បុគ្គលិកក្រុមហ៊ុនទូរស័ព្ទដៃអឹមហ្វូន បានដាក់ពាក្យប្តឹងក្រុមហ៊ុន ដែលគ្រប់គ្រងដោយជនជាតិថៃនេះដោយចោទប្រកាន់ថា ពួកគេត្រូវបានបណ្តេញចេញពីការងារ ដោយខុសច្បាប់ និងមិនមានប្រាក់សំណង។
កញ្ញា សូ លីដា អាយុ២៦ឆ្នាំ តំណាងឲ្យបុគ្គលិកក្រុមហ៊ុនអឹមហ្វូនប្រហែល៥០នាក់ បាននិយា យថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ ការិយាល័យធនធានមនុស្សបានប្រាប់ពួកគាត់ឲ្យឈប់សម្រាកពីការងាររយៈពេលមួយខែ។ ប៉ុន្តែ នៅពេលពួកគាត់ត្រឡប់មកធ្វើការវិញ កាលពីខែមុន អ្នកគ្រប់គ្រងម្នាក់នៅក្នុងការិយាល័យនេះប្រាប់ពួកគាត់ថាពួកគាត់ត្រូវរង់ចាំបទបញ្ជាពីម្ចាស់ក្រុមហ៊ុនជាមុនសិន មុននឹងអនុញ្ញាតឲ្យបុគ្គលិកទាំងនោះចូលធ្វើការវិញ។
កញ្ញា លីដា និយាយបន្តថា “ខ្ញុំចង់ឲ្យក្រុមហ៊ុនអឹមហ្វូន អនុញ្ញាតឲ្យយើងចូលធ្វើការនៅក្នុងក្រុមហ៊ុនវិញ ប៉ុន្តែ ប្រសិនបើក្រុមហ៊ុនមិនអនុញ្ញាតឲ្យពួកយើងចូលធ្វើការវិញទេ ក្រុមហ៊ុនត្រូវតែបើកប្រាក់ខែ និងប្រាក់អតីតភាពការងារឲ្យពួកយើង”។
ដើម្បីជួយពួកគាត់ដាក់ពាក្យបណ្តឹងជាផ្លូវការនៅនាយកដ្ឋានដោះស្រាយវិវាទការងារនៅក្រសួងការងារ បុគ្គលិកទាំងអស់នោះបានទាក់ទងសហជីពសេរីកម្មករ។
អ្នកគ្រប់គ្រងម្នាក់នៅការិយាល័យធនធានមនុស្សរបស់ក្រុមហ៊ុនអឹមហ្វូន ដែលបានបដិសេធមិនប្រាប់ឈ្មោះដោយសារគាត់មិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយអ្នកសារព័ត៌មានបាននិយាយថា ក្រុមហ៊ុនមិនបានបណ្តេញបុគ្គលិកទាំងនោះចេញទេ ហើយក្រុមហ៊ុននឹងដោះស្រាយបណ្តឹងនេះដើម្បី “ជៀសវាងការរំលោភសិទ្ធិរបស់បុគ្គលិក”។
ពាក្យបណ្តឹងនេះជាបណ្តឹងចុងក្រោយប្តឹងក្រុមហ៊ុនអឹមហ្វូន ដែលកាលពីខែតុលា រងការចោទប្រកាន់ពីករណីផ្សេងគ្នាថា មិនបានសងប្រាក់ ដែលខ្លួនបានជំពាក់ក្រុមហ៊ុនថាមពលមួយ និងក្រុមហ៊ុនទូរគមនាគមន៍មួយផ្សេងទៀត។
ក្រុមហ៊ុនទូរស័ព្ទចល័តហេឡូអាស៊ីតតា(Hello Axiata Co. Ltd) និងក្រុមហ៊ុនឡាតែល ដែលបានរួមបញ្ចូលគ្នា បានគំរាមប្តឹងក្រុមហ៊ុនអឹមហ្វូន ចំពោះការជំពាក់ប្រាក់សេវាឆ្លងប្រព័ន្ធរាប់សែនដុល្លារ។
ប៉ុន្មានថ្ងៃក្រោយមក សាលាដំបូងរាជធានីភ្នំពេញបានបង្គាប់មិនឲ្យក្រុមហ៊ុនអឹមហ្វូនលក់ទ្រព្យសម្បត្តិរបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនថាមពលអេតិចវ៉ាល់លឺ របស់ជនជាតិន័រវែសបានប្តឹងទាមទារឲ្យក្រុមហ៊ុនអឹមហ្វូន សងប្រាក់ថ្លៃសេវាចំនួន៣,៧៣លានដុល្លារ។
ឆ្លើយតបចំពោះសេចក្តីសម្រេចនោះ លោក អាទីប រិទ្ធិតាផន នាយកចាត់ការនៅក្រុមហ៊ុនសេរីងតុន អីុនវេសមិន (Sherington Investments)ជាក្រុមហ៊ុនរកស៊ីរួមគ្នាជាមួយក្រុមហ៊ុនអឹមហ្វូននៅពេលនោះ បានមានប្រសាសន៍ថា ក្រុមហ៊ុនអឹមហ្វូន ពិតជាជាប់បំណុលគេមែន ហើយព្យាយាមធ្វើយ៉ាងណា ឲ្យមានសេចក្តីសម្រេចមួយនៅពេលខាងមុខនេះ៕ ណៃ