34 C
Phnom Penh

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ព្រមានអំពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ឥណទាន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​ព្រមាន​ថា ការកើន​ឡើង​នៃ​ការ​​ផ្ដល់​ប្រាក់​កម្ចី​របស់​ធនាគារ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​។

នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន បាន​ព្យា​ករថា ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ នឹង​កើន​ដល់​៦,៧​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣ ​ដោយ​កើន​លើសពី​កំណើន​៦,៥ភាគរយ​ ដែល​គេ​បាន​ព្យាករនៅ​ក្នុង​ឆ្នាំ​២០១២។

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ ដែលពឹងផ្អែក​លើ​​ការ​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មូនិធិរូបិយវត្ថុ​អន្ដរជាតិ កាល​ពី​ចុង​ឆ្នាំ​មុន និង​ផ្អែក​លើ​​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ថា ប៉ុន្ដែ ការ​ប៉ាន់​ប្រមាណ​ថា ផលិតផល​ក្នុង​ស្រុក​អាច​នឹង​​កើន​ដល់​៧,៥​ភាគរយ​ នៅក្នុង​រយៈពេល​មធ្យម​ ​“ គឺ​វា​អាស្រ័យ​​ទៅលើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​អាស្រ័យ​​ទៅ​​​លើ​ការ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​កែប្រែ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ ក៏ដូច​ជា​ជួយ​បង្កើន​​ប្រាក់​ចំណូលរបស់​វិស័យ​សាធា​រណៈ​ និង​ការ​ផ្តល់​សេវា​កម្ម​ផងដែរ”។

របាយការណ៍​នេះបាន​ព្រមាន​ថា “ ចំណែក​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិញ​ ឥណទាន​ដែល​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ហើយ​ធនាគារ​មួយ​ចំនួន​ ដែល​ជួប​ហានិភ័យ​​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​ភាព​​​តាន​តឹង​នៃ​ទី​ផ្សារ​ពលកម្ម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​ រីឯ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល​ក៏​អាច​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​នៅក្នុង​វិស័យ​កសិកម្មផង​ដែរ​”។

ពាក់​ព័ន្ធ​ទៅនឹង​កំណើន​នៃ​ប្រាក់​កម្ចី​ជាង​៣០​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ធនាគារ​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ទាំង​នៅ​ក្នុ​ងឆ្នាំ​២០១១ និង​២០១២ ដែល​របាយការណ៍​នេះ​ បាន​ចោទ​ជា​​សំណួរ​ថា “ នៅពេល​កំណើន​ឥណទាន​កើន​ឡើង​ឆាប់រហ័ស​បែប​នេះ តើ​ប្រទេស​កម្ពុជា​អាចដោះ​ស្រាយ​យ៉ាង​ដូចម្ដេច?”។

របាយការណ៍​នេះ បាន​គូស​បញ្ជាក់​ថា ឥណ​ទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល​់​៣៧​ភាគ​រយ​ទៅ​ហើយ​នៃ​​​​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ ដែល​នេះ​គឺ​ជា​សមាមាត្រ​មួយ​ដ៏​​​ខ្ពស់​សម្រាប់​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល

​​​​ទាប​។ របាយការណ៍​នេះ បាន​បន្ថែម​ទៀត​ថា និយាយ​ពី​អត្រា​កំណើន​សព្វ​ថ្ងៃ​ ផល​ធៀប​នៃ​ឥណទាន​ទៅ​នឹង​ផលិត​​​ផល​ក្នុង​ស្រុកសរុប​របស់​​ប្រទេស​កម្ពុជា​អាច​ខ្ពស់​ជាងផល​ធៀប​នៃ​ឥណទាន​របស់​​បណ្ដា​ប្រទេស​មួយចំនួន​ ដែល​​មាន​សេដ្ឋកិច្ច​កំពុង​តែ​កើន​ឡើង​។

មូល​និធិ​អន្ដរជាតិ​ បាន​លើក​ឡើង​ថា គម្លាត​​រវាង​កំណើន​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ និង​កំណើន​ឥណទាន​ នឹង​មានគម្លាត​កាន់​តែ​ធំ​ឡើង ហើយ​នៅដើម​ឆ្នាំ​២០១៣ វា​អាច​នឹង​​ជួប​​ការ​លំបាក​ថែមទៀត ដោយការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​២០០៨ ដែល​អំឡុង​ពេល​​នោះ​ ​វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​ ប៉ុន្ដែ ក៏ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​ខ្លាំង​ដែរ”។

របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វិស័យ​សំណង់​ដែល​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន​ គឺ​ដោយសារ​តែ​មាន​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយយកការប្រាក់​​ទាប​ពីបណ្តា​គម្រោង​សាង​សង់​ទាំងនោះ។

លោក ខុន សាវុធ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃនាយក​ដ្ឋាន​កាំកុង​ត្រូល​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​ បាន​លើក​ឡើង​ថា ការ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​មាន​ទំហំ​ទឹក​ប្រាក់​៨,១៣​ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចូល ដែល​មាន​ទឹក​ប្រាក់​៦,៦ពាន់​លាន​ដុល្លារ ​នៅ​ក្នុង​​ឆ្នាំ​២០១១​។

លោក​​មាន​ប្រសាសន៍​ថា “ កាល​ពី​ឆ្នាំ​​មុន ចំណុច​សំខាន់នៃ​ការ​កើន​ឡើង​​នោះ​ មាន​ន័យ​ថា យើង​បាន​នាំ​ចូល​សម្ភារ​សំណង់​ជា​ច្រើន​ ​ក៏ដូច​ជា​វត្ថុធាតុ​ដើម​សម្រាប់បម្រើដល់​វិស័យ​​កាត់​ដេរ​ផង​ដែរ​”។ លោក​បាន​បន្ដ​ថា ការ​នាំ​ចេញ​ ដែល​ភាគ​ច្រើន​ គឺ​ជា​ផលិត​ផល​សម្លៀក​​បំពាក់​ និង​ផលិត​ផល​កសិកម្ម​ ក៏មាន​ការ​កើន​ឡើង​ផង​ដែរ​ គឺ​កើន​ឡើង​ពី​ទឹក​ប្រាក់​៤,៨៨​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១១ ទៅ​ដល់​៥,៤៩​ពាន់​លានដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១២។

ដើម្បី​ដោះ​ស្រាយ​កំណើន​ខ្លាំង​ដោយ​សារ​ប្រាក់​កម្ចីនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​ កាល​ពី​ខែ​កញ្ញា​​ បាន​តម្រូវ​ឲ្យ​ធនាគារ​ទាំង​ឡាយ​បន្ថែម​ប្រាក់​តម្កល់​របស់​ខ្លួន​ចំនួន​០,៥​ភារយ​បន្ថែម​ទៀត​។

ទោះបីជា​យ៉ាង​ណា មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​លើកឡើងថា “ ប្រាក់​តម្កល់​នោះ​មិន​មែន​មាន​ន័យ​ថា ជាលក្ខណ្ឌ​រឹត​បន្តឹង​ដោយស្វ័យប្រវត្តិនោះទេ​ ពីព្រោះ​ធនាគារ​ជាច្រើន​នៅក្នុងប្រទេស​កម្ពុជា​ នៅតែមាន​សាច់ប្រាក់​ងាយស្រួល​លើស​កម្រិត​ ដោយ​សារធនា​គារ​មួយចំនួន​បាន​ផ្តល់ប្រាក់កម្ចី មាន​​ការ​ប្រាក់ទាប​ ដើម្បី​ដណ្តើម​យកចំណែក​ទី​ផ្សារ​ ហើយ​ធនាគារ​មួយចំនួន​ផ្សេងទៀត​ ពឹង​ផ្អែក​លើ​មូលនិធិ​ពី​ធនាគារ​ក្រៅស្រុក ​ដែល​មាន​ការ​ប្រាក់ទាប”។

ចំណែកផ្នែកវិស័យ​ហិរញ្ញវត្ថុ​ កាល​ពី​ម្សិលមិញ​ បាននិយាយសម្រាល​នូវ​ការ​ព្រួយ​បារម្ភ​ចំពោះ​ហានិភ័យ ដោយសារ​ការ​កើន​ឡើង​នូវតម្រូវការ​ប្រាក់កម្ចីទៀត​។​

លោកស្រី​ ងួន​ សុខា អគ្គនាយក​ធនាគារ​ជាតិ​នៃកម្ពុជា បាន​មាន​ប្រសាសន៍​ថា​ ធនាគារ​​កណ្តាល​បាន​ដឹងអំពី​ការ​កើនឡើង​នៃ​ប្រាក់​កម្ចី​នេះហើយ ប៉ុន្តែ​ មិន​បាន​ចាត់ទុកថា​ ជា​បញ្ហាដែល​គួរ​ឲ្យព្រួយ​បារម្ភខ្លាំង​ពេកដែរ សម្រាប់ពេល​បច្ចុប្បន្ននោះទេ។​

លោកស្រី​បានមានប្រសាសន៍ថា “យើង​បានបន្តឃ្លាំមើលកំណើន​នៃ​ប្រាក់​កម្ចី​​ ហើយ​យើងក៏បាន​ឲ្យបណ្តាធនាគារ​ឯក​ជន​ ត្រូវ​ពង្រឹងគុណភាពនៃការ​ផ្តល់ប្រាក់​កម្ចីរបស់​ខ្លួនផងដែរ”។​

លោក មៃឃើល​ ឡោ (Mechael Lor) នាយកប្រតិបត្តិ​របស់នៅធនាគារ​កាណា​ឌីយា ​បាន​មាន​ប្រសាសន៍​ថា “យើង​ត្រូវ​តែ​ត្រួត​ពិនិត្យ​លើ​អនុបាត​មួយ​ចំនួន​សិន​​ ដើម្បី​វាយ​តម្លៃ​បញ្ហា​នេះឲ្យ​បាន​ត្រឹម​ត្រូវ​”។

លោក​បានបន្ត​ថា សន្ទុះនៃកំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​តំបន់​​គួរ​តែយកមកបូកបញ្ចូលគ្នា នៅ​ពេល​​​វាយ​តម្លៃ​ចំពោះការ​កើន​ឡើង​នៃ​ប្រាក់​កម្ចី​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​តាម​ការ​ព្យាករ​របស់​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ស្តីពី​អតិ​ផរណា​ ដែល​អាច​គ្រប់​គ្រង​បាន​ ​គឺ​មាន​៣,៤​ភាគរយ​ កាល​ពី​ឆ្នាំ​២០១២ ហើយអាច​កើន​ដល់​៤,៦​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣។​ លោក​​មាន​ប្រសាសន៍​បន្ដ​​ថា “ បើនិយាយ​​ឲ្យ​ច្បាស់ជាងនេះ​ អនុបាត​នៃឥណ ទាន ជំ ពាក់​​មិនសង​នៅកម្ពុជា​ គឺកំពុង​កើន​ឡើង​​”។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ថ្វី​បើ​ប្រាក់​ចំណូល​របស់​រដ្ឋាភិ បាល​មាន​ការ​កើន​​ឡើង​ ដោយសារ​ការ​ប្រមូល​ពន្ធ​​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ក៏ដោយ ប្រទេស​កម្ពុជា​នៅ​តែ​​មិន​មាន​ការ​កើន​ឡើង​នៃ​ផលិតផលសរុប​ក្នុង​ស្រុក​នោះ​ឡើយ​ ហើយនេះគឺ​ជា​ការ​ដាក់​កម្រិត​ដល់​លទ្ធភាព​របស់​រដ្ឋាភិបាល ​ក្នុង​ការបែងចែក​ចំណាយ​ផ្សេង​ៗ​។

យោង​តាម​តួលេខ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​ក្នុងរយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញបាន​ឲ្យ​ដឹង​ថា ចំណូល​របស់​រដ្ឋា​ភិបាល​ គឺ​បាន​កើន​ឡើង​ដល់​ជាង​១,៨៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១២ ពោល​គឺ​បាន​កើន​ឡើង​​លើសប្រាក់នៅ​ក្នុង​ឆ្នាំ​២០១១​ ដែល​មាន១,៦១​ពាន់​លាន​ដុល្លារ​។

ប៉ុន្ដែ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​បាន​ប៉ាន់​ប្រមាណ​ថា ប្រាក់ចំណូលរបស់រដ្ឋ ​គឺ​បាន​កើន​​ឡើង​ត្រឹម​តែ​១៣,២​ភាគរយ​បុ៉ណ្ណោះ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​កាល​ពី​ឆ្នាំ​២០១២​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ដែលមាន​ត្រឹម​តែ​​​១១,៥ភាគរយ​។

ដើម្បី​បង្កើន​ប្រាក់ចំណូល​ថែមទៀត​ របាយការណ៍​នេះ បាន​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ប្រមូល​ពន្ធ​បន្ថែម​ទៀត​ និង​ធ្វើ​កំណែ​ទម្រង់​គោលនយោបាយ​សារពើ​ពន្ធ​ ព្រម​ទាំង​ធ្វើ​ឲ្យ​ស្ថាប័ន​​ប្រមូល​ពន្ធ​នានា ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។

របាយការណ៍​នេះ​ បាន​លើក​ឡើង​ ដោយ​ទំនង​ជា​សំដៅ​ទៅលើ​គម្រោង​សាងសង់ហេដ្ឋារចនា​សម្ព័ន្ធ​មួយ​ចំនួន​ ត្រូវបានរដ្ឋាភិបាលចុះ​ហត្ថលេខា​​ ដែលភាគ​ច្រើន​គ្រប់​គ្រង​ដោយ​គ្រុមហ៊ុន​ធំៗ មកពីប្រទេស​ចិន​ថា “​ការ​គ្រប់​គ្រង​ដោយ​ប្រុង​ប្រយ័ត្ន​នៃ​ហានិភ័យ​សារពើ​ពន្ធ​ ដោយ​គ្រប់​គ្រង់​ឲ្យ​បាន​ល្អ​ប្រសើរ​ចំពោះ​ប្រាក់​បំណុល​ពាក់​ព័ន្ធ​នឹង​ដៃគូឯកជន និងរដ្ឋាភិបាល​សាធារណៈ​ ក៏​ជា​សារៈសំខាន់​មួយ​ផង​ដែរ ដើម្បី​ធ្វើ​ឲ្យ​សារពើ​ពន្ធ​មាន​សុវត្ថិភាព”។

របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​ធនាគារ​ជាតិ​នៃ​កម្ពុជា​អាច​គ្រប់​គ្រង​វិស័យ​ធនាគារ​បាន​ល្អ​ប្រសើរ​ហើយ​នោះ​ ធនាគារជាតិ​នៃ​កម្ពុជា​ ក៏​ចាំ​បាច់​ត្រូវ​តែ​ពង្រឹងប្រព័ន្ធ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​កាន់តែល្អ​ផងដែរ​។

របាយការណ៍​នេះ​ បាន​លើក​ឡើង​ពី​អនុសាសន៍​ កាល​ពី​ឆ្នាំ​២០១០ បញ្ជាឲ្យ​ផ្អាក​ផ្ដល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ធនាគារ​ថ្មី​ៗ​មួយ​ចំនួន​ម្ដង​ទៀត​ថា ការ​ផ្អាក​នេះ​ គឺ​ដោយសារ​តែ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៅ​មិន​ទាន់​មាន​សមត្ថភាព​គ្រប់​គ្រង​វិស័យ​ធនាគារ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​។

លោកស្រី ងួន សុខា បាន​លើក​ឡើង​ថា លក្ខណៈ​វិនិច្ឆ័យ​នៃ​ធនាគារ​ ដែល​បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​ត្រូវ​បាន​រឹត​បន្ដឹង​ ហើយ​អាជ្ញាប័ណ្ណ​ទាំង​នោះ អាចបន្ត​​ផ្ដល់​ឲ្យ​ធនាគារ​ណា ដែល​​អាចផ្តល់ផល​ប្រយោជន៍ដល់​​ប្រទេស​កម្ពុជា។

លើសពី​លើ​នេះ​ទៅ​ទៀត​ លោក​ស្រី​បាន​លើក​ឡើង​ថា យើង​បាន​បន្ថែម​បុគ្គលិក​មួយ​ចំនួន​ទៀត​ នៅតាម​ការិយាល័យ​ត្រួត​ពិនិត្យ​។ ហើយ​សមត្ថភាព​គ្រប់​គ្រង​របស់​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​​ ក៏​ល្អជាង​មុនច្រើន​​ដែរ​។

លោកស្រី​បាន​មានប្រសាសន៍​បន្ថែម​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់៕ស៊ុយឈាង

(រាយការណ៍​បន្ថែម​ដោយ ភោគ ដន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស