34.8 C
Phnom Penh

គ្រួសារ​បុរស​បារាំង សង្ស័យករណី​ស្លាប់​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ជម្លោះ​កម្មសិទ្ធិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសមាជិកក្រុម​គ្រួ​សារ​របស់​បុរសជនជាតិបារាំង ដែល​ត្រូវ​គេ​​ប្រ​ទះ​ឃើញ​​ស្លាប់​ជា​មួយ​នឹង​កូនៗ​បួន​នាក់របស់​គាត់​នៅ​ក្នុងស្រះទឹក យ៉ាង​អាថ៌​កំបាំង​​កាល​ពី​ឆ្នាំ​មុន​ក្នុ​ង​​​ខេត្តកំពង់ស្ពឺ បាន​លើក​ឡើង​នៅ​សប្តាហ៍​នេះថា ​សាច់ញាតិរបស់​​​ខ្លួន ធ្លាប់មាន​ជម្លោះ​ក្នុងការកាន់កាប់ទ្រព្យ​សម្បត្ត​ិដី​ធ្លី​ ​ជា​មួយ​ក្រុម​គ្រួសារ​ខាងប្រ​ពន្ធ​របស់ខ្លួន។

លោក សាវីយេ វ៉ាល្លីយេ (Xavier Vallier) ត្រូវជាបងប្អូន​បង្កើត​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ (Laurent Vallier) ​បាន​លើក​ឡើង​ក្នុង​អីុ​ម៉េលថា ទំនាក់ទំនង​របស់​បង​ប្អូនលោក​ជា​មួយ​នឹង​បង​ប្អូន​សាច់​ថ្លៃ​ តែង​តែ​មាន​បញ្ហា​ឈ្លោះ​ប្រ​កែក​គ្នា​ ជុំវិញ​បញ្ហាលុយកាក់។ លោក​និយាយ​ថា “ សូម្បី​កាល​ប្រពន្ធ​របស់​គាត់​​នៅ​រស់ក្តី​ គ្រួសារ​នេះ​​ចាត់​ទុក​ ឡូរ៉ង់ វ៉ាល្លីយេ  ជាមនុស្សចិត្ត​ទូលាយ”។

តែ​ទោះ​ជា​យ៉ាង​ណា  បន្ទាប់​ពី​ប្រ​ពន្ធ​របស់​​គាត់​បាន​ស្លាប់​ទៅ​កាល​ពី​ឆ្នាំ​២០០៩ ពួក​គេ​ចាប់ផ្តើមឈ្លោះ​គ្នា​កាន់​​តែ​ខ្លាំងឡើង។ ​លោក​​និយាយ​ថា “ នៅ​មុន​ពេល​គាត់​បាត់​ខ្លួន ​[កាល​​ពី​ខែ​កញ្ញា​ឆ្នាំ​២០១១] គាត់​ត្រូវ​ចោរ​ប្លន់ ​ចំ ណែ ក ទ្រព្យសម្បត្តិមួយចំនួន​ត្រូវគេបំផ្លាញ ហើយ​ឆ្កែ​ និង​ជ្រូក​របស់​គាត់​ត្រូវគេ​បំពុល​ឲ្យងាប់ទៀត​ផង​”។

លោកបន្ត​ថា “ មាន​រឿង​ចោរ​លួច​ជា​ច្រើន​​លើក ដោយ​ករណី​លួច​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​ គឺករណី​លួចប័ណ្ណកម្ម​សិទ្ធិ​ដី​ស្រែ​ ទំហំប្រ​ហែល​​១៥​ហិកតា ដែល​ក្រោយ​មកបានក្លាយ​ជា​កម្ម​សិទ្ធិ​របស់​គ្រួសារ​សាច់​ថ្លៃ”។

អ្នក​ស្រី ហ្សេណេវីវ វ៉ាល្លីយេ (Genevieve ​Vallier) ដែល​ត្រូវ​ជា​​ម្តាយ​បង្កើតរបស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ក៏​បានសង្ស័យដែរ​ថា ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​ស្រែ​ដែល​កូន​ប្រុស​របស់​គាត់​ និង​ប្រ​ពន្ធ​កូន​គាត់​ ដែល​បាន​ស្លាប់​ទៅ​ បាន​ទិញ​សម្រាប់​ធ្វើស្រែចម្ការ​នោះ មានគេ​លួច​យក​ទៅ​បាត់ហើយ​។

អ្នក​ស្រី​លើក​ឡើង​ក្នុង​អីុ​ម៉េល​មួយ​ថា

“ ដោយ​សារ​ជំពាក់​បំណុល​គេរុំកោះ ខាង​​​សាច់​ថ្លៃ​បាន​លួចប័ណ្ណកម្មសិទ្ធិ ដី​ស្រែ​ទំហំ​១៥​ហិកតា​ ដែល ឡូរ៉ង់ និង​ប្រ​ពន្ធ​​បាន​ទិញ​ ដើម្បី​យកដីនោះទៅលក់​”។

អ្នកស្រី​ក៏​បាន​អះអាង​ដែរ​ថា ឪពុក​ក្មេក​របស់លោក ឡូរ៉ង់ វ៉ាល្លីយេ ឈ្មោះ ទិត ឈួន ​បាន​ទាក់ទង​ស្ថាន​ទូត​បារាំង ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ពីរ​បី​ថ្ងៃ​មុន​ពេល​សាក​សព​កូន​ប្រុស​របស់​គាត់​​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ខាង​ក្រោយ​ផ្ទះ​របស់​គាត់ ហើយ​ក៏​បាន​ទាម​ទារ​សិទ្ធិគ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​របស់​គាត់ ពីព្រោះ​គាត់ ​និង​កូន​ៗ​ “ បាន​ស្លាប់​អស់​ហើយ”។

ការព្យាយាម​ទាក់​ទង​​ជាច្រើនលើក​ទៅ​បង​ប្អូន​សាច់​ថ្លៃរបស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ​គ្មាន​ការ​ឆ្លើយ​តបទេ។​ តែ​ទោះ​ជា​យ៉ាងណា ពួកគេ​ធ្លាប់​​និយាយ​ហើយ​ថា​ ពួកគេ​គ្មាន​ផលប្រយោជន៍ក្នុង​ដី​ស្រែទាំង​នេះទេ ហើយមិន​ជាប់ពាក់ ព័ន្ធ ករណី​ស្លាប់​របស់​លោក វ៉ាល្លីយេ ​និង​កូន​ទាំង​បួន​នាក់​របស់​គាត់​ឡើយ​​​។

អ្នក​ស្រី ប៉ាស្កាល់ ហ្គូជេ (Pascale Gautier) ជាមិត្តភក្តិ​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ដែល​បាន​ជួប​គាត់​តែ​ប៉ុន្មាន​សប្តាហ៍​ មុន​ពេល​គាត់​បាន​បាត់​ខ្លួន​កាល​ពី​ខែ​កញ្ញា​នោះ បាន​និយាយ​​​​ថា នាពេល​នោះ​សម្រាប់ ឡូរ៉ង់ មើលទៅ

អ្វីៗ​ហាក់​ដូច​​ជា​ធម្មតា​ ប៉ុន្តែ​គាត់​បាន​និយាយ​អំពី​ជម្លោះ​ជាមួយបង​ប្អូន​សាច់់​ថ្លៃ​ ដោយ​សារ​​ការ​ទាមទារ​សិទ្ធិ​កាន់កាប់ដីធ្លី។

អ្នក​ស្រី​ ប៉ាស្កាល់ ហ្គូជេ និយាយ​ថា “ទំនាក់​​ទំនង​រវាង​ ឡូរ៉ង់ និង​បង​ប្អូន​សាច់​ថ្លៃ​មិន​ដែល​បានល្អ​ម្តង​ណា​ឡើយ ហើយទំនាក់​ទំនង​នេះកាន់​តែអា​ក្រក់​ទៅៗ បន្ទាប់​ពី​កូន​ស្រី​របស់​ពួកគេ​បាន​ស្លាប់​ទៅ”។​​

អ្នក​ស្រី គូជេ ​បាន​បន្ថែម​ទៀត​ថា លោក ឡូរ៉ង់ វ៉ាល្លី​យេ ទើប​តែលក់​ផ្ទះ​របស់គាត់​ទៅ​រស់​នៅ​ក្នុង​​ខេត្ត​ព្រៃ​វែង ​និង​ធ្វើ​ស្រែ​លើ​ដី​​របស់​គាត់​នៅ​ទីនោះ។ គាត់​មាន​ផែន​ការ​ជា​ច្រើន​សម្រាប់​ពេល​អនាគត ហើយ​គាត់​ជាឪ​ពុក​ដ៏​ល្អ​ម្នាក់​គិត​អំពី​​អនា​គត​កូនៗ​របស់​គាត់​។

មន្ត្រី​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ ក៏​កំពុង​ស៊ើប​អង្កេត​ពី​ជម្លោះ​ដ៏​អូស​បន្លាយ​រវាង​លោក ឡូរ៉ង់ វ៉ាល្លីយេ​ និង​បង​ប្អូន​សាច់​ថ្លៃ​របស់គាត់​​រឿង​កម្ម​សិទ្ធិ​ទ្រព្យ​សម្បត្តិ​ដែរ ដោយ​សង្ឃឹម​ថា នឹង​​មាន​ពន្លឺ​ថ្មី​នៅ​ក្នុង​ករណី​ស្លាប់​របស់​បុរស​ជន​ជាតិ​បារាំង​រូប​នេះ។

លោក ឈឹម ឫទ្ធី ​ចៅ​ក្រម​ស៊ើប​សួរ បាន​មាន​ប្រ​សាស​ន៍​ថា  នៅ​ថ្ងៃ​​ទី​២៤​ខែ​មករា លោកនឹង​សាក​សួរ​មនុស្ស​ប្រាំ​នាក់​ រួមទាំង​លោក ឈួន ​ឪ​ពុក​ក្មេករបស់​លោក ឡូរ៉ង់ វ៉ាល្លីយេ ​អ្នក​ស្រី​ ស សាវី ម្តាយ​ក្មេក​របស់​គាត់ ​និង​អ្នក​​ស្រី​ ស្រី​ អូន ដែល​ត្រូវ​ជា​ប្អូន​ថ្លៃ​ផងដែរ​ថា​ តើ​​គ្រួសារនេះ​ទទួល​បា​ន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លីក្នុង​ស្រុក​កំពង់​ត្រ​បែក ខេត្ត​ព្រៃ​វែង ដែល​ធ្លាប់​ជា​កម្ម​សិទ្ធិ​របស់​បុរស​ជន​​ជាតិ​បារាំង​រូប​នេះ​ដោយ​របៀប​ណា។

ចៅ​ក្រម ឫទ្ធី ​បាន​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា “ វាមិន​មែន​ជា​ជម្លោះ​ទេ ប៉ុន្តែ​គ្មាន​កិច្ច​ព្រម​ព្រៀង​លើ​ដី​នេះ​ទេ ហើយ​ស្ត្រី​ដែលជា​បង​ប្អូន​សាច់​ថ្លៃ បាន​ទទួល​ការ​ចោទ​ប្រ​កាន់​ថា ​បាន​លួច​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ទាំង​នោះ”។លោក​បន្ថែម​ថា លោកបាន​បញ្ជា​ទៅ​

មន្ត្រីរៀប​ចំ​ដែន​ដី​​ខេត្ត​ព្រៃ​វែង ​បញ្ជាក់​​ថា អាជ្ញាធរ​បាន​ចេញ​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​ក្នុង​ឃុំ​ជ្រៃ ​នៅ​ពេល​ណា។

យោងតាម​លោក ខាន់ ព្រាច មេ​ឃុំ​ជ្រៃ បាន​​ឲ្យ​ដឹង​ថា ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ទាំង​ប្រាំបួន​ច្បាប់​នោះ​ត្រូវ​បានស្ត្រី​ឈ្មោះ អូន ដែល​ជា​បង​ប្អូន​សាច់​ថ្លៃ​ចុះ​បញ្ជី​កាល​ពីរបី​ ឬ​បួន​ខែ​មុន នៅ​ក្នុង​កម្ម​វិធី​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ​លោក​បានមាន​ប្រ​សាសន៍​ថា “ ដី​នោះ​ត្រូវ​បាន​ចុះ​បញ្ជីរួច​ហើយ ប៉ុន្តែយើង​មិន​ទាន់​បាន​ប្រគល់​វា​ឲ្យ​ទៅ​គ្រួ​សារ​នេះ​នៅ​ឡើយ​ទេ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស