អ្នកភូមិសហគមន៍បឹងកក់ជាង១០០នាក់បានធ្វើការតវ៉ាពីរកន្លែងដំណាលគ្នាកាលពីម្សិលមិញគឺនៅខាងក្រៅការិ យាល័យធនាគារពិភពលោក និងនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ទាមទារឲ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិដីឲ្យអ្នកភូមិបឹងកក់ និងដោះលែងសហការីដែលកំពុងជាប់ពន្ធនាគារ របស់ខ្លួន គឺអ្នកស្រី យ៉ម បុប្ឆា ។

ពេលនាំគ្នាតវ៉ានៅខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញ អ្នកស្រី ង៉ែត ឃុន អាយុ៧២ឆ្នាំ (ឆ្វេង) និងបុរសម្នាក់ទៀតមកពីសហគមន៍បឹងកក់ សម្លឹងមើលខែលរបស់នគរបាលបង្ក្រាបកុបកម្ម ដោយសង្ស័យថា មានបំពាក់ឧបករណ៍សម្រាប់ឆក់។
ប៉ុន្តែខណៈដែលការតវ៉ាមួយមានភាពស្ងប់ស្ងាត់នោះ មានការប្រវាយប្រតប់គ្នាមួយប្រា៉វនៅខាងក្រៅទីស្តីការគណៈរដ្ឋមន្ត្រី ពេលដែលនគរបាលស្វាគមន៍បាតុករប្រហែល៥០នាក់ដោយខែលឆក់ នៅពេលពួកគេព្យាយាមដើរក្បួន ឆ្ពោះទៅអគាររដ្ឋាភិបាលនេះ។
ខែលទាំងនេះដូចគ្នានឹងខែលដែលគេប្រើកាលពីខែមុនប្រឆាំងនឹងអ្នកតវ៉ា រាប់ទាំងស្ត្រីចំណាស់ម្នាក់ផងដែរ ហើយខែលនេះដូចគ្នាបេះបិទនឹងខែលឆក់ផលិតដោយក្រុមហ៊ុន Sang Min International Co.Ltd. មានមូលដ្ឋាននៅតៃវ៉ាន់។
កាលពីខែមុន ក្រសួងមហាផ្ទៃបានបដិសេធដាច់អហង្ការថាមិនបានប្រើខែលឆក់នេះប្រឆាំងនឹងអ្នកតវ៉ាទេ។ នៅពេលសួរកាលពីម្សិលមិញថា តើនគរបាលបានប្រើខែលនេះឬអត់នោះ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិគ្រាន់តែលើកឡើងថា “ ខ្ញុំមិនដឹងអំពីរឿងនោះទេ”។
ពីរម៉ោងក្រោយមក នៅម៉ោងប្រហែល១០និង៣០នាទីព្រឹក លោក ប៉ាល់ ច័ន្ទតារា មេធាវីរបស់រដ្ឋាភិបាល បានថ្លែងទៅកាន់ក្រុមអ្នកតវ៉ាដែលប្រមូលផ្តុំគ្នានៅខាងជើងផ្លូវទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី និងបានប្រមូលញត្តិរបស់ពួកគាត់។ លោកបន្តថា “ខ្ញុំនឹងនាំយកញត្តិនេះទៅជូនថ្នាក់លើ”។
នៅក្រៅការិយាល័យធនាគារពិភពលោកនៅតាមមហាវិថីព្រះនរោត្តមនៅវេលាម៉ោងប្រហែល៨និង៣០នាទីព្រឹក អ្នកតវ៉ាជាង៦០នាក់ និងមន្ត្រីនគរបាលជាច្រើននាក់បានប្រមូលផ្តុំដោយសន្តិវិធីអស់រយៈពេលប្រហែល៣០នាទី រហូតដល់តំណាងធនាគារអនុញ្ញាតឲ្យបាតុករចំនួនប្រាំនាក់ចូលជួប។
អ្នកតវ៉ាឈ្មោះ ទេព វន្នី បានមានប្រសាសន៍ថា “យើងបានជួបជាមួយអនុប្រធានធនាគារពិភពលោកថ្ងៃនេះ ហើយគាត់បានទទួលឯកសាររបស់យើង ហើយគាត់បានសន្យាថា នឹងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីរកដំណោះស្រាយឲ្យពួកយើងទាំងអស់គ្នា”៕ប៊ុននី