ក្រុមមន្ត្រីមកពីក្រសួងមហាផ្ទៃ បានត្អូញត្អែរ កាលពីម្សិលមិញ ចំពោះការរិះគន់របស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញដែលបានថា ក្រសួងមហាផ្ទៃមិនបានគោរពអំណាចរបស់លោក ដោយការឆ្មក់ចូលផ្ទះនៅក្នុងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងដល់លោកជាមុន។
នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់សាលារាជធានី កាលពីថ្ងៃអង្គារ សារព័ត៌មានក្នុងស្រុក បានចុះផ្សាយពីសម្ដីរបស់លោក កែបជុតិមា ថា នគរបាលបានឆ្មក់ចូលផ្ទះរដ្ឋមន្ត្រីមួយរូបដោយមិនត្រឹមត្រូវ កាលពីពេលថ្មីៗនេះ ហើយថា ការឆ្មក់ចូលដោយមិនត្រឹមត្រូវនេះត្រូវគេបន្ទោសថា ជាកំហុសសាលារាជធានីភ្នំពេញទៅវិញ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក កែប ជុតិមា លោកឧត្ដមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលជាតិ មានអំណាចឆ្មក់ចូល ដោយមិនចាំបាច់ពិគ្រោះយោបល់ជាមួយនឹងអាជ្ញាធរមូលដ្ឋាននោះទេ។
លោកបានមានប្រសាសន៍ទៀតថា “ក្នុងករណីធំៗមួយចំនួន ដែលពាក់ព័ន្ធនឹងសន្តិសុខជាតិនោះ មន្ត្រីក្រសួងមហាផ្ទៃរបស់យើង មានសិទិ្ធបង្ក្រាប”។
លោក កែប ជុតិមា បានមានប្រសាសន៍ថា “ ពេលខ្លះ ភ្នាក់ងារ FBI ធ្វើប្រតិបត្តិការបង្ក្រាបនៅក្នុងរដ្ឋមួយរបស់អាមេរិក ហើយពួកគេមិនចាំបាច់ជូនដំណឹងដល់នគរបាលរដ្ឋនោះអំពីផែនការរបស់ខ្លួនឡើយ”។លោកបានមានប្រសាសន៍បន្ថែមថា ជានិច្ចកាល ក្រសួងមហាផ្ទៃ ធ្វើតាមនីតិវិធីដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាឲ្យនគរបាលឆ្មក់ចូលកន្លែងណាមួយ។
លោក កែប ជុតិមា បានលើកឡើងបែបនេះប៉ុន្មានថ្ងៃ បន្ទាប់ពីក្រសួងមហាផ្ទៃឆ្មក់ចូលផ្ទះមួយចំនួននៅរាជធានីភ្នំពេញ ដើម្បីចាប់ខ្លួនជនជាតិចិន និងចិនតៃវ៉ាន់បាន៨០នាក់ ដែលសង្ស័យថា មានជាប់ពាក់ព័ន្ធនៅក្នុងក្រុមជំរិតទារប្រាក់តាមរយៈប្រព័ន្ធទូរគមនាគមន៍មួយ។
លោក ចាន់ សំអាន អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលើកឡើងរបស់លោក កែប ជុតិមា ទេ ហើយបានបង្វែរសំណួរទាំងនេះទៅលោក កែប ជុតិមា ដែលមិនអាចទាក់ទងបាន។លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ បានមានប្រសាសន៍ថា លោកមិនយល់ថាហេតុអ្វី លោក កែប ជុតិមា ធ្វើការរិះគន់កងកម្លាំងនគរបាលរបស់ក្រសួងមហាផ្ទៃ ពីព្រោះតាមការពិតនគរបាលជាតិ បានជូនដំណឹងអំពីការឆ្មក់ចាប់នេះទៅសាលារាជធានីរួចហើយ។
លោកបានថ្លែងថា “ខ្ញុំគិតថា ប្រហែលជាលោក មិនបានអានរបាយការណ៍របស់មន្ត្រីលោក ពីព្រោះការធ្វើប្រតិបតិ្តការនេះយើងពិតជាបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន”។ លោកបានថ្លែងបន្តទៀតថា “ ក្រសួងមហាផ្ទៃ បានចាប់ផ្ដើមធ្វើប្រតិបតិ្តការដ៏ធំដើម្បីបង្ក្រាបបទឧក្រិដ្ឋឆ្លងដែន ហើយយើងបានចាប់ខ្លួនជនល្មើស
ជាច្រើននាក់។ ដូច្នេះ លោក កែប ជុតិមា គួរតែមានមោទនភាព ចំពោះលទ្ធផលនៃការធ្វើប្រតិបតិុ្តការទាំងនេះ”៕សុខភុំ
(រាយការណ៍បន្ថែម ដោយ Colin Meyn)