បន្ទាប់ពីបានពន្យារពេលផលិតរថយន្តអង្គរជាទ្រង់ទ្រាយធំ ដោយសារតែមានបញ្ហាបច្ចេកទេសខាងប្រព័ន្ធបញ្ឆេះម៉ាស៊ីន និងប្រព័ន្ធបិទបើកទ្វាររួចមក កាលពីម្សិលមិញ ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានដាក់បង្ហាញរថយន្តម៉ូដែលថ្មី ហើយបានឲ្យដឹងថា ក្រុមហ៊ុនបានផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលជាអ្នកទទួលខុសត្រូវចំពោះកំហុសបច្ចេកទេសរបស់រថយន្តអង្គរកាលពីមុន។

លោកស្រី សៀង ចាន់ហេង នាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បានមានប្រសាសន៍នៅឯកន្លែងដាក់តាំងរថយន្តអង្គរតាមបណ្តោយមហាវិថីព្រះមុនីវង្ស ថា“ យើងបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ចាវ លឿង អុីនធើប្រាយ គ្រុប (Lau Leong Enterprise Group) ដើម្បីឲ្យផ្តល់គ្រឿងអគ្គិសនីសម្រាប់រថយន្តអង្គរ ហើយគាត់បានប្រាប់ខ្ញុំថា គាត់មានរោងចក្រផលិតរថយន្តមួយនៅហុងកុង។ ក៏ប៉ុន្តែ នៅពេលខ្ញុំទៅដល់ហុងកុង ដើម្បីមើលរោងចក្ររបស់គាត់…ខ្ញុំមានការខកចិត្តយ៉ាងខ្លាំង គឺគាត់គ្មានរោងចក្រទេ”។
រថយន្តអង្គរដំណើរការដោយម៉ាស៊ីនប្រើថាមពលអគ្គិសនី ហើយបណ្តោយ និងទទឹងរថយន្តមានប្រវែលស្ទើរតែប្រហាក់ប្រហែលគ្នា។ រថយន្តនេះត្រូវបានដាក់បង្ហាញលើកទី១កាលពីឆ្នាំ២០១១ បន្ទាប់ពីក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ចុះកិច្ចព្រៀមព្រៀងជាមួយក្រុមហ៊ុន Chau Leong ដើម្បីសាងសង់រោងចក្រផលិតរថយន្តមួយកន្លែងនៅ ក្រុងតាខ្មៅ។ ក៏ប៉ុន្តែ ការផលិតរថយន្តបានជាប់គាំង នៅពេលអ្នករចនារថយន្តមិនអាចដំឡើងប្រព័ន្ធដំណើរការម៉ាស៊ីនស្គែនក្រយៅដៃ ដើម្បីបញ្ឆេះម៉ាស៊ីន និងបើកទ្វាររថយន្តបាន។
លោកស្រី ចាន់ហេង មានប្រសាសន៍ថា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ផលិតរថយន្តតែមួយគ្រឿងគត់ ដែលត្រូវបានយកមកដាក់តាំងបង្ហាញកាលពីម្សិលមិញ។
លោក ញាណ ផល្លឹក អ្នករចនាផលិតរថយន្តអង្គរ ថ្លែងថា ក្រុមហ៊ុនហេងអភិវឌ្ឍន៍កំពុងសម្លឹងរកឱកាសវិនិយោគជាមួយក្រុមហ៊ុនជប៉ុន បើទោះជាលោកបានបដិសេធមិនបង្ហាញនូវក្រុមហ៊ុនណាមួយ ដែលក្រុមហ៊ុនហេងអភិវឌ្ឍន៍ចង់វិនិយោគជាមួយក៏ដោយ។ លោកបានឲ្យដឹងថា “ យើងកំពុងសម្លឹងរកឱកាសវិនិយោគជាមួយក្រុមហ៊ុនជប៉ុន”។
រថយន្តម៉ូដែលថ្មីនេះមើលទៅមានភាពខុសប្លែកពីរថយន្តមុន ដោយមានដំបូលរឹងមាំ ទ្វារបើកឡើងលើ ដែលមើលទៅមានលក្ខណៈជារថយន្តស្ព័រទំនើប។ រថយន្តនេះក៏មានតម្លៃថ្លៃជាងរថយន្ត ដែលត្រូវបានដាក់បង្ហាញកាលពីមុនដែរ ពោលគឺមានតម្លៃ១០.០០០ដុល្លារក្នុងមួយគ្រឿង។
លោក ផល្លឹក មានប្រសាសន៍ថា “យើងនៅតែប្រើម៉ាស៊ីនស្គែនក្រយៅដៃ សម្រាប់បើកទ្វារ និងបញ្ឆេះម៉ាស៊ីនរថយន្ត…ហើយអ្នកចំណាយពេលសាកត្រឹមតែបីម៉ោងប៉ុណ្ណោះ ហើយអ្នកអាចបើកបានចម្ងាយ៣០០គីឡូម៉ែត្រ។ វាពិតជាធូរថ្លៃជាងប្រើសាំង”។ លោកបានបន្ថែមទៀតថា ក្រុមហ៊ុនហេងអភិវឌ្ឍន៍មានផែនការចេញបង្ហាញម៉ូដែលចំណុះបីកៅអីនៅខែមិថុនា ហើយក៏មានផែនការផលិតម៉ូដែលបួនកៅអី ប្រាំមួយកៅអី និង១២កៅអីផងដែរនៅពេលខាងមុខ។
លោក ផល្លឹក បានឲ្យដឹងថា នៅមិនទាន់ច្បាស់ទេថា តើក្រុមហ៊ុនមានគោលបំណងដាក់លក់រថយន្តនៅលើទីផ្សារចំនួនប៉ុន្មានគ្រឿងនោះ៕កុកទៀន