈ្មោះ រឿន មឿន អាយុ២២ឆ្នាំ បានរត់គេចខ្លួនពីខេត្តបាត់ដំបងទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប៉ុន្ដែ នគរបាលមិនដឹងថា ជននេះបានទៅទីណាឲ្យប្រាកដនោះឡើយ។
លោកបានមានប្រសាសន៍ថា “យើងបានបាត់តម្រុយជននោះហើយ”។ លោកបានបន្ថែមថា លោកបានបញ្ជូនរូបថត និងព័ត៌មានស្ដីពីជនសង្ស័យទៅនគរបាលក្រុងប៉ោយប៉ែតជិតព្រំដែនថៃរួចហើយ។
លោក ចិត្ត វណ្ណី បានមានប្រសាសន៍បន្ថែមទៀតថា “យើងបានបញ្ជូនរូបថតជននេះ ហើយបានប្រាប់នគរបាលនៅជិតព្រំដែនឲ្យតាមឃ្លាំមើលជននេះ”។
លោក ស៊ុន សាវុធ អធិការរងក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា លោកគ្មានព័ត៌មាន
អំពីទីកន្លែងលាក់ខ្លួនរបស់ជនសង្ស័យឈ្មោះ មឿន ទេ ប៉ុន្ដែ លោកក៏បានផ្សព្វផ្សាយព័ត៌មានអំពីជនសង្ស័យនេះទៅនគរបាល ក្នុងក្រុងប៉ោយប៉ែតរួចហើយ។
ស្ត្រីវ័យ១៩ឆ្នាំម្នាក់ ឈ្មោះ គ្រុយ អាំងឆេង បានស្លាប់យ៉ាងអាណោចអាធមកាលពីថ្ងៃទី២២ ខែធ្នូឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ នៅគ្លីនិកឯកជនមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរងការស្រោចទឹកអាស៊ីតកម្រិតខ្លាំងលើក្បាល និងចាក់ចូលទៅក្នុងមាត់របស់នាង នៅក្បែរផ្ទះរបស់នាង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅយប់នោះ។
គ្រុយ អាំងឆេង គឺជាមនុស្សទី២ ដែលបានស្លាប់ដោយសារការជះទឹកអាស៊ីតនៅឆ្នាំ២០១២ និងជាជនរងគ្រោះដោយសារការជះទឹកអាស៊ីតទី៧នៅឆ្នាំមុន។
មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីស្ត្រីវ័យក្មេងរូបនេះស្លាប់ ស្ត្រីម្នាក់ទៀតឈ្មោះ យី អូន អាយុ៤០ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ នួន ជីវ័ន្ដ អាយុ១៩ឆ្នាំ បានរងការជះទឹកអាស៊ីតពីសំណាក់បុរសពីរនាក់ ដែលមករកទិញទំនិញនៅផ្ទះរបស់ជនរងគ្រោះ នៅជាប់ចិញ្ចើមផ្លូវ ក្នុងក្រុងសៀមរាប ហើយករណីទាំងពីរនេះគឺជាករណីជះទឹកអាស៊ីតលើកទី៨ និងទី៩ ក្នុងឆ្នាំ២០១២៕ សុខុម