29 C
Phnom Penh

បន្ទាប់​ពី​មាន​ពាក្យ​បណ្តឹង​ជា​ច្រើន​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​លើក​ការ​ស៊ើប​អង្កេត​ក្រុម​ហ៊ុនវៀតណាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​បាន​រាយ​ការណ៍​កាល​ពីម្សិល​មិញ​ថា បន្ទាប់​​ពី​មាន​ការ​អំពាវនាវ​កាន់​តែ​ច្រើន​​ឡើងៗឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តាគមន៍​​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​​​​​​​មួយ​នៅ​ក្នុង​ស្រុក អូរយ៉ាដាវ ​ខេត្ត​​​រតនគិរី ​រុករាន​ដី​​​របស់​​ជន​ជាតិ​ដើមនោះ រដ្ឋ​បាល​​ព្រៃ​ឈើ​បាន​ចាប់​ផ្តើម​សើុប​អង្កេត​លើការ​អះ​អាង​ដែល​ថា ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​នេះ កំពុង​កាប់​ឈើ​ខុស​ច្បាប់ និង​ឈូស​ឆាយដី​នៅ​ខាង​ក្រៅ​តំបន់​សម្បទាន​របស់​ខ្លួន​។

អាជ្ញាធរ​មូល​ដ្ឋាន​ និង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិចចារា៉យ ដែលរស់​នៅ​ក្នុង​តំបន់​នេះ​បាន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ហ្សាយ​ហ្សុង​យឿនដែល​ត្រូវ​បាន​រដ្ឋា​ភិ​បាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ៤.០០ ០ ហិ កតា ​​កាល​ពី​ឆ្នាំ​២០០៧​​នោះ​ថា​​ បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ នាំ​ឈើ​ចេញ​ខុស​ច្បាប់​​

ទៅ​កាន់​ប្រទេស​វៀតណាម​ និង​​ថ្មីៗនេះ​បាន​ធ្វើ​សកម្ម​ភាព​ឈូសឆាយ​ដី ដែល​ជាកន្លែង​កប់​ខ្មោច​ដូន​តា​ជន​ជាតិ​ដើម​នេះ​។

លោក ផាន ភឿន ​នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​​ខេត្ត​រតនគិរី​បាន​លើក​ឡើង​​ថា ចាប់​តាំង​ពី​ថ្ងៃអាទិត្យមក មន្ត្រី​ព្រៃឈើ​បាន ​និង​កំពុង​សើុប​អង្កេតអំពី​ទំហំ​​ប្រតិបត្តិ​ការ​កាប់​ឈើ​របស់​​ក្រុមហ៊ុន​នេះ​ និង​ការ​​ឈូស​បំផ្លាញ​កន្លែង​កប់​ខ្មោច​​នេះ​។

លោក ផាន ភឿន បាន​មាន​ប្រសាសន៍ថា  “យើង​បាន​ចុះ​ទៅ​ទី​នោះ​ កាល​ពីព្រឹក​ម្សិល​មិញ… ដើម្បី​ធ្វើ​របាយ​ការណ៍​​​ជូន​ទៅ​អភិបាល​​ខេត្ត និង​មន្ត្រី​ [ថ្នាក់​ជាតិ] អំពី​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​ដី​សម្បទាន​នេះ​”។

លោក ផាន ភឿន បាន​ថ្លែង​​ទៀត​ថា បន្ទាប់ពីអ្នក​ភូមិ និងអង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ច្រើន​មក​​​​​​រដ្ឋបាល​​ព្រៃឈើ​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​ហ៊ុន​នេះ​​​​​បញ្ឈប់​សកម្​​​មភាព​ទាំង​អស់​ កាល​ពី​ថ្ងៃ​ទី​៣០ ខែធ្នូ។

លោក ផាន ភឿន​ បាន​បន្ថែម​ថា “ប៉ុន្តែ ក្រុមហ៊ុនចម្ការកៅស៊ូ​​ហ្សាយហ្សុងយឿន នៅ​តែ​បន្ត​[ឈូស​ឆាយ​ដី​]​ដោយ​ប្រើ​ប្រាស​់​គ្រឿង​ចក្របី​គ្រឿង​ដើម្បី​ឈូស​បំផ្លាញ​ផ្នូរ​ដូន​តា​របស់​ជន​ជាតិ​ចារ៉ាយ​នៅ​ខាង​ក្រៅ​ដី​សម្បទាន​នេះ​”។

លោក ឆាយ ធី អ្នក​សើុប​អង្កេត​របស់​អង្គការ​អាដហុក ប្រចាំ​ខេត្ត​រតនគិរី បាន​មាន​ប្រសាសន៍ថា ក្រុមហ៊ុនចម្ការ​កៅស៊ូ​ហ្សាយ​ហ្សុងយឿន កាលពីថ្ងៃសុក្រ​បាន​ឈូស​ឆាយ​ដី​មួយ​កន្លែងទំហំ​១០០​ម៉ែត្រ​គុណ​នឹង​១៥០​ម៉ែត្រ ដែល​អ្នក​ភូមិ​ជន​ជាតិ​ចារ៉ាយនៅ​​ភូមិ​យ៉ាម៉​ក្បែរ​នោះ​​ប្រើ​សម្រាប់​កប់​ខ្មោច​​ ​ដោយ​​បាន​ប​​ំផ្លាញ​ផ្នូរ​ខ្មោច​​ប្រហែល​​១.៥០០ផ្នូរ។

លោក ឆាយ ធី បាន​បន្តថា លោក​នឹង​​ដាក់​ពាក្យ​បណ្តឹ​ង​ទៅ​អភិបាល​ខេត្ត​នៅ​ថ្ងៃនេះ។​​

​លោក ដក​ ស អភិបាល​ស្រុក អូរយ៉ាដាវ បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុននេះ​​ចេញ​លុយ​ធ្វើ​​ពិធី​តាម​ប្រពៃណីជន​ជាតិ​ចារ៉ាយ ​ដើម្បី​​រម្ងាប់​ចិត្ត​​ដូន​តា​របស់​ពួកគេ។ លោក ដក ស បាន​មាន​ប្រសាសន៍​ថា នេះ​​​​គឺជាការ​ឈូស​បំផ្លាញ​ខុសច្បាប់​ និង​បំពាន​ប្រពៃណី​ជន​ជាតិ​ចារ៉ាយ​។ យើង​ត្រូវ​ការ​ឲ្យ​​​​

ក្រុម​ហ៊ុន​នេះ​ចេញ​លុយ​​​រៀប​ចំ​ពិធី​មួយ ​ព្រោះ​ប្រជា​ពលរដ្ឋ​នៅ​ទី​នេះ​មាន​ជំនឿថាព្រលឹង​​​​ដូនតា​របស់​គេ​នឹង​កាច់​បំបាក់​កពួក​​​គេឬដាក់​បណ្តាសាពួកគេ​មិន​ឲ្យ​រស់​សុខ​ស្រួល​​​ឡើយ”។

អង្គការ​សិទ្ធិមនុស្ស​ជន​ជាតិ​ដើម​បាន​ចូល​​​​រួម​ជា​មួយ​អង្គការ​អាដហុក​ក្នុង​ការ​​ស្នើ​​សុំ​ឲ្យ​រដ្ឋា​ភិបាល​លុប​ចោល​ដី​សម្បទាន​របស់​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ហ្សាយហ្សុងយឿន និង​​ដាក់​ពាក្យ​បណ្តឹង​​ព្រហ្ម​ទណ្ឌ​ប្តឹង​ម្ចាស​់ក្រុម​ហ៊ុន​នេះ​។

លោក សាល វ៉ាន់សាយ ប្រធាន​អង្គការ​គាំទ្រ​សហគមន៍​ជនជាតិដើម​ភាគ​តិច​​បាន​មាន​​​​ប្រសាសន៍ថា “ ប្រសិន​បើ​ក្រុម​ហ៊ុន​នេះ​មិន​គោរព​តាម​ច្បាប់ ឬ​អនុ​ក្រឹត្យ ឬ​កិច្ច​ព្រម​​​ព្រៀង​​​ដី​សម្បទាន​ទេនោះ​ រដ្ឋាភិបាល​មាន​សិទ្ធិ​​លុប​​ចេញ​វិញ​បាន​”។

លោក ធន សារ៉ាត់​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ព្រៃឈើ​​មាន​ប្រសាសន៍ថា ការ​កាប់​បំផ្លាញ​ព្រៃ​​សុទ្ធ​តែ​​ខុស​ច្បាប់​​ទាំង​អស់​។ លោក​បាន​ថ្លែងបន្តថា “ប្រសិន​​​​បើ​​​​ក្រុម​ហ៊ុន​កាប់​ឈើ​ ដើម្បីរក​លុយ… វា​ខុស​ទាំង​ស្រុងព្រោះ​ពួកគេ​បំផ្លាញ​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ​”។

លោកបាន​បន្ថែម​ទៀត​ថា​ ប្រសិន​រដ្ឋ​​​បាល​​​​ព្រៃឈើ​រក​ឃើញ​ភ័ស្តុតាង​គ្រប់​គ្រាន់​ថា ក្រុម​​ហ៊ុនចម្ការ កៅស៊ូ ហ្សាយ​ស្សុង​យឿន រំលោភ​ច្បាប់​មែន​នោះ​ អាជ្ញាធរ​ខេត្ត​​​គួរតែស្នើ​សំុ​ឲ្យ​លោក​​នាយ ករដ្ឋ មន្ត្រី​ ហ៊ុន សែន កោះ​ប្រជុំ​​គណៈ​រដ្ឋ​មន្ត្រី ដើម្បី​ពិភាក្សា​​ពី​ការ​​លុប​​​ចោល​ដី​សម្បទាន​របស់ក្រុម​ហ៊ុន​នេះ៕សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស